ព័ត៍មានទាន់​ហេតុការណ៏
Search

អង្គការ​សិទ្ធិ​មនុស្ស​ភ័យខ្លាច​អំពី​ការ​ប្រហារជីវិត​ភ្លាមៗ​លើ​ពួក​និកាយ​ស៊ី​អ៊ី​ត​អារ៉ាប៊ីសាអ៊ូឌីត​ចំនួន​១២​នាក់

អង្គការ​លើកលែងទោស​អន្តរជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​ព្រួយបារម្ភ​ថា ជនជាតិភាគតិច​និកាយ​ស៊ី​អ៊ី​ត​ចំនួន​១២​នាក់​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ត្រូវ​ប្រឈម​ នឹង​ការ​ប្រហារជីវិត “​ភ្លាមៗ​” បន្ទាប់ពី​ករណី​របស់​ពួកគេ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​អង្គភាព​សន្តិសុខ​ដ៏​មានអំណាច​មួយ​ ដែល​រាយការណ៍​ដោយផ្ទាល់​ទៅកាន់​ព្រះមហាក្សត្រ​។​

បុរស​ដែល​ត្រូវបាន​កាត់ទោស​ប្រហារជីវិត​នៅក្នុង​ការជំនុំជម្រះ​ដ៏​ធំ​មួយ​កាលពី​ឆ្នាំ​២០១៦​បន្ទាប់ពី​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ធ្វើ​ចារកម្ម​ឲ្យ​គូប្រជែង​ក្នុង​តំបន់​អ៊ីរ៉ង់​គឺ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ “​គណៈ​ប្រធាន​សន្តិសុខ​រដ្ឋ​” ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំមុន​ដោយ​រួមបញ្ចូល​គ្នា​ទាំង​សេវា​ប្រឆាំង​ភេរវកម្ម​និង​សេវា​ស៊ើបការណ៍​សម្ងាត់​ក្នុងស្រុក​។​

លោក Heba Morayef នាយក​ប្រចាំ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​និង​អាហ្វ្រិក​ខាងជើង​របស់​អង្គការ​លើកលែងទោស​បាន​និយាយថា “​ក្រុមគ្រួសារ​រប​ស់បុរ​ស​ទាំងនោះ​កំពុង​មានការ​ភ័យរន្ធត់​ដោយសារតែ​ការអភិវឌ្ឍ​នេះ​និង​កង្វះ​ព័ត៌មាន​ដែល​បានផ្តល់​ឲ្យ​ពួកគេ​ស្តីពី​ស្ថានភាព​នៃ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​។ ជុំវិញ​ការសម្ងាត់​អំពី​កិច្ចដំណើរការ​នីតិវិធីតុលាការ​របស់​អារ៉ាប៊ីសាអ៊ូឌីត​, យើង​បារម្ភ​ថា ការអភិវឌ្ឍ​នេះ​គឺជា​សញ្ញា​នៃ​ការប្រហារជីវិត​ភ្លាមៗ​លើ​បុរស​ទាំង​១២​នាក់​”​។​

លោក Morayef បាន​បន្ថែមថា បុរស​ទាំងនោះ​ត្រូវបាន​ផ្តន្ទាទោស​ប្រហារជីវិត​បន្ទាប់ពី “​ការជំនុំជម្រះ​ក្តី​ទ្រង់ទ្រាយ​ធំ​មិន​យុត្តិធម៌​”​។​
​យ៉ាងណាក្តី មន្ត្រី​អារ៉ាប៊ីសាអ៊ូឌីត​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​យោបល់​ទេ​។​

សហគមន៍​និកាយ​ស៊ី​អ៊ី​ត​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​មាន​ចន្លោះ​ពី​១០​ទៅ​១៥​ភាគរយ​នៃ​ចំនួន​ប្រជាជន​៣២​លាន​នាក់​របស់​ប្រទេស​នេះ​ប៉ុន្តែ​រដ្ឋាភិបាល​មិនបាន​ចេញផ្សាយ​ស្ថិតិ​ជា​ផ្លូវការ​ទេ​។​

ប្រទេស​អភិរក្ស​ជ្រុល​មួយ​នេះ​មាន​អត្រា​ប្រហារជីវិត​ខ្ពស់បំផុត​មួយ​លើ​ពិភពលោក​ដោយ​ក្នុងនោះ​ជនសង្ស័យ​ដែល​ត្រូវបាន​ផ្តន្ទាទោស​ពីបទ​ភេរវកម្ម មនុស្សឃាត រំលោភ​សេពសន្ថវៈ ប្លន់​ប្រដាប់អាវុធ​និង​ជួញដូរ​ថ្នាំញៀន​ត្រូវ​ប្រឈមមុខ​នឹង​ទោស​ប្រហារជីវិត​។​

រដ្ឋាភិបាល​បាន​និយាយថា ការកាត់ទោស​ប្រហារជីវិត​គឺជា​ការរារាំង​ដ៏​មាន​ប្រសិទ្ធភាព​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ធ្ងន់ធ្ងរ​៕ AFP