ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្នាំញៀន​មួយចំនួន និង​មុខសញ្ញា​ចំនួន​៤​នាក់ ត្រូវ​ចាប់ខ្លួន​

បាត់ដំបង ៖ ជនសង្ស័យ​ចំនួន៤​នាក់ ដែល​ជា​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​យ៉ាងសកម្ម ត្រូវបាន​កម្លាំង​សមត្ថកិច្ច នៃ​កងរាជអាវុធហត្ថ​ស្រុក​បាណន់ ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ ខណៈ​ដែល​ជន​សង្ស័យ​ទាំងអស់នេះ​កំពុង​ធ្វើ​សកម្មភាព​ច្រកថ្នាំ​ដើម្បី​ចែកចាយ។​

​កិច្ចប្រតិបត្តិការ​របស់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​មុខ​សាលា​អនុវិទ្យាល័យ​ឈើទាល ស្ថិតក្នុង​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​បាណន់ ​ខេត្ត​បាត់ដំបង។​

ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ បន្ទាប់ពី​កម្លាំង​បាន​ទទួល​ព័ត៌មាន​ពី​កម្លាំង​ ក ស ដែល​បាន​សង្កេត​ឃើញ​ក្រុម​នេះ​កំពុង​ធ្វើ​សកម្មភាព​វេច ខ្ចប់ ថ្នាំញៀន​ ដែល​ពួកគេ​ទាំងអស់​គឺ ១.ធឿ​ត វ៉ាន់​ថា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ របរ​គ្មាន រស់នៅ​ភូមិ/ឃុំ ខាងលើ។ ២.ឈ្មោះ សៀក សៅ​លី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បិត​ស្គុត​ម៉ូតូ រស់នៅ​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង។​ ៣.ឈ្មោះ ជួប សង្ហា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​កំពង់​ស្រម៉ ឃុំ​ឈើទាល ស្រុក​បាណន់ និង ៤.ឈ្មោះ ម៉ៅ ស្រី​ប៉ោះ ភេទ​ស្រី​ អាយុ​១៧​ឆ្នាំ មុខរបរ​គ្មាន រស់នៅ​ភូមិ​ឥន្ទជិត ឃុំ​ឈើទាល ស្រុក​បាណន់។​

នៅក្នុង​កិច្ច​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ទម្ងន់​៤ ,៤៦​ក្រាម ថង់​ច្រក​ថ្នាំ១២​ដុំ ដែកកេះ​៦ កន្ត្រៃ​១ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន​ថែម​ទៀត។

បច្ចុប្បន្ន​ សមត្ថកិច្ច កំពុងធ្វើការ​ឃាត់ខ្លួន​នៅ​អង្គភាព​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង៕