ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​យន្ត មីន ដាក់​បទបញ្ជា​​ឲ្យ​មន្ត្រី​អង្គភាព​ពាក់ព័ន្ធ​ចុះ​ធ្វើការ​បង្ក្រាប​ជាបន្ទាន់ បទល្មើស នេសាទ​កូន​គ្រែង​ឈាម​ខុសច្បាប់​នៅ​តំបន់​កោះ​ខ្យង

ព្រះសីហនុ ​៖​ លោក​យន្ត មីន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​នា​រសៀល​ថ្ងៃ​ទី​៧ ខែ​​វិច្ឆិកា​ឆ្នាំ​២០១៨​នេះ ​បាន​មាន​ប្រតិកម្ម យ៉ាង​ខ្លាំងក្លា ក្រោយ​ទទួល​បាន​នៅ​ព័ត៌មាន​ ពាក់ព័ន្ធ ភាព​អនាធិបតេយ្យ នៃ​ការ​ឃុបឃិត​គ្នា នេសាទ កូន​គ្រែង​ឈាម​តូចៗ ដោយ​ខុស​ច្បាប់ នៅ​តំបន់​កោះ ខ្យង ស្ថិត​ក្នុង​ឃុំ​អូរជ្រៅ​ស្រុក​ព្រៃនប់ ដោយ លោក បាន​ចេញ​បញ្ជា​ភ្លាមៗ ទៅដល់ មន្ត្រី ជំនាញ​ពាក់ព័ន្ធ ជាពិសេស មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខា ប្រមាញ់ ​និង​នេសាទ​ខេត្ត​ព្រះសីហនុ​ឲ្យ​ចាត់វិធានការ​បន្ទាន់​ដើម្បី​ទប់ស្កាត់​និង​ធ្វើការ​បង្ក្រាប ទៅលើ​ឈ្មួញ​ដែល​ជួញដូរ​កូនគ្រែង​ឈាម​យក​ទៅ​លក់​អោយ​ឈ្មួញ​នៅ​ប្រទេស​វៀតណាម។

ជាមួយ​គ្នា​នេះ លោក អភិបាលខេត្ត​ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ ទាំង​អស់​នៅ​មូលដ្ឋាន​ ក៏​ត្រូវ​ចូលរួម​បង្ក្រាប​ដែរ ក្នុងករណី​ជួប​ការ​ដឹកជញ្ជូន​កូន​គ្រែង​ឈាម យកទៅលក់​នៅ​ប្រទេស​វៀតណាម គឺ​ធ្វើ​យ៉ាងណា លុបបំបាត់​ឲ្យ​បាន​ទាំងស្រុង​នូវ ជំនួញ​ជួញដូរ ក៏​ដូច​ការ​នេសាទ កូន​គ្រែង ខុសច្បាប់​បែបនេះ​តទៅទៀត។

