ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុង​សេ​អ៊ូ​ល​និយាយថា កូរ៉េខាងជើង ​បានស្នើ​សុំ​ពន្យារពេល​កិច្ចពិភាក្សា​ជាមួយ​លោក Pompeo

អ្នកការទូត​កំពូល​របស់​ក្រុង​សេ​អ៊ូ​ល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​កូរ៉េខាងជើង​បានស្នើ​សុំ​ឲ្យ​សហរដ្ឋអាមេរិក​ពន្យារ​ពេល​កិច្ចពិភាក្សា​ជាន់ខ្ពស់​តាម​ការគ្រោងទុក​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​សប្តាហ៍​នេះ​។ អ្នកការទូត​បានលើកឡើង​បែបនេះ​មួយថ្ងៃ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានប្រកាស​អំពី​ការពន្យារពេល​របស់​កិច្ចប្រជុំ​នេះ​។​

ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ជំនួប​រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo និង​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​លោក Kim Yong Chol ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​គឺ​ត្រូវបាន​គេ​ផ្លាស់ប្តូរ​ទៅ​កាលបរិច្ឆេទ​ក្រោយ​វិញ​។​

ទោះបីជា​យ៉ាងណាក៏ដោយ មិនមាន​ការពន្យល់​ប​ន្ថែ​ម​ទៀត​ត្រូវបាន​គេ​ផ្តល់​ឲ្យ​ទេ​ប៉ុន្តែ​ក្រុង​ព្យុងយ៉ាង​កំពុង​ទាមទារ​ឲ្យ​មានការ​បន្ធូរបន្ថយ​ចំពោះ​ទណ្ឌកម្ម​ដែល​ត្រូវ​បានដាក់​លើ​កម្មវិធី​អាវុធ​របស់ខ្លួន​ស្រប​ពេលដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ទទូចថា ទណ្ឌកម្ម​គួរតែ​បន្ត​រហូត​ទាល់តែ​កូរ៉េខាងជើង​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​លោកស្រី Kang Kyung-wha បាន​និយាយថា វា​គឺ​ទីក្រុង​ព្យុងយ៉ាង​ដែល​បាន​ស្នើសុំ​ការពន្យា​ពេល​។​

លោកស្រី Kang បាន​ប្រាប់​សមាជិកសភា​ថា “​សហរដ្ឋអាមេរិក​បាន​ប្រាប់​យើង​ថា ខ្លួន​បានទទួល​សារ​មួយ​ពី​កូរ៉េខាងជើង​ដើម្បី​សុំ​ពន្យា​ពេល​កិច្ចប្រជុំ​នេះ​”​។​

របាយការណ៍​របស់​កូរ៉េខាងត្បូង​បាន​និយាយថា លោក Kim ដែលជា​ដៃស្តាំ​របស់​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​ត្រូវបាន​កំណត់ពេល​ជិះ​យន្តហោះ​នៅពេល​ថ្ងៃត្រង់​ចេញពី​ទីក្រុង​ប៉េកាំង​ទៅ​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​ពុធ​។​

ប៉ុន្តែ​កាសែត Chosun Ilbo បាន​រាយការណ៍​ថា ការ​កក់​របស់គាត់​ត្រូវបាន​លុបចោល​ម្តង​ហើយ​ម្តងទៀត​។​

ការពន្យារពេល​ភ្លាមៗ​នេះ​បាន​កើតមានឡើង​ត្រឹមតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រសួងការបរទេស​អាមេរិក​បានប្រកាសថា លោក Pompeo នឹង​ជួប​ជាមួយ​មន្ត្រី​កូរ៉េខាងជើង​ក្នុង​ទីក្រុង​ញូវយ៉ក​ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ឆ្ពោះទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​និង​ផែនការ​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ គីម ជុង​អ៊ុន​៕ AFP