ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​បក្សប្រឆាំង​អូស្ត្រាលី​លាលែង​ពី​តំណែង​ ក្រោយពេល​មានការ​ចោទប្រកាន់​ពីបទ​បៀតបៀន​មុន​បោះឆ្នោត

មេដឹកនាំ​គណបក្សប្រឆាំង​ក្នុង​រដ្ឋ​មាន​ប្រជាជន​ច្រើន​បំផុត​របស់​ប្រទេស​អូស្ត្រាលី​បាន​លាលែង​ពី​តំណែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​គាត់​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ #MeToo នៅពេល​អ្នកកាសែត​ស្រី​ម្នាក់​បានចេញ​សេចក្តីថ្លែងការណ៍​រៀបរាប់​លម្អិត​អំពី​អាកប្បកិរិយា​មិន​សមរម្យ​។​

មេដឹកនាំ​គណបក្ស​ពលករ​នៃ​រដ្ឋ New South Wales (NSW) លោក Luke Foley បាន​បដិសេធ​ការចោទប្រកាន់​ដែល​ធ្វើឡើង​ដោយ​អ្នកកាសែត ABC ម្នាក់​ប៉ុន្តែ​បាន​និយាយថា លោក​លាលែង​ពី​តំណែង​ជា​មេដឹកនាំ​គណបក្ស​ក្នុង​រយៈពេល​៤​ខែ​មុន​ការបោះឆ្នោត​រដ្ឋ​មួយ​ដែល​លោក​អាចនឹងទទួល​បាន​ជ័យជម្នះ​។​

លោក Foley បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​ស៊ីដនី​ថា “​ខ្ញុំ​មិនអាច​ប្រយុទ្ធ​ដើម្បី​លុបលាង​កេរ្តិ៍ឈ្មោះ​របស់ខ្ញុំ​និង​ប្រយុទ្ធ​ចំពោះ​ការបោះឆ្នោត​ក្នុងពេល​តែមួយ​បាន​នោះទេ​។ ខ្ញុំ​មិនអាច​ធ្វើ​វា​បាន​ទាំងពីរ​ឡើយ​។ ដូច្នេះ​ខ្ញុំ​នឹង​លាលែង​ពី​តំណែង​នៅថ្ងៃនេះ​”​។​

លោក Foley បាន​និយាយថា លោក​បាន​ជួល​មេធាវី​ហើយនឹង​ចាប់ផ្តើម​សកម្មភាព​ផ្លូវច្បាប់​ដើម្បី​ប្តឹង​ពីបទ​បរិហារកេរ្តិ៍​។ យ៉ាងណាក្តី គាត់​បាន​បដិសេធ​ឆ្លើយ​សំណួរ​ណាមួយ​។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ABC បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ពី​អ្នកកាសែត​ម្នាក់​ក្នុងចំណោម​អ្នកកាសែត​របស់ខ្លួន​ដែល​បាន​រៀបរាប់​លម្អិត​អំពី​ការប្រព្រឹត្ត​មិន​សមរម្យ​ដោយ​លោក Foley នៅឯ​ពិធីបុណ្យ​ណូអែល​មួយ​ក្នុង​ទីក្រុង​ស៊ីដនី​កាលពី​ឆ្នាំ​២០១៦​ដែល​ក្នុងនោះ​នាង​បាន​និយាយថា នាង​ត្រូវបាន​គេ​បង្ខំ​ឲ្យ​បង្ហាញ​ជា​សាធារណៈ​ដោយសារ​បញ្ហា​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​សភា​។​

ការចោទប្រកាន់​អំពី​ការ​បៀតបៀន​នេះ​ត្រូវបាន​លើកឡើង​ជា​លើកដំបូង​ដោយ​រដ្ឋមន្ត្រី​រដ្ឋាភិបាល​មួយ​នៅក្នុង​រដ្ឋសភា​កាលពី​ថ្ងៃទី​១៨​ខែតុលា​។​

អ្នកយកព័ត៌មាន Ashleigh Raper បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​របស់​នាង​ថា នាង​មិនដែល​ចង់បង្ហាញ​បញ្ហា​នេះ​ជា​សាធារណៈ​នោះទេ​។​

នាង Raper បាន​និយាយថា នាង​បានចេញ​សេចក្តីថ្លែងការណ៍​នេះ​ដោយសារតែ​នាង​ចង់​ឲ្យ​ការរំខាន​ដល់​ស្ត្រី​ត្រូវ​បញ្ឈប់​ហើយ​ឲ្យ​អ្នកនយោបាយ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ឧប្បត្តិហេតុ​បែបនេះ​ដើម្បី​ទទួល​ការគាំទ្រ​ផ្នែក​នយោបាយ​៕ REUTERS