ក្រោយពី​មាន​ប្រតិកម្ម​ ពី​សំណាក់ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត ព្រះសីហនុ រួចមក នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ គេ​សង្កេតឃើញ លោក​ឯម ភា នាយ​ខណ្ឌ​រដ្ឋបាល ជលផល​កំពង់សោម បាន​ដឹកនាំ ក្រុម​មន្ត្រី​របស់​ខ្លួន​​​ចុះ​ធ្វើការ បង្ក្រាប ក្រុម​អ្នក​នេសាទ​កូន​គ្រែ​ឈាម​ផង​ដែរ និង​បាន​ដកហូត កូន​គ្រែង​ឈាម​បាន មួយ​ចំនួន នាំ​យក​ទៅ​ប្រលែង ក្នុង សមុទ្រ​វិញ។ ដោយ​សកម្មភាព​ចុះ​បង្ក្រាប​របស់​លោក ឯម ភា នាពេលនេះ មើលទៅ ដូច ជា​យក​ចិត្ត​ទុកដាក់​បំផុត។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​នៅក្នុង​អំឡុង រយៈពេល ជាង​កន្លះ​ខែ​នេះ សកម្មភាព នេសាទ កូន​ក្រែង ឈាម ដោយ​ខុសច្បាប់ បានកើត ឡើង ទាំងថ្ងៃទាំងយប់ ពេញ​លើ​ផ្ទៃ​សមុទ្រ​យ៉ាង ពេញបន្ទុក ក្នុង​តំបន់ ទឹក​រាក់​ដែល​ជា​តំបន់​ហាមឃាត់ មិន​អនុញ្ញាត​ ឲ្យ​ធ្វើ​ការ​នេសាទ។ ដោយ​ ក្រុម​អ្នកនេសាទ​ល្មើសច្បាប់​ទាំងនោះ​ បាន​ប្រើប្រាស់​ ម៉​ង ស្បៃ អូស​ក្នុង​បាតសមុទ្រ​ ដើម្បី ប្រមូល​យក​កូន​គ្រែង ដែល​ទើបនឹង​កកើត មាន​ទំហំ​តូច​ៗ ប៉ុន​ៗ កន្ទុយ​ធូប​ ដោយ​ក្នុង មួយ គីឡូក្រាម មាន ចំនួន​មិន​តិច​ជាង​១៥០០​គ្រាប់ ទៅ​៥០០០​គ្រាប់​នោះ​ឡើយ។ កូន​គ្រែង ឈាម​ដែល​នេសាទ​បាន​ទាំងអស់ ត្រូវបាន នាំ​យក​ទៅ​ស្ត្រី​ម្នាក់​ ឈ្មោះ ចែ​នី ដែល​ជា​ឈ្មួញ ដ៏​ធំ ជាងគេ ប្រចាំ​តំបន់ កោះ ខ្យង​នេះ​តែម្តង ក្នុង​តម្លៃ​ក្នុង​មួយ​គីឡូ​ចាប់ពី​៣០០០០​រៀល ទៅ ៥០០០០​រៀល ​ហើយ ស្ត្រី ឈ្មោះ ចែ​នី នេះ នាំ​យក​ទៅ​លក់​បន្ត នៅ​ប្រទេស វៀតណាម ក្នុង​មួយ​គីឡូក្រាម​ ចាប់ពី​២៥​ដុល្លារ​ ទៅ​៣០​ដុល្លារ​ ប៉ុណ្ណោះ។

អ្វី​ ដែល​គួរ​ឲ្យ ​ចាប់​អារម្មណ៍​នោះ​គឺ រាល់​សកម្មភាព​នៃ​ការទិញ​លក់ ឬ​នាំ​កូន​គ្រែង​ឈាម ចេញទៅ​លក់ នៅ ប្រទេស ​វៀតណាម​របស់​ស្ត្រី​ឈ្មោះ ចែ​នី នេះ គេ​ពុំ​ដែល​ ឃើញ​មាន​សមត្ថកិច្ច​ណា​ចុះ​ធ្វើការ បង្ក្រាប ឲ្យ​បាន​ម្តង​នោះ​ទេ។ ចំណុច​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ទង្វើ​នេះ​គឺជា​ការ​ឃុបឃិត​គ្នា យ៉ាង​ពិត​ប្រាកដ ពីព្រោះ​ទីស្នាក់ការ របស់​រដ្ឋបាល​ជលផល ដែល​មាន​មន្ត្រី ប្រចាំការ ជាប់​ជាប្រចាំ នៅ​មិន​ឆ្ងាយ​ពី​ទីតាំង​ប្រមូល​ទិញ​កូន​គ្រែង របស់ ស្ត្រី ចែ​នី នោះឡើយ​។ ជាមួយនឹង ការដាក់​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ខាងលើនេះ ប្រជាពលរដ្ឋ​រស់ នៅ តំបន់ កោះ​ខ្យង​បាន​សម្តែង ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ដោយ​សង្ឃឹមថា បទបញ្ជា​​របស់ លោក យន្ត មីន នាពេលនេះ​នឹងមាន​ប្រសិទ្ធភាព ដើម្បី ទប់ស្កាត់ និង​រក្សា នូវ ធនធាន​ធម្មជាតិ ល្អ ប្រសើរ​ឡើងវិញ តែបើ​មិន​ដូច​ច្នេះ​ទេ ច្បាស់​ជា​វិនាស​ហិនហោច​អស់ហើយ៕


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114