ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប ប្រកាស​ធ្វើតេស្ត​ជ្រើសរើស​កីឡាករ​នៅ​ចុងខែ​វិច្ឆិកា នេះ​ត្រៀម​រដូវ​កាល​ថ្មី

ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បានចេញ​សេចក្ដីជូនដំណឹង នៅ​ដើម​សប្ដាហ៍​នេះ​ថា​ក្លិប នឹង​បើក​កម្មវិធី​ធ្វើតេស្ដ​សមត្ថភាព​កីឡាករ​ត្រៀម​រដូវ​កាល​ថ្មី​២០១៩ នៅ​ថ្ងៃ​សៅរ៍ ទី​២៤ និង​ថ្ងៃអាទិត្យ ទី​២៥ ខែវិច្ឆិកា ខាងមុខ នៅ​ទីលាន​វិទ្យាល័យ​ឥន្ទ្រ​ទេវី ក្នុង​រាជធានី​ភ្នំពេញ​។​

ខ្លឹមសារ​នៅក្នុង​លិខិត​នោះបាន​បញ្ជាក់ថា​លក្ខខណ្ឌ​ជ្រើសរើស​នៃ​ការជ្រើសរើស​គឺ​បេក្ខជន​ត្រូវមាន​អាយុ​ពី​ចន្លោះ​១៨​ដល់​២៥​ឆ្នាំ ហើយ​មាន​អាទិភាព​កីឡាករ​ពាក់កណ្ដាល​អាជីព ឬ​អាជីព​ពេញលេញ​។ សម្រាប់​យុវជន​ដែល​ប្រកួត​ពាន​ពាក់កណ្ដាល​អាជីព​ត្រូវមាន​បទពិសោធ​យ៉ាងហោច​២​ឆ្នាំ​។ ត្រូវមាន​វិន័យ មាន​សីលធម៌​ល្អ ចេះ​ទទួលខុសត្រូវ និង​មាន​មធ្យោបាយ​ធ្វើដំណើរ​ដោយ​ខ្លួនឯង​។ បេក្ខជន​ត្រូវ​ភ្ជាប់​ជាមួយ​សំបុត្រកំណើត ឬ​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​។ បេក្ខជន​ត្រូវមាន​សម្ភារៈ​កីឡា​ផ្ទាល់ខ្លួន​គ្រប់គ្រាន់​សម្រាប់ធ្វើ​តេស្ដ​ស​ម​ត្ថ​ភាព​។

ការធ្វើ​តេស្ត​គឺធ្វើឡើង​នៅ​វិទ្យាល័យ​ឥន្ទ្រ​ទេវី មាន​ទីតាំងនៅ​ផ្លូវ​៥៩២ កែង​ផ្លូវ​៣១៧ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ថ្ងៃ​សៅរ៍ ២៤ វិច្ឆិកា គឺ​ចាប់ពី​វេលា​ម៉ោង​២៖៣០​នាទី​រសៀល ដល់​ម៉ោង​៥៖០០​ល្ងាច ហើយ​នៅ​ថ្ងៃអាទិត្យ ២៥ វិច្ឆិកា វេលា​ម៉ោង​៨​ដល់​ម៉ោង​១០​ព្រឹក និង​២៖៣០​នាទី​រសៀល ដល់​ម៉ោង​៥​ល្ងាច​។

យុវជន​ដែលជា​ប់​ឈ្មោះ​នឹង​ទទួល​អត្ថប្រយោជន៍​មួយចំនួន​ដូចជា នឹង​ក្លាយជា​កីឡាករ​របស់​ក្លិប​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត មិនតែប៉ុណ្ណោះ នឹង​ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ (​រៀន​មិន​បង់ថ្លៃ​) ពី​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប និង​ប្រាក់ឧបត្ថម្ភ​១៥០​ដុល្លារ​អាមេរិក​ឡើងទៅ​។ សម្រាប់​ព័ត៌មាន​លម្អិត​អាចទាក់ទង​តាម​លេខ​ទូរ​សព្ទ ៖016979529, 011762007, 086681868, 093569754​។

បើ​និយាយ​ពី​លទ្ធផល​ក្នុង​ពានរង្វាន់​លី​គ​កំពូល​របស់​កម្ពុជា ក្រុម​អាស៊ី​អឺរ៉ុប បានបញ្ចប់​រដូវ​កាល​របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្រុម គឺជា​លទ្ធផល​ដ៏​ល្អ​របស់​ក្លិប​តាំងពី​បង្កើត​មក​។ តាមរយៈ​កម្មវិធី​ប្រកួត​សន្សំ​ពិន្ទុ​២២​ប្រកួត​ក្រុម​អាស៊ី​អឺរ៉ុប បាន​យកឈ្នះ​គូប្រកួត​បាន​៨​លើក ហើយ​ស្មើគ្នា​បាន​៦​លើក​និង​ចាញ់​៨​លើក ប៉ុណ្ណោះ​។ បើ​និយាយ​ពី​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ថ្នាក់ជាតិ​ក្រោយ​ចាញ់​ក្រុម​ជើងឯក​ក្រសួងការពារជាតិ ដោយ​លទ្ធផល​ទាំង​២​ជើង ១០​ទល់​២៕