ព័ត៍មានទាន់​ហេតុការណ៏
Search

ផឹក​ចំ​ស្រា​កាច បង្ក​ជម្លោះ​កាប់​ចាក់​គ្នា អ្នក​ចាញ់​ដេកពេទ្យ អ្នកឈ្នះ​រត់គេច​បាត់

ភ្នំពេញ​ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​បាន​រងរបួស​ធ្ងន់​ធ្ង​រ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​ឡើយ​ដោយសារ​ផឹកស៊ី​ស្រវឹង​ជោកជាំ​បង្ក​ជម្លោះ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​បាន​ប្រើ​កូនកាំបិត​ស្រួច​ចាក់​សន្ធាប់​មក​លើ​គាត់​បង្ក​ឲ្យ​របួសធ្ងន់​រួច​រត់​គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​នៅ​ចំណុច​ការដ្ឋាន​សំណង់​ស្ថិត​ក្នុង​ភូមិ​សំរោង សង្កាត់​ក្រាំងធ្នង់ ​ខណ្ឌ​សែន​សុខ កាលពី​យប់​ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ក្នុងករណី​នេះ ​ឈ្មោះ ឃុន វ​ទ្ឋី អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​បណ្តោះ​អាសន្ន​ក្នុង​ការដ្ឋាន​សំណង់ ក្បែរ​ចំណុច​កើតហេតុ​។

សាក្សី​ជា​កម្មករ​រួម​ការងារ​ជាមួយគ្នា​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ក្រោយ​បញ្ចប់​ការងារ​ពេល​ល្ងាច​ជនរងគ្រោះ​និង​ជន​បង្ក​ឈ្មោះ ទិន អាយុ​៤១​ឆ្នាំ​ នាំគ្នា​មក​ផឹកស៊ី​នៅផ្ទះ​មិត្ត​រួម​ការងារ​ឈ្មោះ សួន សារឿន មាន​គ្នា​សរុប​ចំនួន​៤នាក់ ផឹកស្រា​អេ​ឡិច​ហ្ស​ង់​វី​ស្គី​អស់​ចំនួន​៦​ដប​។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​ផឹកស៊ី នៅ​វេលា​ម៉ោង​២២​យប់ ជនរងគ្រោះ​និង​ជនបង្ក​បាន​ដើរ​ចេញ​មក​កន្លែង​ស្នាក់នៅ​ការ​ដ្ឋាន​សំណង់ ជន​ទាំង​២​នាក់​ កាល​ពី​ពេល​កំពុង​ផឹក​បាន​បង្ក​ទំនាស់​ពាក្យសំដី​គ្នា​ម្តង​មក​ហើយ លុះ​ពេល​បញ្ចប់​ការ​ផឹកស៊ី ចេញមក​វិញ​បាន​បង្ក​ជម្លោះ​ជាមួយគ្នា​ទៀត​រហូត ប្រើ​អំពើ​ហិង្សា​ដាក់គ្នា ដោយ​បាន​ប្រើ​កាំបិត​ស្រួច​ចាក់​មក​លើ ជនរងគ្រោះ របួស​យ៉ាងធ្ងន់ធ្ងរ រួច​គេច​ខ្លួនបាត់​ភ្លាមៗ​។

ជនរងគ្រោះ​ ត្រូវ​បាន​មិត្ត​រួមការ​ងារ​ដឹក​យក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត ដោយមាន​ស្លាក​ស្នាមរបួស​ធ្ងន់ធ្ងរ​ត្រង់​ប្រអប់ដៃ​ឆ្វេង​និង​ក្រោម​ឆ្អឹងដងកាំបិត​ខាងស្តាំ ឈាម​ហូរ​ជោក​ខ្លួន​៕