ព័ត៍មានទាន់​ហេតុការណ៏
Search

កូនប្រុស​លោក ប្រាក់ សុវណ្ណារ៉ា ទៅ​ចូលរួម​ជាមួយ​ក្រុម​សូល​ទី​ឡូ​អង្គរ ដើម្បី​ស្វែងរក​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​

ក្លិប​សូល​ទី​ឡូ​អង្គរ (Soltilo Angkor FC) សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បានប្រកាស​ចុះកិច្ចសន្យា​ជាមួយ​កីឡាករ ប្រាក់ សុវណ្ណ​ពិសិដ្ឋ ដែលជា​កូនប្រុស​បង្កើត​របស់លោក ប្រាក់ សុវណ្ណារ៉ា ដែលជា​បុគ្គល​ម្នាក់​មានឈ្មោះ​បោះ​សំឡេង​ក្នុង​ពិភព​បាល់ទាត់​របស់​ក​ម្ពុ​ជា​។

កីឡាករ ប្រាក់ សុវណ្ណ​ពិសិដ្ឋ បាន​បញ្ជាក់ថា ហេតុផល​ដែល​គេ​សម្រេចចិត្ត​ចាក​ចេញពី​ព្រះខ័ន​រាជ​ស្វាយរៀង​ទៅ​ចូលរួម​ជាមួយ​សូល​ទី​ឡូ​អង្គរ ព្រោះ​ចង់​មានឱកាស​លេង​ទៀងទាត់ ដើម្បី​កៅអី​ជម្រើសជាតិ​កម្ពុជា ឆ្ពោះទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​។ កីឡាករ​រូបនេះ​ទទួលស្គាល់​ពិបាក​ប្រជែង​យក​កៅអី​ជម្រើស​១១​នាក់​ដំបូង​នៅ​ព្រះខ័ន​រាជ​ស្វាយរៀង ព្រោះ​មាន​កីឡាករ​ល្អៗ​នៅ​តំបន់​ការពារ​ខាងស្ដាំ ច្រើន​ទៀត ជាហេតុ​រារាំង​ក្ដី​ស្រមៃ​ទៅ​ស៊ី​ហ្គេម​របស់ខ្លួន​។​

​កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា​៖«​និយាយ​ឲ្យ​ចំ​ទៅ ខ្ញុំ​មក​ទីនេះ​ដើម្បី​បាន​លេង ហើយ​គោលដៅ​គឺ​ស៊ី​ហ្គេម​ឆ្នាំ​ក្រោយនេះ​តែម្ដង ព្រោះ​បើ​យើង​បាន​លេង គឺ​ឱកាស​ជាប់​ស៊ី​ហ្គេម ក៏​ខ្ពស់​ដែរ​។ យើង​ង​ដឹង​ស្រាប់​ហើយ​នៅ​ក្លិប​ចាស់ មាន​កីឡាករ​ផ្សេងៗ​ទៀត​នៅ​តំបន់​របស់ខ្ញុំ​»​។ ប្រាក់ សុវណ្ណ​ពិសិដ្ឋ បាន​ក្លាយជា​សមាជិក​ថ្នាល​យុវជន​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ឆ្នាំ​២០១០ និង​ត្រូវ​ដំឡើង​ចូល​ក្រុម​ធំ​នៅ​ឆ្នាំ​២០១៥​។ នៅ​ឆ្នាំ​២០១៨​នេះ គេ​ក៏​ជាប់​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំទៅ​ចូលរួម​ការប្រកួត​ពាន​រង្វាន់​ព្រះមហាក្សត្រ​ប្រ៊ុយណេ កាល​ខែមេសា ផងដែរ​។

​សូមបញ្ជាក់ថា​ក្រុម​សូល​ទី​ឡូ​អង្គរ ក្រោម​ការដឹកនាំ​របស់​លោក Yuki Matsuda បាន​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០១៨​នេះ ក្រោយ​រកបាន​ជ័យជម្នះ​ចំនួន​៥ លើក ហើយ​ធ្លាប់​ស្មើ​៥ លើក​និង​ចាញ់​១២ លើក​មាន​២០​ពិន្ទុ ដែល​អាច​បន្ត​ក្នុង​លី​គ​កំពូល​រដូវ​កាល​បន្ទាប់​ទៀត​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន វិញ​ក្រុម​សូល​ទី​ឡូ​អង្គរ បាន​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​គូប្រជែង​ក្នុង​ខេត្ត​តែមួយ​គឺ​អង្គ​រថា​យ​ហ្គឺ​រ ដោយ​លទ្ធផល​ទាំង​២​ជើង​៣​ទល់​២៕