ព័ត៍មានទាន់​ហេតុការណ៏
Search

ចា​រិទ្ធី សោកស្ដាយ​ខ្លាំង​ ក្រោយ​បែក​ធ្លាយ​ព័ត៌មាន​របស់ ប៊ុត សីហា មិន​គោរព​ម៉ោង​ច្រៀង​នៅ​អាស៊ី​អាគ្នេយ៍​

​ភ្នំពេញ ​៖ ​ថ្មីៗ​នេះ ​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​បានធ្វើ​ការ​សរសេរ​ចុះផ្សាយ​ទាក់ទង​នឹង​រឿង​របស់​តារា​ចម្រៀង​ប្រុស ​លោក ប៊ុត សីហា ដែល​ត្រូវបាន​អ្នកគ្រប់គ្រង​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ ​លោក ចា​រិទ្ធី​ ​​អញ្ជើញ​ឲ្យ​ចូលរួម​ជា​តារា​កិត្តិយស​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​ ប៉ុន្តែ​ជា​លទ្ធផល​ត្រូវ​តារា​ប្រុស​រូបនេះ​ធ្វើ​ឲ្យ​ទស្សនិកជន​ និង​ផលិតករ​រូបនេះ​ខក​បំណង ​ព្រោះតែ​មិន​គោរព​ពេលវេលា​ច្រៀង​។​

ស្រប​ពេលដែល​មានការ​ចុះផ្សាយ​អំពី​បញ្ហា​របស់ លោក ប៊ុត សីហា​ និង​លោក ចា​រិទ្ធី ជុំវិញ​រឿងរ៉ាវ​ខាង​លើ​នេះ ​ភ្លាមៗ​នោះ​ ស្រាប់តែ​ លោក ចា​រិទ្ធី បាន​ចេញមុខ​ប្រតិកម្ម​ចំពោះ​ករណី​មួយ​នេះ​ ដោយ​លោក​ចាត់ទុកថា​លោក​ពុំដែល​មានការ​អន់ចិត្ត​ ឬ​ប្រកាន់​ខឹង​លើ​តារា​ប្រុស ​លោក ប៊ុត សីហា នោះ​ទេ​។​ ចំណែកឯ​រឿង​បែកធ្លាយ​ព័ត៌មាន​របស់ លោក ប៊ុត សីហា គឺ​លោក​ក៏​មិន​បានដឹង​នោះ​ដែរ​។​

លោក ចា​រិទ្ធី បានលើកឡើង​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​ថា​ សួស្ដី​ប្អូនប្រុស ប៊ុត សីហា ជាទី​ស្រលាញ់ បង​ទើប​បានឃើញ​តាមរយៈ​បណ្ដាញ​សង្គម​Face​book គេ​ចុះ​ពី​បញ្ហា​ប្អូន​និង​បង ពេល​បង​បាន​អាន​ហើយ បង​មាន​អារម្មណ៍​អាណិត​ប្អូន​ណាស់ មិនគួរណា​រឿង​តូច​សោះ​បែរ​ក្លាយទៅជា​រឿង​ធំ ហើយ​ម្យ៉ាង​ទៀត​បង​ខ្លាច​ប្អូន​យល់​ច្រឡំ​ថា​រឿងនេះ​ត្រូវបាន​ធ្លាយ​ចេញពី​បង​។​

ជាមួយគ្នានេះ​ លោក ចា​រិទ្ធី ក៏បាន​បញ្ជាក់ថា បង​សូម​ប្រាប់​ប្អូន​ថា រឿង​ប្អូន​មក​ច្រៀង ​ឬ​មិន​មក​ច្រៀង​វា​ជា​រឿង​តូច​ណាស់​សម្រាប់​រូប​បង ព្រោះ​កន្លងមក​បង​តែងតែ​ជួប​រឿង​បែបនេះ​ជារឿយៗ គឺ​មាន​តារា​ចម្រៀង​ខ្លះ​ដល់​ម៉ោង​ផ្សាយ​ផ្ទា​ល់​ហើយ​ ទើប​តេ​មក​ប្រាប់ថា​ឈឺ​មក​មិនបាន អ្នកខ្លះ​ខ​លម​ក​ថា​ជាប់​ចរាចរណ៍ អ្នកខ្លះ​ថា​ធ្វើ​សក់​មិនទាន់ អ្នក​ខ្លះ​មក​យឺត​ចង់​ហួស​ម៉ោង​ផ្សាយ​ផ្ទាល់​ហើយ​ទើប​មក​ដល់។​

ផលិតករ​កម្មវិធី​កម្សាន្ត​ល្បីឈ្មោះ ​លោក ចា​រិទ្ធី បន្តទៀតថា ​បញ្ហា​ទាំងអស់នេះ​បង​តែងតែ​អធ្យា​ស្រ័យ​ ហើយ​ដោះស្រាយ​បញ្ហា​ចំពោះមុខ​បាន​យ៉ាង​ល្អ ហើយ​មិនឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​តារា​ចម្រៀង​ណា​ម្នាក់​ទេ​ រឿង​ដែល​កើតឡើង​កន្លងមកនេះ​មិនមែន​បង​តាំងចិត្ត​ធ្វើជា​មិន​ខឹង​នោះ​ទេ​ តែ​បង​ជា​មនុស្ស​អញ្ចឹង ជួប​បញ្ហា​បង​ត្រូវតែ​ដោះស្រាយ បង​មិន​អង្គុយ​រអ៊ូ​ទេ ហើយ​ម្យ៉ាងទៀត​កន្លងមក​បង​តែងតែ​ជួយ​បើកឱកាស​ឲ្យ​ប្អូនៗ​ទាំងអស់គ្នា គឺ​មិនដែល​បាន​បិទ ​ឬ​បំផ្លាញ​កិត្តិយស​តារា​ចម្រៀង​ណា​ម្នាក់​ឡើយ។

លោក ចា​រិទ្ធី បាន​បន្ថែមទៀតថា ចំណែក​រឿង​របស់​ប្អូន​វិញ​សូម្បី​មួយ​ម៉ាត់​ក៏​បង​មិនបាន​និយាយ​ហើយ​ទុក​ក្នុង​ចិត្ត​ដែរ ​តែ​បង​មិនដឹងថា​ហេតុអ្វី​បានជា​មានរឿង​បែបនេះ​កើតឡើង​ចំពោះ​ប្អូន ឲ្យ​បង​សូមទោស​ ហើយ​ចូលរួម​សោកស្ដាយ​ផង ពី​បង ចា​រិទ្ធី ដែល​នៅតែ​អាណិត ​និង​ស្រឡាញ់​ប្អូន​។

សូមបញ្ជាក់ថា តាមរយៈ​ការលើកឡើង​របស់ លោក ចា​រិទ្ធី ខាងលើ​នេះដែរ​ ភ្លាមៗ​នោះដែរ​គេ​ក៏​សង្កេតឃើញ​មាន​អ្នក​សិល្បៈ​ខ្មែរ​មួយចំនួន​បានបង្ហាញ​ការគាំទ្រ​ និង​លើក​សរសើរ​ទឹកចិត្ត​ដ៏​ល្អ​បែប​នេះ​៕