ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែភាពយន្ត​ជប៉ុន​ថ្មី​បំផុត ចំនួន ១១​រឿង នឹង​ត្រូវ​បាន​ចាក់​បញ្ចាំង ឲ្យ​ចូល​ទស្សនា​ដោយ​សេរី

ភ្នំពេញ ​៖ ​មិន​ខុស​ពី​ឆ្នាំ​មុនៗ​ឡើយ មហោស្រព​ភាពយន្ត​ជប៉ុន​ឆ្នាំ​២០១៨ នេះ បាន​ជ្រើសរើស​យក​ខ្សែភាពយន្ត​ជប៉ុន​ថ្មី​បំផុត ចំនួន ១១ រឿង ដែល​រួម​មានរឿង​បែប​ជីវចល ចំនួន ២​រឿង​ផងដែរ​នោះ មកចាក់​បញ្ចាំង​នៅតាម​រោងភាពយន្ត​នានា ឲ្យ​ចូល​ទស្សនា​ដោយ​សេរី​ពុំ​គិតថ្លៃ នៅក្នុង​ទីក្រុង​ភ្នំពេញ និង​ទី​រួម​ខេត្តសៀមរាប​។ នេះ​បើ​យោងតាម​ការលើកឡើង របស់លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព របស់​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នៅក្នុង​ពិធី​បើក​មហោស្រព​ភាពយន្ត​ជប៉ុន ប្រចាំឆ្នាំ​២០១៨ កាលពី​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅនេះ។

ខ្សែភាពយន្ត​ជប៉ុន​ទាំង​១១ រឿង នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​រោងភាពយន្ត Major Cineplex ​នៅ​ផ្សារ AEON 1, Legend Cinema TK Avenue ចាប់ពី​ថ្ងៃទី ៨ រហូតដល់​ថ្ងៃទី ១១ ខែវិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ និង​ចាប់ពី​ថ្ងៃទី ១៦ រហូតដល់​ថ្ងៃទី ១៨ ខែវិច្ឆិកា នៅ​រោងភាពយន្ត Major Cineplex ក្នុង​ទី​រួម​ខេត្តសៀមរាប​។​

ប្រជាជន​កម្ពុជា​ទាំងអស់ ត្រូវបាន​​អញ្ជើញ​ឲ្យ​ចូលរួម​ទស្សនា ខ្សែភាពយន្ត​ជប៉ុន​ទាំង ១១​រឿង នេះ​ដោយ​ពុំមាន​ការបង់ប្រាក់​នោះឡើយ ទៅតាម​ពេលវេលា និង​ទីកន្លែង​ដែល​បានកំណត់​។ សំបុត្រ​ចូល​ទស្សនា នឹងត្រូវ​ផ្ដល់ជូន ៤៥​នាទី​មុន​ការចាក់​បញ្ចាំង ដោយ​ក្រុមការងារ​របស់​ក្រុម​អ្នករៀបចំ​មហោស្រប​ភាពយន្ត នៅតាម​រោងភាពយន្ត​និ​មួយៗ​។​

ខ្សែភាពយន្ត​ជប៉ុន​ទាំង ១១​រឿង រួមមាន​រឿង​៖ ១. The 8-year Engagement, ២. Chihayafuru Part 3, ៣. Yakiniku Dragon, ៤. Color Me True, ៥. The Crimes That Bind, ៦. Mixed Doubles, ៧. Inuyashiki, ៨. Laughing Under the Clouds, ៩. Lu Over the Wall, ១០. MIRAI, ១១. One Cut of the Dead៕