ព័ត៍មានទាន់​ហេតុការណ៏
Search

សេត​វិមាន​រារាំង​អ្នកយកព័ត៌មាន CNN បន្ទាប់ពី​ជម្លោះ​ដ៏​ក្តៅគគុក​ជាមួយ​លោក Trump

សេត​វិមាន​កាលពី​ថ្ងៃ​ពុធ​បាន​ហាមឃាត់​អ្នកយកព័ត៌មាន​របស់​ទូរទស្សន៍ CNN ម្នាក់​ដែល​កាលពីមុន​មាន​ជម្លោះ​ជាមួយ​លោក Donald Trump នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ក្នុងនោះ​លោក​ប្រធានាធិបតី​អាមេរិក​បានចាត់ទុក​អ្នកកាសែត​ម្នាក់នេះ​ថា​ជា “​សត្រូវ​របស់​ប្រជាជន​”​។​

លោក Trump បាន​ហៅ​អ្នកយកព័ត៌មាន Jim Acosta ថា “​មនុស្ស​ឈ្លើយ​និង​គួរ​ឲ្យ​ខ្លាច​” បន្ទាប់ពី​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​សេត​វិមាន​របស់​ទូរទស្សន៍ CNN រូបនេះ​បាន​បដិសេធ​ការបញ្ជា​របស់​ប្រធានាធិបតី​ឲ្យ​អង្គុយ​ចុះ​និង​ប្រគល់​មីក្រូហ្វូន​អំឡុង​សន្និសីទ​, មួយថ្ងៃ​បន្ទាប់ពី​ការបោះឆ្នោត​ពាក់កណ្តាល​អាមេរិក​។​

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Sarah Sanders បាន​និយាយថា “​សេត​វិមាន​បាន​ហាមឃាត់​អ្នករាយការណ៍​រូបនេះ​រហូតដល់​មានការ​ជូនដំណឹង​បន្ថែមទៀត​”​។​

ជម្លោះ​ដ៏​ក្តៅគគុក​បានចាប់ផ្តើម​បន្ទាប់ពី​អ្នកកាសែត​ដ៏​លេចធ្លោ​រូបនេះ​ចាប់​មីក្រូហ្វូន​ហើយ​នៅតែ​បន្ត​សួរ​សំណួរ​អំពី​ទស្សនៈ​របស់លោក​ប្រធានាធិបតី​ស្តីអំពី​ក្បួន​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​ដែល​ធ្វើដំណើរ​ទៅ​ព្រំដែន​សហរដ្ឋអាមេរិក​។​

លោក Trump បាន​និយាយថា “​វា​គ្រប់គ្រាន់​ហើយ​! ” ហើយ​អ្នកស្ម័គ្រចិត្ត​ម្នាក់​នៅ​សេត​វិមាន​បាន​ព្យាយាម​ទាញ​មីក្រូហ្វូន​ពី​អ្នកកាសែត CNN ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​ទេ​។​

លោកស្រី Sanders បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា “​លោក​ប្រធានាធិបតី Trump ជឿជាក់​លើ​សេរីភាព​សារព័ត៌មាន​ហើយ​រំពឹង​និង​ស្វាគមន៍​ចំពោះ​សំណួរ​ដ៏​តឹងតែង​អំពី​គាត់​និង​រដ្ឋបាល​របស់គាត់​”​។​

លោកស្រី​បាន​និយាយទៀតថា “​ទោះបីជា​យ៉ាងណាក៏ដោយ យើង​នឹងមិន​អត់ឱន​ចំពោះ​អ្នកយកព័ត៌មាន​ម្នាក់​ដែល​ដាក់​ដៃ​លើ​យុវនារី​ម្នាក់​ដែល​កំពុង​ព្យាយាម​ធ្វើ​ការងារ​របស់​នាង​ក្នុងនាម​ជា​អ្នក​ហាត់​ការ​នៅ​សេត​វិមាន​នោះទេ​។ ទង្វើ​នេះ​ពិតជា​មិនអាច​ទទួលយក​ឡើយ​”​។​

លោក Acosta បាន​វាយបក​តបត​ទៅនឹង​ការចោទប្រកាន់​ពី​កំហុសឆ្គង​នេះ​វិញ​ដោយ​និយាយថា “​នេះ​គឺជា​ការ​កុហក​មួយ​ព្រោះថា​បណ្តាញសារព័ត៌មាន​របស់គាត់​និង​អ្នកសារព័ត៌មាន​មួយចំនួន​នៅ​ក្រុង​វ៉ាស៊ីនតោន​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះបាន​បង្ហាញ​ការគាំទ្រ​ដល់​គាត់​”​។​
​ទូរទស្សន៍ CNN បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​លោកស្រី Sanders បាន​និយាយ​កុហក​”​។ ទូរទស្សន៍​នេះ​បន្តថា ការហាមឃាត់​ផ្សាយ​ព័ត៌មាន​គឺ​ត្រូវបាន​បញ្ចប់​ដោយ​ការ​សងសឹក​ចំពោះ​សំណួរ​ប្រឆាំង​៕ AFP