ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រមុខ​រាជរដ្ឋាភិបាល​ចង់​ឲ្យ​តុលា​ការធ្វើ​សេចក្តីសម្រេច​លើ​សហជីព​ដែល​រង​បណ្ដឹង​ឲ្យ​ចប់​ស្ថាពរ​

តាកែវ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ធ្វើ​ការងារ​ជាមួយ​ស្ថាប័ន​តុលាការ​ពាក់ព័ន្ធ​ទៅនឹង​សហជីព​មួយចំនួន​ដែល​កំពុងមាន​ពាក្យបណ្តឹង​នៅ​តុលាការ​។ ដោយ​សម្តេច​បានលើកឡើង​ថា​៖​បើ​តុលាការ​មាន​ចំណាត់ការ​គួរតែ​ចាត់ការ​ភ្លាម​ទៅ​បើ​គ្មាន​ចំណាត់ការ​ទេ​គួរតែ​តម្កល់ទុក​មិន​ចាត់ការ​ទៅ ដើម្បី​ឲ្យ​សហជីព​ធ្វើការ​ដោយ​ពេញលេញ​។

នា​ជំនួប​ជាមួយ​កម្មករ​-​កម្មការិនី ប្រមាណ​ជាង ២៣.០០០ នាក់​នៅ​ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃទី​៧ ខែ វិច្ឆិកា​សម្តេច ហ៊ុន សែន បាន​ជំរុញ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើ​ការងារ​ជាមួយ​ស្ថាប័ន​តុលាការ​ដោយ​សម្តេច​ចង់​ឲ្យ​តុលា​ការធ្វើ​សេចក្តីសម្រេច​លើ​សហជីព​ដែល​រង​បណ្ដឹង​ឲ្យ​ចប់​ស្ថាពរ​ដើម្បី​ឲ្យ​ពួកគេ​បំពេញការងារ​ឲ្យ​បាន​ពេញ​សមត្ថភាព​ពោលគឺ​កុំ​ឲ្យ​សហជីព​ទាំងនោះ​ធ្វើការ​ក្រោម​គំនាប​នៃ​ពាក្យបណ្ដឹង​។​ ​

សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា​៖«​ខ្ញុំ​សុំ​ស្នើ​ឲ្យ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ពិនិត្យមើល​ដោយ​ខ្ញុំ​បានទទួល​ព័ត៌មាន​មក​ថា​ប្រធាន​សហជីព​មួយចំនួន​ត្រូវ​ជាប់​ពាក្យបណ្តឹង​នៅ​តុលា ការដែល​ពួកគេ​គិតថា​រឿង​ជាប់​បណ្តឹង​នៅ​តុលាការ​គេ​ធ្វើការ​ក្រោម​គំនាប​មួយ​នៃ​ផ្លូវច្បាប់​បើសិន​ដូច្នេះ​មែន​គួរតែ​ត្រូវ​សម្របសម្រួល ។ បើ​ថា​កាត់ៗ​ឲ្យ​វា​ស្រូត បើ​គ្មាន​ចំណាត់ការ​ទេ​គួរតែ​តម្កល់ទុក​មិន​ចាត់ការ​ទៅ​។​រឿង​ណា​ដែល​គួរ​ចាត់ការ​ឲ្យ​ចាត់ការ​ឲ្យ​ចប់​ទៅហើយ​រឿង​ណា​មិន​ចាត់ការ​អាច​លើកលែង​ចោទប្រកាន់ ឬ​គេ​ហៅថា​កម្ក​ល់​ទុក​មិន​ចាត់ការ​អ៊ីចឹង​ទេ​ឲ្យ​វា​ចប់​រឿង​ទៅ​ដើម្បី​ឲ្យ​សហជីព​ទាំងនោះ​កុំ​ឲ្យ​មាន​អារម្មណ៍​ថា ធ្វើការ​សព្វថ្ងៃ​ដូចជា​ចំណាប់ខ្មាំង បើ​អញ​ធ្វើ​អ្វី​មិន​ស្រួល​គេ​យក​អញ​កាត់ទោស​អា​នឹង​ក៏​មិន​ស្រួល​ដែរ​អារម្មណ៍​គេ​អារម្មណ៍​យើង​»​។​ ​ ​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​សង្ឃឹមថា​នេះ​គឺជា​ការបើក​លំហ​សេរីភាព​របស់​សហជីព​មួយ​ដែរ ក្នុងចំណោម​បញ្ហា​ដែល​វា​កើតមានឡើង​នៅ​កម្ពុជា ។ សម្តេច​ក៏បាន​លើកឡើង​ថា​ពេលនេះ​សហជីព​នីមួយៗ​បាន​ចេះ​គ្រប់ និង​សាមគ្គី​ជាមួយ​កម្មករ​ហើយ​សហ​ជីព​ចេញ​ចរចា​ជាមួយ​ថៅកែ​រោងចក្រ​ផងដែរ ។ ដូច្នេះ​យក​ការស្រុះស្រួល​និង​យោគយល់​គ្នា​ជាការ​សំខាន់​។ យ៉ាងណាក្តី​សម្តេច​តេ​ជោ​បាន​ដាស់តឿន​ដល់​មេ​សហជីព​ទាំងអស់​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​ជាដាច់ខាត ។ ព្រោះថា កុំ​អាង​ថា ខ្លួន​ជា​អង្គការក្រៅរដ្ឋាភិបាល​ទៅ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ហើយ​ចោទថា គេ​កៀបសង្កត់​។ សម្តេច​ក៏បាន​លើកឡើង​ថា​៖«​កាលពីមុន​តាម​ខ្ញុំ​ដឹង​លោក មឿ​ន តុលា អញ្ចឹង​ត្រូវបាន​តុលាការ​លើកលែង​ការចោទប្រកាន់​ភ្លាម​ឃើញ​គេ​ស្វាគមន៍ ។​បើ​អី​ញ្ចឹ​ង​ខ្ញុំ​នឹកឃើញ​ដល់​មេ​សហជីព​ដែល​ជាប់​បណ្តឹង​ដូចជា លោក​អាត់ ធន់ លោកស្រី យ៉ាង សុភ​ណ្ឌ អា​ឡូ​វ​ពិនិត្យមើល​អាណា​ត្រូវ​កាត់​ឲ្យ​ស្រួច​ទៅ​។ អាណា​មិនត្រូវ​កាត់ ឬក៏​លើកលែង​ការចោទប្រកាន់ៗ​ក៏​តម្កល់​មិន​ចាត់ការ អី​ញ្ចឹ​ង​ទេ​ក្រសួង​ទាំងពីរ​នឹង​ធ្វើការ​ជាមួយគ្នា​តែម្តងទៅ​»​។

សម្តេច​បានលើកឡើង​ទៀតថា «​នេះ​ជា​លំហ​សេរីភាព​របស់​កម្មករ លំហ​សេរីភាព​របស់​សហជីព​។ សហជីព​ខ្លះ​គេ​ដឹកនាំ​សកម្មករ​សប្បាយ​តាម​រោងចក្រ​នៅ​ថ្ងៃទី​១ ខែឧសភា រហូតដល់​នាំ​កម្មករ​ទៅ​កម្សាន្ត​នៅ​កន្លែង​នេះ​កន្លែង​នោះ ប៉ុន្តែ​ក៏មាន​សហជីព​ខ្លះ​ប្រ​មួល​ផ្តុំ​កម្មករ​បន្តិចបន្តួច​ហែ​ទៅ​ដា​ក់ញា​ត្តិ​នៅ​កន្លែង​នេះ​កន្លែង​នោះ នេះ​ជា​សេរីភាព​មួយបែប​នៅ​កម្ពុជា​»៕