ព័ត៍មានទាន់​ហេតុការណ៏
Search

អ​.​ហ​ខេត្ត​សៀមរាប ឃាត់ខ្លួន ជំទាវ លី អ៊ុំ​អេង ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែក​អត់​សាច់ប្រាក់​ក្នុង​ជំនួញ​ដីធ្លី​នៅ​សៀមរាប

សៀមរាប ​៖​ កម្លាំង​អាវុធហត្ថ​ខេត្ត​សៀមរាប ​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​ធ្វើការ​ឃាត់ខ្លួន​ លោក​ជំទាវ លី អ៊ុំ​អេង បន្ទាប់ពី​មាន​ដីកា​របស់​តុលាការ ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែក​អត់​សាច់​ប្រាក់​ក្នុង​ជំនួញ​ដីធ្លី នៅ​ខេត្ត​សៀមរាប។

ប្រតិបត្តិការ​នេះ​ បាន​ធ្វើឡើង​បន្ទាប់ពី លោក ងួន ណា​រ៉ា ប្រធាន​សាលាដំបូង​ខេត្ត​សៀមរាប និង​ជា​ចៅក្រម​ស៊ើបសួរ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៨ ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​» ប្រព្រឹត្ត​នៅ​ក្រុង​សៀមរាប ខេត្ត​សៀមរាប កាលពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨។

​បើតាម​ដីកា​តុលាការ មុនពេល​ចាប់ខ្លួន ចំពោះ​ករណី​នេះ​ គឺ​លោកស្រី លី អ៊ុំ​អេង បាន​គេច​ខ្លួន​មិន​ទទួលខុសត្រូវ នៅ​ពេលដែល​សមត្ថកិច្ច​បាន​ទៅដល់​គេហដ្ឋាន​របស់​លោក​ស្រី​។​

ដើមចម​ករណីនេះ ​គឺ​ពេល​កន្លងទៅ មាន​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ បាន​ចោទ​លោកស្រី លី អ៊ុំ​អេង ថា​រំលោភ​យក​ដី​របស់​ពួកគាត់​ប្រមាណ​ជាង​១០​ហិកតា នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង និង​ខេត្ត​សៀមរាប​។

ពលរដ្ឋ​ទាំងនោះ បាននាំគ្នា​ធ្វើការ​អំពាវនាវ​ឲ្យ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ជាពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផងដែរ​។ ​ទោះបីជា​យ៉ាងនេះ​ក្តី គេ​សង្ឃឹមថា ការ​ឃាត់ខ្លួន​នេះ​នឹង​អាចមាន​ភាព​យុត្តិធម៌​ទាំង​សង​ខាង​។​

បច្ចុប្បន្ន​ កម្លាំង​អាវុធហត្ថ​ខេត្ត​សៀមរាប​ កំពុង​នាំ​ខ្លួន​លោកជំទាវ លី អ៊ុំ​អេង ទៅ​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់​៕