ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ ​បន្ត​សំណូមពរ​អាជ្ញាធរ​ជួយ​ពិនិត្យមើល​ប្រហោង​លូ​អត់​គម្រប​ជាច្រើន​នៅ​ផ្លូវ​ទ្រុង​មាន់​

ភ្នំពេញ ៖ ប្រហោង​លូ​អត់​គម្រប​ជាច្រើន​កន្លែង នៅតាម​បណ្ដោយ​ផ្លូវ ទ្រុងមាន់ (ផ្លូវ​៣០​ម៉ែត្រ) ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បង្ក​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​បន្តបន្ទាប់​ទៅដល់​អ្នក​ធ្វើដំណើរ ជាពិសេស​អ្នកបើកបរ​ម៉ូតូ​តែម្ដង ប្រជាពល​រដ្ឋ​បន្ត​សំណូមពរ​អាជ្ញាធរ​ជួយ​ពិនិត្យមើល។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​ទ្រុង​មាន់ (ផ្លូវ៣០​ម៉ែត្រ​) ទោះជា​អាជ្ញាធរ​បាន​ស្ថាបនា​យ៉ាង​ល្អ​ស្អាត មាន​ទាំង​សួន ទ្រូងផ្លូវ រួចរាល់​ហើយ​ក្ដី ក៏​ប៉ុន្តែ ក៏​នៅ​មាន​ប្រហោង​លូ​អត់​គម្រប​ជាច្រើន​កន្លែង ដែល​បង្ក​ឲ្យ​មាន​ករ​ណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់​ទៅដល់​អ្នក​ធ្វើដំណើរ ជាពិសេស អ្នកបើកបរ​ម៉ូតូ​តែម្ដង ប៉ុន្តែ​រង​របួស​ស្រាលៗ។

ពលរដ្ឋ​ប្រាប់​បន្តថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ភាគច្រើន គឺ​នៅ​ពេលយប់ និង​ពេល​ភ្លៀង ពី​ព្រោះ​នៅពេល​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ តែងតែ​ទឹក​លិច​ផ្លូវ ដូច្នេះ​អ្នកបើកបរ​ម៉ូតូ​មិនដឹងថា មាន​ប្រហោង​លូ​នោះទេ ត្រង់​នេះហើយ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ធ្លាក់​លូ ដួល​ម៉ូតូ​ជា​ញឹកញាប់​ឲ្យ​តែ​មាន​ភ្លៀង ។

ពលរដ្ឋ​ប្រាប់ទៀតថា ប្រហោង​លូ​ដែល​អត់​គម្រប​ជាច្រើន​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ ទ្រុង​មាន់ (ផ្លូវ​៣០​ម៉ែត្រ) ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌ​មានជ័យ គឺ​ពួក​គាត់​ឃើញ​រាប់​ខែ​មក​ហើយ ប៉ុន្តែ​មិនដឹង​ប្រាប់​ទៅ​នរណា ដូច្នេះ​មានតែ​សំណូមពរ​តាមរយៈ​សារព័ត៌មាន ដើម្បីឲ្យ​ដឹង​ទៅដល់​អាជ្ញាធរ សង្កាត់ ខណ្ឌ ជាពិសេស​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន រាជធានី​ភ្នំពេញ ក្នុង​ការ​ចុះមក​ធ្វើការ​ត្រួតពិនិត្យ និង​ដោះស្រាយ ចៀសវាង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅដល់​អ្នក​ធ្វើ​ដំណើរ​បន្ត​ទៀត ។

ដោយឡែក​ ពលរដ្ឋ​ម្នាក់ទៀត​ប្រាប់​ឲ្យ​ដឹង​ថា លូ​ដែល​អត់​គម្រប​នេះ មិនមែន​គេ​ធ្វើ​ហើយ​អត់​ដាក់​គម្រប​នោះ​ទេ តាមពិត គឺ​គម្រប​លូ​ទាំងនោះ ត្រូវ​ចោរ​គាស់​យក ទើប​ឃើញ​អត់​គម្រប​បែបនេះ៕