ព័ត៍មានទាន់​ហេតុការណ៏
Search

លោក កឹម សុខា ចេញ​លិខិត​អបអរសាទរ​ខួប​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​០៩ វិច្ឆិកា​

ភ្នំពេញ ​៖ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានចេញ​លិខិត​អបអរសាទរ ខួប​លើក​ទី​៦៤ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៨) ដែល​ត្រូវ​រៀបចំឡើង​យ៉ាង​គ្រឹក​គ្រេង នៅ​វិមានឯករាជ្យ នា​ព្រឹក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។

នៅក្នុង​លិខិត​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ ដែល​លោក កឹម សុខា បាន​បង្ហោះ​នៅ​លើ បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ផ្ទាល់ខ្លួន បាន​ថ្លែងអំណរគុណ​ប្រកបដោយ កតញ្ញូតាធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​បុព្វបុរស​ខ្មែរ ដែល​បានធ្វើ​បាន​ពលី​កម្ម ការលះបង់ និង​ការតស៊ូ ដើម្បី​ទាមទារ​នូវ​ឯករាជ្យ​ជាតិ ជូន​ជាតិ​មាតុភូមិ ហើយ​លោក​យល់ថា ការ​ទាមទារ និង​ថែរក្សា​ការពារ​ឯករាជ្យ​ជាតិ​ពិតប្រាកដ​ទៅ​បាន គឺ​អាស្រ័យ​លើ​ការ​រួម​រួប​ជាតិ និង​មិន​អាច​មាន​ឯករាជ្យ​ជាតិ​ពិតប្រាកដ​បានទេ បើ​យើង​បែកបាក់​គ្នា​។

លោក កឹម សុខា សរសេរ​យ៉ាងនេះ​ថា “​ស្ថិត​ក្នុង​ឱកាស​ដ៏​មហោឡារិក នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥ ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​យ៉ាង​កក់​ក្តៅ​បំផុត​ជាមួយ​បងប្អូន​ជនរួមជាតិ​ខ្មែរ​ទាំងអស់​។ ខ្ញុំ​សូម​សំដែង​នូវ​អំណរគុណ​ប្រកបដោយ​កតញ្ញូតាធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត ជួន​ចំពោះ​បុព្វបុរស​ខ្មែរ ដែល​បានធ្វើ​ពលិកម្ម ការលះបង់ និង​ការតស៊ូ ដើម្បី​ទាមទារ​នូវ​ឯករាជ្យ​ជាតិ​ជូន​ជាតិ​មាតុភូមិ​។ ខ្ញុំ​យល់ថា ការ​ទាមទារ និង​ការថែរក្សា​ការពារ​ឯករាជ្យ​ជាតិ​ពិតប្រាកដ​ទៅបាន គឺ​អាស្រ័យ​លើ​ការ​រួបរួម​ជាតិ​។ ជាការ​ពិតណាស់ មិន​អាច​មាន​ឯករាជ្យ​ជាតិ​ពិតប្រាកដ​ទេ បើ​យើង​បែកបាក់​គ្នា​”​។ ជាមួយគ្នា​នោះ លោក កឹម សុខា បញ្ជាក់ថា “​ឆ្លៀត​ក្នុងឱកាស​ដ៏​ថ្លៃថ្លា​នេះដែរ ខ្ញុំ​សូម​បួងសួង​ឲ្យ​ស្មារតី​ឯករាជ្យ​ជាតិ​ពិតប្រាកដ ស្ថិត​នៅជាប់​ជានិច្ច ក្នុង​បេះដូង​ខ្មែរ​គ្រប់រូប​”​។

គួរ​រំលឹក​ថា លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ជាប់ចោទ​ពី​បទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ត្រូវបាន​តុលាការ​សម្រេច​ដោះលែង ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន នៅវេលា​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយសារតែ​បញ្ហា​សុខភាព​របស់​លោក បន្ទាប់ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។ ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ បាន​ភ្ជាប់​នូវ​លក្ខខណ្ឌ​ចាំបាច់​មួយចំនួន ដែល​រួមមាន​ដូចជា មិន​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅពី​ព្រំប្រទល់​នៃ​ដែនដី ដែល​ខណ្ឌ​ដោយ​ផ្លូវ​លេខ​៣១៣ ផ្លូវ​លេខ​៣១១ និង​ផ្លូវ​លេខ​៦០៨, ត្រូវ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​បុគ្គល ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​, មិនត្រូវ​ជួប​អតីត​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​បុគ្គល ឬ​ជនបរទេស​ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង និង​មិនត្រូវ​ជួបជុំ​ធ្វើ​សកម្មភាព​នយោបាយ​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114