ព័ត៍មានទាន់​ហេតុការណ៏
Search

ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភព​ចិន​WCEF នៅ​ប្រទេស​ម៉ាឡេស៊ី​

​ភ្នំពេញ ៖ បន្ទាប់ពី​មានការ​ឯកភាព ជា​គោលការណ៍ ពី​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​កើត ខែ​កត្តិក ឆ្នាំច​ សំរឹទ្ធិស័ក​ព​.​ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី ០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ បាន​ចេញ​ដំណើរ​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភព​ចិន (World Chinese Economic Forum) ហៅ​កាត់​ថា WCEF ជា​វេទិកា​លើក​ទី​១០ ដែល​ប្រារព្ធ​ធ្វើ​នៅ​ទី​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ TUN Dr. Mahathir Mohamad នាយករដ្ឋមន្ត្រី ប្រទេស​ម៉ាឡេ​ស៊ី ចាប់ពី​ថ្ងៃទី​០៨-១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

តាម​ការបញ្ជាក់​ពី​លោក​ទេសរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​ វេទិកា​នេះ នឹង​មាន​វាគ្មិន សំខាន់ៗ ជា សមាជិក​អញ្ជើញ​ចូលរួម​៦០០​នាក់ មកពី​១៦​ប្រទេស និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក H.E Shaukat Aziz អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន និង​បណ្ដា​ថ្នាក់ដឹកនាំ ក្រសួង​, ស្ថាប័ន​, ប្រធាន​ក្រុមហ៊ុន​ធំៗ ធុរជន សភាពាណិជ្ជកម្ម មកពី ប្រទេស​អូស្ត្រាលី​,​ចិន ,​កាតា ,​រុស្សី​,​សហ រដ្ឋ​អាមេរិក​,​អង់គ្លេស​, កម្ពុជា​,​កូរ៉េ​រ៉ូ​ម៉ា​នី​,​ប៉ា​គី​ស្ថាន​, ទួរគី​,​អ៊ីតាលី​,​អាហ្វហ្គានីស្ថាន​, កា​សាក់​ស្ថាន ,​ម៉ាឡេស៊ី ,​សិង្ហបុរី​,​ថៃ។​

លោក​បន្ត​ថា WCEF រយៈពេល​២​ថ្ងៃ ផ្ដោត​សំខាន់​នូវ​ស្ថានភាព​ទូ​ទៅលើ​ការ​អភិវឌ្ឍ វិស័យ​ហិរញ្ញវត្ថុ ធនាគារ សិក្សាធិការ ,​បច្ចេកវិទ្យា ,​ទេសចរណ៍ ការវិនិយោគ​សេដ្ឋកិច្ច​បែប​ទំនើប ,​សុខាភិបាល និង វិស័យ​ពាណិជ្ជកម្ម ពណ៌​បៃតង​ជាដើម​។​

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​លោក អូស្មាន ហាស្សាន់​ថា ក្រោយ​បញ្ចប់​បេសកកម្ម​ខាងលើ​នៅ​ចុង​ឆ្នាំ​២០១៨ នេះ លោក​នឹង​បន្ត​ដឹកនាំ​គណៈប្រតិភូ កម្ពុជា​ទៅ​ចូលរួម​ក្នុង​វេទិកា​សំខាន់ៗ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ចាប់ពី​ថ្ងៃ​ទី​១៦-១៨​វិច្ឆិកា លោក ​និង​គណៈប្រតិភូ បន្ត​ទៅ​សិង្ហបុរី ពី​ថ្ងៃ​ទី​៧-៩ ខែ​ធ្នូ នៅ​ឥណ្ឌូណេស៊ី ពីថ្ងៃ​ទី​១២-១៤ ខែ​ធ្នូ នៅ​អារ៉ាប៊ីសាអ៊ូឌីត ពី​ថ្ងៃ​ទី​២៤-១៦ ខែ​ធ្នូ នៅ​ប្រទេស​ប្រ៊ុយណេ និង​ដារ៉ូសាឡឹម តែម្ដង​៕