ព័ត៍មានទាន់​ហេតុការណ៏
Search

AFF Suzuki Cup ៖ ​ ​គ្រូ​កម្ពុជា និង​គ្រូ​ម៉ាឡេស៊ី លើកឡើង​ផ្សេងគ្នា​មុន​ប្រកួត​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​មកដល់

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ទទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ដែលជា​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ជម្រើសជាតិ​កម្ពុជា ក្នុង​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 វគ្គ​ជម្រុះ​ពូ​ល A ដែល​នឹង​ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​នេះ​។​

លោក Félix Agustín González Dalmás ដែល​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បានបង្ហាញ​ទស្សនៈ​មុន​ការប្រកួត​មកដល់​ថា​៖«​យើង​សប្បាយចិត្ត​ចំពោះ​ការប្រកួត​នេះ ហើយ​យើង​បាន​ត្រៀមខ្លួន​រួចរាល់ និង​ខ្លាំងក្លា​ជាង​មុន ក្នុងការ​ហ្វឹកហាត់​កន្ល​ង​មក​។ ដូចនេះ​ការប្រកួត​ថ្ងៃនេះ​គឺ​ពិតជា​ល្អមើល​»​។ គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន រូបនេះ​បញ្ជាក់ថា​អ្នកចាត់ការ​ក្រុម​Keisuke Honda នឹង​មិនមាន​វត្តមាន​ក្នុងការ​ប្រកួត​នេះនោះ​ទេ ព្រោះ​មាន​ភារកិច្ច​រវល់​ផ្ទាល់ខ្លួន តែ​ថា លោក​បាន​ទាក់ទង​ជាមួយនឹង​ក្រុមការងារ និង​កីឡាករ​ជាប់​ជានិច្ច​។ លោក Felix ទទួលស្គាល់ថា វត្តមាន​របស់ Honda ក៏មាន​សារៈសំខាន់​ដល់​ក្រុម តែ​ថា​មិនមាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ទេ​។​

ចំណែក​លោក Tan Cheng Hoe ដែលជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​វិញ ក៏បាន​លើកឡើង​ផងដែរ​ថា​ ៖​ «​ខ្ញុំ​សប្បាយរីករាយ​ចំពោះ​ការប្រកួត​នេះ ព្រោះ​វា​គឺជា​ការដឹកនាំ​របស់ខ្ញុំ​លើកដំបូង​ក្នុង​ពានរង្វាន់ AFF Suzuki Cup​។ ដូចនេះ​ក្រុម​របស់ខ្ញុំ នឹង​ត្រៀមខ្លួន​សម្រាប់​ប្រកួត​ឱ្យបាន​ល្អ ព្រោះ​វា​នឹងមិន​ងាយស្រួល​នោះទេ​»​។​

ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ភ្ញៀវ​ម៉ាឡេស៊ី នៅវេលា​ម៉ោង​៦:៣០​នាទី​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។ ប្រកួត​នេះ​មាន​ផ្សាយ​ផ្ទាល់​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍ BTV News ផងដែរ។ ចំណែក​សំបុត្រ​សម្រាប់​ទស្ស​និជ​ន​ចង់​ចូលរួម​ទស្សនា​ផ្ទាល់​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដាក់លក់​តាំងពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៨ មកម្ល៉េះ​គឺ​ចាប់ពី​ម៉ោង ៩:០០​ព្រឹក ដល់​ម៉ោង ៦:០០​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​សំបុត្រ​មានតម្លៃ​១២,០០០៛​សម្រាប់​ប្រភេទ​ទី​១​និង​តម្លៃ​៦,០០០៛ សម្រាប់​ប្រភេទ​ទី​២​។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ក្នុង​ម៉ោង​ធ្វើការ​ទៅ​លេខ​០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០​។​

​បើ​និយាយ​ពី​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​ នឹងធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨៕