ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ធៀង វណ្ណដារ៉ុង ចូលរួម​បិទ​វគ្គ​បណ្ដុះបណ្ដាល​ការងារ​រដ្ឋបាល និង​ការគ្រប់គ្រង​ឆ្នាំ​២០១៨

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បានរៀបចំ​បិទ​វគ្គ​បណ្ដុះបណ្ដាល​ការងារ​រដ្ឋបាល និង​ការគ្រប់គ្រង​ឆ្នាំ​២០១៨ ដែល​ពិធី​នៅ​រៀបចំឡើង​នៅ​សាល​ប្រជុំ​របស់​ក្រសួង ក្រោម​អធិបតីភាព​ លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់ ​លោកស្រី រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​មានការ​ចូលរួម​ពី​សិក្ខាកាម​យ៉ាង​ច្រើន​។​

​តាម​របាយការណ៍​អាន​ដោយ​ លោក តន សុវណ្ណ​ឧ​ត្ត​ម នាយក​ស្ដីទី​សាលា​បណ្ដុះបណ្ដាល ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​រយៈពេល​៣​ថ្ងៃ ដោយ​ចាប់​ពី​ថ្ងៃ​ទី​០៦ ដល់​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ និង​មាន​សិក្ខាកាម​សរុប​ចំនួន​១២២​នាក់ ក្នុង​នោះ​មាន​ស្ត្រី​៣៤​នាក់ មកពី​គ្រប់​នាយកដ្ឋាន និង​មន្ទីរ​វប្បធម៌ រាជធានី ខេត្ត​។

​តាម​ លោក តន សុវណ្ណ​ឧ​ត្ត​ម ក្នុង​ដំណើរការ​បណ្ដុះបណ្ដាល​នេះ គ្រូឧទ្ទេស និង​សហការី នៅ​សាលា​បណ្ដុះបណ្ដាល បាន​សហការ​គ្នា​យ៉ាង​ល្អ​ក្នុង​ការរៀបចំ​សម្ភារៈ​បច្ចេកទេស​សម្រាប់​សម្រួល​ដល់​ការសិក្សា​របស់​សិក្ខាកាម និង​ផ្ដល់​ឱកាស​ដល់​សិក្ខាកាម​បាន​បញ្ចេញ​ភាព​ក្លាហាន ឈ្លាសវៃ​ទន់​ភ្លន់​ប្រកបដោយ​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​ចោទសួរ​ដេញដោល​លោកគ្រូ​ឧទ្ទេស លើ​គ្រប់​មុខវិជ្ជា​ដែល​បាន​បង្ហាត់បង្ហាញ​យ៉ាង​ផុលផុស​។ ដូច្នេះ​ហើយ​ក្រោយ​ការ​បណ្ដុះបណ្ដាល​យើង​អាច​គណនា​សមត្ថភាព នៃ​ការយល់ដឹង​របស់​សិក្ខាកាម​ទាំងអស់​ថា មានការ​យល់ដឹង​កើន​ឡើង​គួរ​ជាទី​មោទនៈ​។​

ជាមួយគ្នា​នោះ លោក​សង្ឃឹមថា សិក្ខាកាម​ទាំងអស់​ពិតជា​ទទួល​បាន​នូវ​ចំណេះដឹង និង​ទស្សនា​ទាន​ថ្មីៗ ព្រមទាំង​បទពិសោធន៍​បន្ថែម​លើ​អ្វី​ដែល​មាន​ស្រាប់ ពាក់ព័ន្ធ​នឹង​វិស័យ​រដ្ឋបាល និង​ការងារ​គ្រប់គ្រង​។

ជាមួយគ្នា​នោះ​ លោក​បាន​ស្នើ​ដល់​សិក្ខាកាម​ទាំងអស់ ដែល​បាន​ឆ្លងកាត់​វគ្គ​បណ្ដុះបណ្ដាល​នេះ ត្រូវ​យក​ចំណេះដឹង និង​បទពិសោធន៍​ល្អ​ល្អ ដែល​ទទួល​បាន​ពី​ការ​បណ្ដុះបណ្ដាល​នេះ ទៅ​ប្រើ​ប្រាស់ ​និង​ពង្រីក​ការប្រើប្រាស់​ឲ្យ​បាន​ចំ​គោលដៅ ព្រមទាំង​បន្ត​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​នៅ​តាម​អង្គភាព​របស់​ខ្លួន​បន្ថែម​ទៀត តាម​ដែល​អាច​ធ្វើ​ទៅ​បាន សំដៅ​ពង្រឹង និង​ពង្រីក​ការ​យល់ដឹង​បន្ថែម ដើម្បី​ក្លាយ​ខ្លួន​ជា​ធនធានមនុស្ស​ដ៏​មាន​សារសំខាន់​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​។

