ព័ត៍មានទាន់​ហេតុការណ៏
Search

កំហឹង​ បាន​ផ្ទុះឡើង​បន្ទាប់ពី​ការ​ដួលរលំ​អគារ​សម្លាប់​មនុស្ស​នៅ​ប្រទេស​ បារាំង

សាកសព​ទី​៦​ ត្រូវ​បាន​គេ​រក​ឃើញ​កាលពី​ថ្ងៃ​ពុធ​នៅ​ក្នុង​គំនរ​បាក់បែក​នៃ​អាគារ​ចំនួន​ពីរ ​ដែល​ដួល​រលំ​ក្នុង​ទីក្រុង Marseille របស់​ប្រទេស​បារាំង​ដែល​នៅ​ទីនោះ​ពលរដ្ឋ​ដែល​ខឹងសម្បា​ ​បាន​ចោទប្រកាន់​អាជ្ញាធរ​ថា​បាន​ព្រងើយកន្តើយ​នឹង​ការព្រមាន​អំពី​ស្ថានភាព​នៃ​ផ្ទះសម្បែង​សម្រាប់​ជនក្រីក្រ​បំផុត​។​

មនុស្ស​ប្រមាណ​៨​នាក់​ត្រូវបាន​គេ​ភ័យខ្លាច​ថា​ស្លាប់​នៅពេល​អគារ​បាន​បាក់​រលំ​ក្នុង​រយៈពេល​ប៉ុន្មាន​វិនាទី​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ក្នុង​សង្កាត់ Noailles ដែលជា​សង្កាត់​ថ្នាក់​ការងារ​នៅ​កណ្តាល​ទីក្រុង​កំពង់ផែ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​មួយ​នេះ​។​

អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​ដែល​ចូលរួម​ក្នុងការ​ស្វែងរក​អ្នក​នៅរស់​បាន​និយាយថា អ្នករស់នៅ​ក្នុង​អគារ​ផ្សេងទៀត​ជាច្រើន​នៅតាម​ផ្លូវ​តូចចង្អៀត​ត្រូវបាន​ជម្លៀសចេញ​ចំពេល​មានការ​ភ័យខ្លាច​នៃ​ការដួលរលំ​បន្ថែមទៀត​ខណៈដែល​អគា​រទាំង​អស់​បាន​ទ្រេត​លើ​គ្នា​។​

រដ្ឋអាជ្ញា​ទីក្រុង Marseille លោក Xavier Tarabeux បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ពុធ​ថា មនុស្ស​ម្នាក់​ដែល​រស់នៅក្នុង​អគារ​មួយ​ដែល​បាក់​រលំ​នោះបាន​ទូរស័ព្ទ​ទៅ​អ្នក​ពន្លត់​អគ្គិភ័យ​នៅ​យប់​មុន​ហេតុការណ៍​កើតឡើង​ដើម្បី​ប្រាប់ថា “​ស្នាម​ប្រេះ​មួយ​ក្នុងផ្ទះ​របស់​នាង​បាន​រីក​ធំ​”​។​

គាត់​បន្ថែមទៀតថា ក្រោយមក​នាង​បាន​ទូរស័ព្ទ​ទៅទៀត​ដើម្បី​ប្រាប់ថា “​មិនមាន​ជំនួយ​ទេ​”​។​
​លោក Tarabeux បាន​និយាយថា វា​ឆាប់​ពេក​ក្នុង​ការនិយាយ​ពីអ្វី​ដែល​បណ្តាល​ឲ្យ​ដួលរលំ​។​

អ្នក​ពន្លត់​អគ្គិភ័យ​បាន​បញ្ជា​ឲ្យ​ប្រជាជន​ចំនួន​១០៥​នាក់​ត្រូវ​ចាក​ចេញពី​អគារ​ហើយ​កាលពី​ថ្ងៃ​ពុធ​បាន​នាំ​មនុស្ស​មួយក្រុម​តូច​វិលត្រឡប់​ទៅវិញ​ដើម្បី​យក​ទ្រ​ព​សម្បត្តិ​ខ្លះ​របស់​ពួកគេ​។​

លោក Tarabeux បាន​ប្រាប់ AFP កាលពី​ពេលមុន​ថា បន្ទាប់ពី​ស្វែងរក​តាម​កម្ទេច​ថ្ម​នៅ​យប់​ទី​ពីរ ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​រកឃើញ​សាកសព​បុរស​បួន​នាក់​និង​ស្ត្រី​ពីរ​នាក់​។​

កំហឹង​បាន​ពុះកញ្ជ្រោល​ឡើង​ក្នុងចំណោម​អ្នកស្រុក​និង​សកម្មជន​រាប់រយ​នាក់​ដែល​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ការជួបជុំ​ក្បែរ​កន្លែងកើតហេតុ​ហើយ​អ្នកខ្លះ​បាន​រិះគន់​ចៅហ្វាយក្រុង Marseille និង​លេខាធិការ​ផ្នែក​លំនៅដ្ឋាន​របស់គាត់​ថា​ជា “​ឃាតក​”​។​

មនុស្ស​រាប់សិប​នាក់​បានធ្វើ​ពិធី​ស្មឹង​ស្មា​ធ​សម្រាប់​ជនរងគ្រោះ​។​
​លោក Adama ដែលមាន​ដើមកំណើត​មកពី​កោះ Comoro បាន​និយាយថា “​វា​មានតែ​ជនជាតិ​ស្បែក​ខ្មៅ​និង​ប្រជាជន​អារ៉ាប់​ប៉ុណ្ណោះ​ដែល​រស់នៅ​ទីនេះ​ដូច្នេះ​គ្មាន​នរណាម្នាក់​យកចិត្តទុកដាក់​ទេ​”៕ AFP