ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ​វេ​ង សាខុន ណែនាំ​មន្ត្រី​ជំនាញ ជួយ​បច្ចេកទេស​បន្ថែម​លើ​ការ​គាំទ្រ បិទ​ស្លាក​សម្គាល់​គុណភាព​ផលិតផល ​ដើម្បី​ឲ្យ​អតិថិជន​ស្គា​ល់​ពី​ផលិតផល​កម្ពុជា​

កំពង់ឆ្នាំង ៖ លោក​ វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួយ​ដល់​បច្ចេកទេស​បន្ថែម និង​ផ្ដល់​ការ​គាំទ្រ​ដល់​ការ​បិទ​ស្លាក​សម្គាល់​គុណភាព​ផលិតផល​ដែល​សហគមន៍​ផលិត​បាន ដើម្បី​ឲ្យ​អតិថិជន​ស្គា​ល់​ពី​ផលិតផល​កម្ពុជា និង​មាន​គុណភាព​ខ្ពស់​។​

ការណែនាំ​ឲ្យ​មន្ត្រី​ជួយ​កសិករ​នេះ​បានធ្វើ​ឡើង កាលពី​ថ្ងៃ​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​បន្ត​ចុះ​ពិនិត្យមើល​ស្ថានភាព​កសិដ្ឋាន​ដាំ​បន្លែ សណ្ដែកកួរ ត្រសក់ និង​ត្រកួន​សុវត្ថិ​ភាព​របស់​សហគមន៍​ស្វាយ​មានជ័យ ស្ថិតនៅ​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង។​

​ក្រសួង​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ដដែល លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ព្រមទាំង​ប្រតិភូ​អម​ដំណើរ​បាន​អញ្ជើញ​បន្ត ចុះ​ពិនិត្យមើល​ស្ថានភាព​កសិដ្ឋាន​ដាំ​បន្លែ សណ្ដែកកួរ ត្រសក់ និង​ត្រកួន​សុវត្ថិភាព​របស់​សហគមន៍​ស្វាយ​មានជ័យ ស្ថិតនៅ​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ដែល​មាន​១៧​ក្រុម ស្មើនឹង​៩៧​គ្រួសារ ដាំ​ដុះ​លើ​ផ្ទៃដី​ប្រមាណ ៧​ហិកតា​។ កន្លងមក​សហគមន៍​បានទទួល​ការ​បណ្ដុះបណ្ដាល​ពី​មន្ត្រី​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​អំពី​បច្ចេកទេស​ នៃ​ការ​ដាំដុះ ហើយក៏​ធ្លាប់​បាន​ទទួល​គាំទ្រ​ពី​គម្រោង​ដៃគូ​មួយចំនួន​ផងដែរ​។ បច្ចុប្បន្ន សហគមន៍​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​វិស័យ​ឯកជន​មួយ​ចំនួន​ដូចជា ​ក្រុមហ៊ុន KOC និង REMIX ដែល​បាន​ប្រមូល​ទិញ និង​ចែកចាយ​ទៅ​ទីផ្សារ​។​

​តាមរយៈ​ នៃ​ការអនុវត្ត​កិច្ចសន្យា​នេះ សហគមន៍​បាន​ទទួល​នូវ​ព័ត៌មាន​អំពី​តម្រូវការ​ទីផ្សារ​ជាក់លាក់ និង​បាន​រៀបចំ​ផែនការ​ដាំដុះ​ច្បាស់លាស់​តាម​ការ​បញ្ជាទិញ ហើយ​សហគមន៍​គ្រោង​នឹង​ពង្រីក​បន្ថែម​នូវ​សក្ដានុពល​ដាំ​ដុះ​បន្ថែម​ទៀត ព្រោះ​សមាជិក​សហគមន៍​កំពុង​ទទួល​បាន​នូវ​ផលប្រយោជន៍​ពិត​ពី​ការដាំ​បន្លែ ហើយ​ជីវភាព​ក៏​មាន​ភាពប្រសើរឡើង​ផង​ដែរ​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​ផ្ដាំផ្ញើ​ឲ្យ​សហគមន៍​បន្ត​ពង្រីក​លទ្ធភាព​បន្ថែម ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ ហើយ​បាន​ណែនាំ​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួយ​ដល់​បច្ចេក​ទេស​បន្ថែម និង​ផ្ដល់​ការ​គាំទ្រ​ដល់​ការ​បិទ​ស្លាក​សម្គាល់​គុណភាព​ផលិតផល​ដែល​សហគមន៍​ផលិត​បាន ដើម្បី​ឲ្យ​អតិថិជន​ស្គាល់​ពី​ផលិតផល​កម្ពុជា និង​មាន​គុណភាព​ខ្ពស់​៕