ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​Trump បណ្ដេញ​លោក Jeff Sessions ចំពេល​ភ័យខ្លាច​អំពី​ការស៊ើបអង្កេត​បញ្ហា​រុស្ស៊ី

អគ្គ​រដ្ឋអាជ្ញា​អាមេរិក​លោក Jeff Sessions ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ដោយ​លោក Donald Trump កាលពី​ថ្ងៃ​ពុធ​បន្ទាប់ពី​ទទួលរង​ការរិះគន់​អស់​រយៈពេល​ជាង​មួយឆ្នាំ​ពី​លោក​ប្រធានាធិបតី​អំពី​ការសម្រេចចិត្ត​របស់គាត់​ក្នុង​ការដើរ​ចេញពី​ការស៊ើបអង្កេត​លើ​បញ្ហា​រុស្ស៊ី​ដែល​បានធ្វើ​ឲ្យ​សេត​វិមាន​ចលាចល​។​

ការបណ្តេញចេញ​នេះ​បានធ្វើ​ឲ្យ​មាន​មន្ទិលសង្ស័យ​ចំពោះ​សមត្ថភាព​របស់​ទីប្រឹក្សា​ពិសេស​លោក Robert Mueller ក្នុងការ​បញ្ចប់​ការស៊ើបអង្កេត​លើ​បញ្ហា​រុស្ស៊ី​និង​ទាក់ទាញ​ការព្រមាន​យ៉ាង​ម៉ឺងម៉ាត់​ពី​គណបក្ស​ប្រជាធិបតេយ្យ​។​

ការចាកចេញ​របស់លោក Sessions បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ការបោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​ដែល​គណបក្ស​សាធារណរដ្ឋ​បាន​បាត់បង់​ការគ្រប់គ្រង​លើ​សភាតំណាងរាស្ត្រ​ប៉ុន្តែ​បាន​ជំរុញ​សំឡេង​ភាគច្រើន​របស់​ពួកគេ​នៅ​ព្រឹទ្ធសភា​ហើយ​សកម្មភាព​យ៉ាង​ឆាប់រហ័ស​របស់លោក Trump ត្រូវបាន​គេ​មើលឃើញថា​ជាស​ញ្ញា​មួយ​បង្ហាញ​ពី​ទំនុកចិត្ត​ដែល​គាត់​មាន​បន្ទាប់ពី​ការបោះឆ្នោត​។​

ក្នុងការ​ប្រកាស​លាលែង​ពី​តំណែង លោក Trump បានតែងតាំង​នាយអគ្គសេនាធិការ​រប​ស់លោក Sessions គឺ​លោក Matthew Whitaker ជា​អគ្គ​រដ្ឋអាជ្ញា​ស្តីទី​របស់​សហរដ្ឋអាមេរិក​។​

នៅក្នុង​អត្ថបទ​វិចារណកថា​មួយ​កាលពី​ខែសីហា​ឆ្នាំមុន លោក​បាន​ជំរុញ​ជា​សាធារណ​ឲ្យ​លោក Rod Rosenstein ដែលជា​អ្នកត្រួតពិនិត្យ​ការស៊ើបអង្កេត​ឲ្យ​កំណត់​វិសាលភាព​នៃ​ការស៊ើបអង្កេត​របស់លោក​តាម​បញ្ជា​របស់​ទីប្រឹក្សា​ពិសេស​។​

ក្នុងនាម​ជា​អគ្គ​រដ្ឋអាជ្ញា​ស្តីទី លោក Whitaker ឥឡូវនេះ​មានអំណាច​ដើម្បី​រារាំង​ការត្រួតពិនិត្យ​ពី​លោក Rosenstein ហើយ​ទទួលបន្ទុក​ដោយ​ខ្លួនឯង​។​

គួរ​បញ្ជាក់ថា លោក Sessions គឺជា​ជនរងគ្រោះ​ដំបូង​គេ​នៃ​ការរុះរើ​គណៈរដ្ឋមន្ត្រី​ដែល​ត្រូវបាន​គេ​រំពឹងទុក​ពី​លោក Trump ក្រោយ​ការបោះឆ្នោត​ពាក់កណ្តាល​៕ AFP