ព័ត៍មានទាន់​ហេតុការណ៏
Search

កាត់ទោស​អតីត​នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​ជប៉ុន​

ភ្នំពេញ ៖ លោក​ ព្រំ សារិទ្ធ អតីត​នាយក​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​ជប៉ុន ​ដើម្បី​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ប៉ុន ត្រូវបាន​នាំខ្លួន​មក​កាត់ទោស​កាលពី​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​ពលរដ្ឋ។ ជន​ជាប់​ចោទឈ្មោះ ព្រំ សារិទ្ធ ភេទ​ប្រស អាយុ​៣៩​ឆ្នាំ ឈ្មោះ មិន ចំណាប់ ភេទ​ប្រុស និង​ឈ្មោះ សី មុំ ជា​លេខាធិការ។​

ក្នុង​សវនាការ​ជនជាប់ចោទ ព្រំ សារិទ្ធ បាន​សារភាព​ថា ​នៅ​អំឡុង​ខែ​តុលា ឆ្នាំ​២០១៧ ខ្លួន​បាន​បង្កើត​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាសា​ជប៉ុន​ ទីតាំង​នៅក្នុង​ខណ្ឌ​សែន​សុខ ក្នុង​គោលបំណង​នាំ​អ្នកចេះ​ភាសា​ជប៉ុន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដោយ​សិស្ស​ម្នាក់ៗ​ត្រូវ​បង់ប្រាក់​មុន​ចំនួន​៨០០​ដុល្លារ រៀន​រយៈពេល​៦​ខែ។

ពេល​រៀន​ភាសា​ចប់ ​ត្រូវ​រៀន​ជំនាញ​រយៈពេល​មួយឆ្នាំ​ទៀត ​ដើម្បី​ត្រៀម​ចេញ ដែល​ក្នុង​រយៈពេល​ត្រៀម ពលករ​ម្នាក់ៗ​ត្រូវ​បង់លុយ​២៥០០​ដុល្លារ​បន្ថែម។

លុយ​ទាំងនេះ ​គឺ​យកទៅ​ធ្វើ​លិខិត​ឆ្លងដែន​ឲ្យ​ពលករ​ទាំងអស់ ពិនិត្យ​សុខភាព និង​បំពេញបែបបទ​ផ្សេងៗ។ លុះ​ពេល​ត្រូវ​ចេញទៅ​ធ្វើការ​ពលករ​ត្រូវ​បង់​ប្រាក់​បន្ថែម​ក្នុង​ម្នាក់ៗ​៦.៥០០​ដុល្លារ​ទៀត ប៉ុន្តែ​ពលករ​ក្នុង​វគ្គ​១​នេះ​មិនទាន់បាន​ចេញទៅ​ទេ​ ដោយសារ​ដៃគូ​សហការ​នៅ​ប្រទេស​ជប៉ុន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដួល​ស្លាប់ ហើយ​ក្រុមហ៊ុន​កំពុង​រក​ដៃគូ​ថ្មី​ ដើម្បី​បញ្ជូន​ពលករ​ចេញទៅ​ ស្រាប់តែ​ក្រុម​ពលករ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្ដង។​

រឿងក្ដី​នេះ​តុលាការ​ទើបតែ​សាកសួរ​ជនជាប់ចោទ​បាន​ពាក់កណ្ដាល ក៏​ត្រូវ​បញ្ឈប់​ដោយសារ​អស់​ម៉ោង​រដ្ឋបាល​ម៉ោង​១២​ទៅ​ហើយ ចៅក្រម​ក៏​សម្រេច​ផ្អាក ហើយនឹង​បន្ត​សវនាការ​នៅ​ថ្ងៃទី​២៨​វិច្ឆិកា​ខាងមុខ។​

យ៉ាងហោចណាស់​មាន​ពលករ​ប្រមាណ​៣១​នាក់ បាន​ប្ដឹង​ទាមទារ​ប្រាក់​ពី​ឈ្មោះ ​ព្រុំ សារី​ទ្ធ នាយក​មជ្ឈមណ្ឌល​ភាសា​ជប៉ុន​ ដោយ​ចោទប្រកាន់​ពី​បទ​ឆបោក៕