ព័ត៍មានទាន់​ហេតុការណ៏
Search

ឡុង សំណាង ស្វាគមន៍ Loom Leng ឯ វ៉ែន សុវណ្ណ ជួប​អ៊ីរ៉ង់​Akbari Keramat

ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ស្វាគមន៍​ការ​សុំ​សងសឹក​របស់​អ្នក​ប្រដាល់​ថៃ ​Loom Leng នា​យប់​ថ្ងៃ​សៅរ៍ ទី​១០ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ នៅលើ​សង្វៀន​Ganzberg Top Fighter របស់​SEATV។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

Loom Leng ជា​អ្នក​ប្រដាល់​ជើងចាស់​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ ​ទម្ងន់​៦៣,៥០០​គ​.​ក្រ ដែល​វាយ​បាន​នៅ​ស្រុក​ខ្មែរ​ ហើយក៏​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើន​លើក​ដែរ​កន្លង​មក។ ក្នុង​នោះគេ​បាន​វាយ​ចាញ់ ​ឡុង សំណាង ដោយ​ពិន្ទុ​កាលពី​ចុងឆ្នាំ​២០១៧ ធ្វើឲ្យ​គេ​មិន​អស់​ចិត្ត ទើប​សុំ​សងសឹក​សំណាង​វិញ​នេះ។ Loom Leng នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​ស្នៀត​ទាត់​របស់គេ គឺ​ទាត់​តែ​ខាងលើ​សំដៅ​កញ្ចឹងក តែប៉ុណ្ណោះ ។

អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨២​លើក ឈ្នះ​៦៩​លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក ។ ចំណែក ឡុង សំណាង​វិញ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨១​លើក ឈ្នះ​៦៧​លើក ចាញ់​១១​លើក ​និង​ស្មើ​០៣​លើក។ ឡុង សំណាង កាលពី​ថ្ងៃ​ទី​០៨​ ខែកញ្ញា ឆ្នាំ​២០១៨​កន្លងមកនេះ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Pek Thieng ដោយ​ពិន្ទុ ធ្វើឲ្យ​គេ​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​Wurkz ទម្ងន់​៦៣,៥០០​គីឡូក្រាម។​

ទោះជា​យ៉ាងណា ឡុង សំណាង មិនអាច​មើលស្រាល Loom Leng បានទេ ព្រោះ​គេ​ក៏​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ដែរ។ តែ​យ៉ាងណា Loom Leng ក៏​មិន​ជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ ​ឡុង សំណាង ថ្វីត្បិតតែ​គេ​ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ក្ដី ក៏​វាយ​ខ្លាំង ​និង​មាន​បច្ចេកទេស​ល្អ​ក្នុង​ការ​ប្រកួត​ដែរ​។ ហើយ​មួយ​ទៀត គេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន​ថែមទៀត​។ ចាំមើល តើ Loom Leng អាច​សងសឹក​ឡុង សំណាង បានសម្រេច​ឬ​អត់​?។​

ឡុង សំណាង អ្នក​ប្រដាល់​ក្លិប​សាលវ័ន្ត​កីឡា ជួប​ប្រកួត​ជាមួយ​ថៃ​២០​លើក​កន្លងមកនេះ គេ​ទើបតែ​ស្គាល់​ពាក្យ​ថា​ចាញ់​ម្ដង​ប៉ុណ្ណោះ គឺ​ឈ្នះ​ថៃ​១៨​លើក​ និង​ស្គាល់​ស្មើ​០១​លើក។ និយាយ​រួម ឡុង សំណាង គេ​មាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​ជង្គង់​តែម្ដង ហើយ​មួយទៀត គេ​មានចិត្ត​ប្រដាល់​ធំ​ថែម​ទៀត គឺ​វាយ​មិន​ដកថយ​ឡើយ។​

