ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​ជនជាតិ​អាមេរិក​ម្នាក់ ​បាន​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​នៅ​ក្រុង​សៀមរាប​

​សៀមរាប ​៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ជនជាតិ​អាមេរិក​ម្នាក់​បាន​ដេកស្លាប់​ក្នុង​បន្ទប់​ជួល​ជាច្រើន​ថ្ងៃ ដោយសារ​ជំងឺ​សំពាធ​ឈាម​ឡើង​គំហុក​។​

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​នៅវេលា​ម៉ោង​ប្រហែល​២០​និង​០០​នាទី​ ថ្ងៃទី​០៧ ខែ វិច្ឆិកា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប​។​

លោក​ឧត្ដមសេនីយ៍​ត្រី ជា គឹម​សាន ស្នងការរង ទទួលបន្ទុក​ផែន​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ជំនាញ​ខេត្ត​បាន​ទទួល​ព័ត៌មាន​ពី​តំណាង​ម្ចាស់​ផ្ទះ​ជួល​ថា មាន​ករណី​ជនបរទេស​ស្លាប់ ភ្លាមៗ​នោះ​កម្លាំង​យើង​បាន​ចុះ​ទៅដល់​កន្លែង​កើតហេតុ​ពិនិត្យឃើញថា ជនរងគ្រោះ​មានឈ្មោះ RIVERS DEAN STEPHEN ភេទ ប្រុស​អាយុ​៧១​ឆ្នាំ ជនជាតិ អាមេរិក កាន់​លិខិតឆ្លងដែន​លេខ ៥៦៦០៣៤២៨៤ មុខរបរ ចូលនិវត្តន៍ បាន​ដេកស្លាប់​នៅក្នុង​បន្ទប់​ជួល ស្ថិតនៅ​ភូមិ ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្ត​សៀមរាប​។​

លោក​បន្តថា តាម​ការសាកសួរ​តំណាង​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹងថា ​ដោយ​មិនឃើញ​ជនរងគ្រោះ​ចេញពី​ក្នុង​បន្ទប់​ខ្លួន​មានការ​សង្ស័យ​ក៏បាន​ទៅ​បើកទ្វារ​បន្ទប់​មើល ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ ហើយ​ខ្លួន​ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្ដង​។

​លោក​បញ្ជាក់ថា ផ្អែក​តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​ និង​លោក​វេជ្ជបណ្ឌិត អ៊ិត ឆប​ឆ​រ័ត្ន គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា ជនរងគ្រោះ​បាន​ស្លាប់​រយៈពេល​ប្រហែលជា​បី​ថ្ងៃ​មក​ហើយ ដោយសារ​ជំងឺ​សំពាធ​ឈាម​ឡើង​គំហុក​បណ្ដាល​ឲ្យ​ស្លាប់​។​

លោក​បញ្ជាក់ទៀតថា សព​ត្រូវបាន​បញ្ជូនទៅ​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត (​ពេទ្យ​រុស្ស៊ី​)​រាជធានី​ភ្នំពេញ តាម​សំណូមពរ​របស់​តំណាង​ស្ថានទូត​៕