​ទាក់ទង​បញ្ហា​នេះ លោក​ ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​មានប្រសាសន៍ថា ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​បាន​សម្ដែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ និង​អបអរ សាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សិក្ខាកាម​ទាំងអស់​ដែល​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​លើ​ការងារ​រដ្ឋបាល និង​ការគ្រប់គ្រង ប្រកបដោយ​ជោគជ័យ​នាពេលនេះ​។

លោក​បន្ត​ថា រយៈពេល​បី​ថ្ងៃ​ នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ សិក្ខាកាម​ទាំងអស់​ពិតជា​បាន​ខិតខំ​ប្រឹង​ប្រែង​ទទួល​បាន​នូវ​ចំណេះដឹង​ថ្មីៗ ល្អៗ ពី​គ្រូឧទ្ទេស ដែល​មាន​ចំណេះដឹង ជំនាញ​ និង​បទពិសោធន៍​ច្បាស់លាស់ លើ​មុខវិជ្ជា​មួយ​ចំនួន ដែល​ទាក់ទង​ទៅ​នឹង​ការងារ​រដ្ឋបាល ពីព្រោះ​មុខវិជ្ជា​ទាំងអស់​នេះ​ពិតជា​មាន​សារៈសំខាន់​ក្នុង​កិច្ច​ការងារ​ប្រចាំថ្ងៃ​របស់​យើង សំដៅ​ពង្រឹង​នូវ​គុណភាព ប្រសិទ្ធភាព នៃ​កិច្ចការ​រដ្ឋបាល ក្នុង​វិស័យ​វប្បធម៌​របស់​យើង​ឲ្យ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ ស្របតាម​របត់ និង​ស្ថានភាព​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

​តាម​ លោក ធៀង វណ្ណដារ៉ុង លទ្ធផល​ទាំងអស់នេះ គឺ​បាន​កើត​ចេញ​មកពី​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​សាស្ត្រាចារ្យ​ទាំងអស់ ដែល​បាន​ផ្ដល់​នូវ​បទពិសោធន៍ និង​ចំណេះដឹង​ទាំងឡាយ​របស់​ខ្លួន​តាមរយៈ​ការ​បកស្រាយ​ពន្យល់​ដល់​សិក្ខាកាម​ដោយ​ចេះ​ផ្ដល់​នូវ​ទ្រឹស្ដី មេរៀន​នីមួយៗ​ ផ្សារភ្ជាប់​ជាមួយ​បទពិសោធន៍​ជាក់ស្ដែង​ល្អៗ​ ដែល​ជួយ​ធ្វើ​ឲ្យ​សិក្ខាកាម​ទាំងអស់គ្នា​យល់​ឆាប់​ចាំ និង​អាច​យក​ទៅ​ច្នៃប្រឌិត ហើយ​អនុវត្ត​បាន​ល្អ​ស្របតាម​ស្ថានភាព​ជាក់ស្ដែង​ក្នុង​សង្គម​នាពេល​បច្ចុប្បន្ន​។

​ជាមួយគ្នា​នោះ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក​សម្ដែង​ការ​ជឿជាក់​ថា សិក្ខាកាម​ទាំងអស់ នឹង​យក​ចំណេះដឹង និង​បទពិសោធន៍ ដែល​បាន​សិក្សា​នៅទីនេះ​ទៅ​អនុវត្ត​ការងារ​របស់​ខ្លួន ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព ហើយ​លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​និង​សាស្ត្រាចារ្យ​ទាំងអស់ ដែល​បាន​ឆ្លៀតឱកាស​ដ៏​មមាញឹក​ចូលរួម​សហការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស​កសាង​សមត្ថភាព​មន្ត្រីរាជការ ដែល​ជា​និច្ចកាល​ត្រូវ​ពង្រឹង​នូវ​ចំណេះដឹង​ថ្មី​បន្ថែម ដើម្បី​ឲ្យ​ទាន់​តាម​រក​បទ​នឹង​ការវិវត្តន៍​តាម​សម័យកាល​របស់​សង្គម​៕