ចំពោះ វ៉ែន សុវណ្ណ គេ​នឹងត្រូវ​ជួប​ប្រកួត​សាក​កណ្ដាប់ដៃ​ជាមួយ​អ្នក​ប្រដាល់​អ៊ីរ៉ង់ អេក​បា​រៀ គី​រ៉ា​ម៉េ​ត (Akbari Keramad )។ វ៉ែន សុវណ្ណ និង អេក​បា​រៀ គី​រ៉ា​ម៉េ​ត នឹង​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។​

អ្នក​ប្រដាល់​អ៊ីរ៉ង់​អេក​បា​រៀ គី​រ៉ា​ម៉េ​ត នេះ ជា​អ្នក​ប្រដាល់​ម្នាក់​ដែល​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ តែ​គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ម្ដង​ណា​នៅឡើយ​ទេ​កន្លងមក។​

មិនដឹងថា អ្នក​ប្រដាល់​អ៊ីរ៉ង់​នេះ អាច​ទប់ទល់​ជាមួយ​ វ៉ែន សុវណ្ណ ក្លិប​កងកេង​មាន​រិ​ទ្ធ​មកពី​ខេត្ត​បាត់​ដំបង បាន​ឬ​យ៉ាងណា​នោះទេ​?។

ជើង​ថ្មី​អ៊ីរ៉ង់​រូបនេះ មាន​ប្រវត្តិ​លើ​រេញ តែ​១៤​លើក​ប៉ុណ្ណោះ ក្នុង​នោះ​វាយ​ឈ្នះ​១១​លើក ចាញ់​០៣​លើក មិនដែល​ស្មើ។​

ឆ្លងកាត់​ការប្រកួត​ប៉ុន​នេះ អេក​បា​រៀ គី​រ៉ា​ម៉េ​ត ប្រហែលជា​ទប់​ជាមួយ​ វ៉ែន សុវណ្ណ មិនបាន​នោះ​ឡើយ ព្រោះ​សុវណ្ណ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់។ គេ​មាន​ស្នៀត​ប្រដាល់​ល្អ ហើយ​តិចនិក​ប្រកួត​របស់គេ ក៏​ខ្ពស់​និង​មាន​កលល្បិច​ច្រើន​ដែរ ដែល​មិន​អាច​ឲ្យ​អេក​បា​រៀ គី​រ៉ា​ម៉េ​ត យកឈ្នះ​បាន​នោះ​ឡើយ។​

តែ​យ៉ាងណា​ខ្លាច វ៉ែន សុវណ្ណ ចាញ់​កម្លាំង​របស់​អ្នក​ប្រដាល់​អ៊ីរ៉ង់​នោះ ព្រោះ​សុវណ្ណ​មាន​វ័យ​ច្រើន ហើយ​កម្លាំង​ស៊ុ​ហ្វ ក៏​មិនជា​ខ្លាំង​ និង​រឹងមាំ​ដូច​ពីមុន​នោះដែរ។ វ៉ែន សុវណ្ណ​គេ​ធ្លាប់​វាយ​ឈ្នះ​អ៊ីរ៉ង់​ដោយ​ពិន្ទុ​ម្ដង​ហើយ កាលពីពេល​កន្លងមក​ នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​នេះ គឺ​ឈ្នះ​Saben Fath។

ទោះជា​យ៉ាងណា វ៉ែន សុវណ្ណ មិនទាន់​ប្រាកដថា​ឈ្នះ អេក​បា​រៀ គី​រ៉ា​ម៉េ​ត ​នោះទេ? ត្បិត ​សុវណ្ណ អាច​ចាញ់​កម្លាំង​ស៊ុ​ហ្វ​អ្នក​ប្រដាល់​អ៊ីរ៉ង់។ ប៉ុន្តែ​រឿង​ឈ្នះ​ចាញ់ មិនអាច​កំណត់​មុន​បាន​នោះឡើយ។ ចាំ​មើល​រវាង​ វ៉ែន សុវណ្ណ និង អេក​បា​រៀ គី​រ៉ា​ម៉េ​ត ​តើន​រណា​ឈ្នះ?៕