ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉េតង់​កម្ពុជា ​ត្រៀម​ចេញ​ប្រកួត​ជើងឯក​អាស៊ី​លើក​ទី​១ ​នៅ​ប្រទេស​ឥណ្ឌា​

ប៉េតង់ ៖ សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា ត្រៀម​នឹង​បញ្ចូល​ក្រុម​កីឡាករ​-​កីឡា​ការិនី​ចំនួន​៤​នាក់ និង​គ្រូ​បង្វឹក​២​នាក់ និង​គណៈប្រតិភូ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើង​ឯក​អាស៊ី​លើក​ទី​១ ឆ្នាំ​២០១៨ “the 1st ABSC Petanque Championship” ផ្នែក​បុរស និង​នារី នៅ​ប្រទេស​ឥណ្ឌា​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៥ ​រហូតដល់​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។​
​ ​
លោក អ៊ឹម ផាត គ្រូបង្វឹក​ក្រុម​បុរស​បាន​មាន​ប្រសាសន៍​ថា ការប្រកួត​ជើងឯក​អាស៊ី​លើក​នេះ​ខាង​សហព័ន្ធ កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា​ត្រៀម​នឹង​បញ្ចូល​ក្រុម​កីឡាករ​-​កីឡា​ការិនី​ចំនួន​៤​នាក់ រួមមាន​កីឡាករ សុខ ចាន់​មាន កីឡាករ តឹ​ប ន​រ៉ា កីឡា​ការិនី កែ ឡេង និង​កីឡា​ការិនី អ៊ុក ស្រីមុំ​។​

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា សម្រាប់​វិញ្ញាសា​ប្រកួត​ចែកចេញជា​៥​វិញ្ញាសា គឺ​វាយ​១​នាក់ ​ទល់​១​នាក់ បុរស​-​នារី វាយ​២​នាក់​ទល់​២​នាក់ បុរស​-​នារី និង​វាយ​ចម្រុះ​បុរស​-​នារី​។ ចំពោះ​វិញ្ញាសា​វាយ​១​នាក់​ទល់​១​នាក់ បុរស ​គឺ​កីឡាករ សុខ ចាន់​មាន វាយ​១​នាក់​ទល់​១​នាក់​នារី គឺ​កីឡា​ការិនី អ៊ុក ស្រីមុំ ។​

វិញ្ញាសា​វាយ​២​នាក់​ ទល់​២​នាក់ ​បុរស គឺ​កីឡាករ សុខ ចាន់​មាន កីឡាករ តឹ​បន​រ៉ា​ និង​វិញ្ញាសា​វាយ​២​នាក់​ទល់​២​នាក់ គឺ​កីឡា​ការិនី កែ ឡេង និង​កីឡា​ការិនី អ៊ុក ស្រីមុំ​ ដោយឡែក​ វិញ្ញាសា​វាយ​ចម្រុះ​បុរស​-​នារី គឺ​កីឡា​ការិនី កែ ឡេង និង កីឡាករ តឹ​ប ន​រ៉ា ដោយ​ការដឹកនាំ​ដោយ​លោក អ៊ិន គឹម​ស្រ៊ុន ប្រធាន​ប្រតិភូ​៕​