ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ប៉ា​គី​ស្ថាន​កាន់សាសនា​គ្រិស្ត ​ត្រូវ​ដោះលែង​ពី​ពន្ធនាគារ​ហើយ​ជិះ​យន្តហោះ​ចេញពី​ទីក្រុង Multan

ស្ត្រី​ជនជាតិ​ប៉ា​គី​ស្ថាន​ម្នាក់​ដែល​បាន​ចំណាយពេល​៨​ឆ្នាំ​មកហើយ​សម្រាប់​ទោស​ប្រហារជីវិត​ពីបទ​ប្រមាថ​ព្រះ​ត្រូវបាន​ដោះលែង​ពី​ពន្ធនាគារ​ហើយ​ត្រូវបាន​គេ​ជឿថា​បានធ្វើ​ដំណើរ​ចេញពី​ទីក្រុង Multan រួចទៅហើយ​និង​កំពុង​ឆ្ពោះ​ដំណើរ​ទៅកាន់​ទិសដៅ​ដែល​គេ​មិនដឹង​មួយ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​មេធាវី​របស់​នាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​។​

ការដោះលែង​នាង Asia Bibi បានកើត​ឡើង​មួយ​សប្តាហ៍​បន្ទាប់ពី​ការលើកលែងទោស​នៅក្នុង​ករណី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​ពី​ពួក​ឥស្លាម​និយម​ដែល​ខឹងសម្បា​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​និង​ក្រោយពេល​មាន​បណ្តឹងឧទ្ធរណ៍​ពី​ប្តី​របស់​នាង​ដើម្បី​ឲ្យ​ចក្រភព​អង់គ្លេស​ឬ​សហរដ្ឋអាមេរិក​ផ្តល់​សិទ្ធិ​ជ្រកកោន​ដល់​ក្រុមគ្រួសារ​ពួកគេ​។ មេធាវី​របស់​នាង​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ហូ​ឡង់​នៅ​ថ្ងៃ​សៅរ៍​ក្រោម​ការគំរាមកំហែង​ដល់​ជីវិត​របស់គាត់​។​

ការកាត់ទោស​របស់​នា​ង Bibi ត្រូវបាន​លុបចោល​ដោយ​តុលាការ​កំពូល​របស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​ពុធ​មុន​ប៉ុន្តែ​នាង​នៅតែ​ស្ថិតក្នុង​ពន្ធនាគារ​ខណៈពេលដែល​រដ្ឋាភិបាល​បាន​ចរចា​ជាមួយ​ពួក​រឹងរូស​ដែល​បាន​បិទ​ទីក្រុង​ធំៗ​និង​បានទាមទារ​ឲ្យ​នាង​ត្រូវ​ប្រហារជីវិត​ភ្លាមៗ​។​

មេធាវី Saif-ul-Mulook បាន​និយាយ​ក្នុង​សារ​មួយ​ទៅកាន់ AFP ថា “​នាង​ត្រូវបាន​គេ​ដោះលែង​។ ខ្ញុំ​ត្រូវបាន​គេ​ប្រាប់ថា នាង​ជិះ​យន្តហោះ​ប៉ុន្តែ​គ្មាន​នរណា​ដឹង​ពី​កន្លែង​ដែល​នាង​នឹង​ចុះចត​ទេ​”​។​

យោងតាម​មន្ត្រី​អាកាសចរណ៍​ស៊ីវិល​បាន​ឲ្យ​ដឹងថា “​យន្តហោះ​ដែល​ទៅយក​នាង Bibi ចេញពី​ពន្ធនាគារ​គឺ​ត្រូវបាន​គេ​តម្រូវ​ឲ្យ​ចុះចត​នៅ​ទីក្រុង​ឥស្លាម​បាដ​ប៉ុន្តែ​វា​មិន​ច្បាស់​ទេ​ថា​តើ​នាង​អាចមាន​ជើងហោះហើរ​ផ្សេងទៀត​ដែរឬទេ​”​។​

បន្ទាប់ពី​ការតវ៉ា​ចំពោះ​សេចក្តីសម្រេច​កាលពី​សប្តាហ៍​មុន រដ្ឋាភិបាល​បាន​យល់ស្រប​ក្នុង​កិច្ចព្រមព្រៀង​មួយ​ជាមួយ​ក្រុម​ឥស្លាម​និយម​ដើម្បី​ដាក់​បំរាម​លើ​ការធ្វើដំណើរ​របស់​នាង Bibi ហើយ​មិន​ជំទាស់​ចំពោះ​ការប្តឹង​ឧទ្ធរណ៍​នៅ​តុលាការ​កំពូល​ទេ​។​

មន្ត្រី​ពន្ធនាគារ​ម្នាក់​បាន​ប្រាប់ AFP ថា ការបញ្ជា​ឲ្យ​ដោះលែង​នាង​បាន​កើតឡើង​កាលពី​ថ្ងៃ​ពុធ​នៅឯ​ពន្ធនាគារ​ក្នុង​ទីក្រុង Multan ដែលជា​កន្លែង​នាង​ត្រូវបាន​ឃុំខ្លួន​៕ AFP