ព័ត៍មានទាន់​ហេតុការណ៏
Search

សរ រាជសីហ៍ អាច​យកឈ្នះ​អ៊ីរ៉ង់ ​Hosein បាន​ឬ​អត់​?

ធឿន ធី ជម្រះ​បញ្ជី​ជាមួយ ហេង វាសនា​
ប្រដាល់ ៖ សរ រាជសីហ៍ អ្នក​ប្រដាល់​ក្លិប​មោងឬស្សី​មរតក​គុន​ខ្មែរ​ខេត្ត​បាត់ដំបង ត្រូវ​គេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ Hosein Nasiri នៅលើ​សង្វៀន​Boostrong On Fire របស់ SEATV នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​១១ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​នេះ។​

រាជសីហ៍ អ្នក​ប្រដាល់​ជើងចាស់​របស់​កម្ពុជា និង​អ្នក​ប្រដាល់​អ៊ីរ៉ង់ Hosein Nasiri ពួកគេ​ទាំងពីរ​ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៧៥​គីឡូក្រាម។ ពីរ​នាក់​នេះ មិនដែល​ប៉ះគ្នា​ទេ​ពីមុនមក​។​

ជា​លើក​ទី​៤​ហើយ​នៅ​ឆ្នាំ​២០១៨​នេះ ដែល​ សរ រាជសីហ៍ ​ត្រូវគេ​ផ្ដល់​ឱកាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​នេះ។

Hosein Nasiri គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​លើក​ហើយ ដែល​ការ​មក​លើកចុងក្រោយ​(១៥​កញ្ញា​២០១៨) គេ​បាន​ផ្ដួល​យកឈ្នះ​យុគ យក្ស​គី​ល អ្នក​ប្រដាល់​ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ ក្នុង​ទឹក​ទី​២។ ​អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ដោយ​គេ​ចេះ​ទាំង​ស្នៀត​ជង្គង់ កែង​ស្ទាត់​ថែមទៀត។​

សរ រាជសីហ៍ ជា​អ្នក​ប្រដាល់​ជើងចាស់​ធ្លាប់​ហែល​ឆ្លងកាត់​ប្រកួត​ជាមួយ​បរទេស ពិសេស​ជាមួយ​ថៃ ច្រើន​លើក​ណាស់​មកហើយ កាលពី​គេ​នៅ​មាន​ឈ្មោះ​បោះ​សំឡេង ហើយ​ពេលនេះ​គេ​ក៏​នៅតែ​ល្អ​និង​ខ្លាំង​ដដែល។

យ៉ាងណា ប៉ះ​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ Hosein Nasiri ដែល​ទើប​ប្រកួត​បាន​៣៨​លើក ឈ្នះ​២៧​លើក ចាញ់​១១​លើក ប្រហែលជា​មិន​ពិបាក​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​លើក​នេះ ​សរ រាជសីហ៍ ប្រហែលជា​ប្រឈម​ការ​លំបាក​រឿង​ចាញ់​កម្លាំង​ស៊ុ​ហ្វ ព្រោះ​អ្នក​ប្រដាល់​អ៊ីរ៉ង់​នេះ គេ​មាន​កម្លាំង​កាយសម្បទា​រឹងមាំ ខ្លាំង​ជាង។ ប៉ុន្តែ​បញ្ហា​កម្ពស់ ​គឺ​មិន​ចោទ​ទេ ដោយ​ពួកគេ​ទាំងពីរ​មាន​កម្ពស់​ស្មើគ្នា គឺ​១,៧៣​ម៉ែត្រ​ដូចគ្នា។

ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​សង្ឃឹម​ថា សរ រាជសីហ៍ នឹង​យកឈ្នះ​អ្នក​ប្រដាល់​អ៊ីរ៉ង់ Hosein Nasiri បាន​មិន​ខាន​។ ​សរ រាជសីហ៍ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៧​លើក ឈ្នះ​៥៥​លើក ចាញ់​១២​លើក​មិនដែល​ស្មើ។​
Hosein Nasiri​ គេ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​SEATV​នេះ​ម្តង​ពីរ​ដង​ហើយ​កន្លងមក ដែល​មក​លើក​ទី​១ គេ​ចាញ់​ ឯម ឡេង​លី អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​ក្នុង​ទឹក​ទី​១ និង លើក​ទី​២ គេ​វាយ​ឈ្នះ​យុគ យក្ស​គី​ល ក្លិប​កងចក្រ​រាជសីហ៍​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​២។

អ្នក​ប្រដាល់​អ៊ីរ៉ង់​រូបនេះ គេ​ខ្លាំង​គួរសម​ដែរ។ យ៉ាងណា ប៉ះ​ជាមួយ សរ រាជសីហ៍ Hosein Nasiri ក៏​មិន​ជា​ស្រួល​ប៉ុន្មាន​ដែរ ព្រោះថា​រាជសីហ៍ គេ​វាយ​បុក​ខ្លាំង កណ្ដាប់ដៃ​ខ្លាំង ទម្ងន់​ជើង​ក៏​ធ្ងន់​ដែរ។ តែ​យ៉ាង​ណា សរ រាជសីហ៍ ក៏ត្រូវ​ប្រយ័ត្ន​ដែរ សម្រាប់​ការប្រកួត​លើក​នេះ​។ ដូច្នេះ​ចាំ​មើល តើ​ យុគ យក្ស​គី​ល អាច​យកឈ្នះ​អ្នក​ប្រដាល់​បារាំង​Julien​ នេះ បាន​ឬ​អត់?។​

ចំពោះ ធឿន ធី អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួប​ជម្រះ​បញ្ជី​ជាមួយ​ហេង វាសនា អ្នក​ប្រដាល់​ក្លិប​ព្រៃទទឹង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង ដោយ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។

ពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​ជួបគ្នា​ម្តង​ហើយ កាលពី​ថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​វាយ​ស្មើ​ពិន្ទុ​គ្នា ។ ធឿន ធី និង ហេង វាសនា មាន​កម្លាំង​ស៊ុ​ហ្វ​ប្រហាក់ប្រហែលគ្នា ឯ​បច្ចេកទេស​ក៏​មិន​ជា​ស៊ីសង​គ្នា​ប៉ុន្មាន​ដែរ។ ធឿន ធី គេ​មាន​កណ្ដាប់ដៃ​ល្អ ស្នៀត​ជើង​ទាត់​ខ្លាំង ហើយ​ស៊ូ​ក្នុង​ការ​ប្រកួត​ថែមទៀត​។ គេ​ប្រកួត​ចុងក្រោយ វាយ​ចាញ់​ មុត ខ្លឹម​ខ្មៅ អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ដោយ​ពិន្ទុ។

ហេង វាសនា គេ​ក៏មាន​ស្នៀត​ទាត់​ល្អ​ដែរ​។​ជាមួយនេះ វាសនា នៅមាន​កណ្ដាប់ដៃ​ខ្លាំង រហ័ស​ និង​លឿន​ផងដែរ។ គេ​ប្រកួត​ចុងក្រោយ គឺ​វាយ​ឈ្នះ​អ្នក​ប្រដាល់​បារាំង​Najib​ ដោយ​ពិន្ទុ។ ចាំ​មើល តើ​ជួប​គ្នា​លើក​ទី​២​នេះ ធឿន ធី គេ​អាច​យកឈ្នះ ហេង វាសនា បាន​ឬ​អត់​?។

ចំណែក ហ៊ឹម គឹម​រៀង អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​ អេ ហនុមាន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម៕