ព័ត៍មានទាន់​ហេតុការណ៏
Search

សន្តិសុខ​ក្រុមហ៊ុន​EPS ខ្ចី​ម៉ូតូ​ពី​នារី​កម្មករ​រោងចក្រ​យក​ទៅ​បញ្ចាំ លោក​ចៅក្រម​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន

កណ្ដាល ៖ លោក ទី សំណាង ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តកណ្តាល នៅ​ថ្ងៃទី​០៨ វិច្ឆិកា ឆ្នាំ២០១៨ បានសម្រេច​ចេញ​ដីកា​ឃុំខ្លួន​ជន​ស​ង្ស័យ​ជា​សន្តិសុខ​ក្រុមហ៊ុន​EPS ខ្ចី​ម៉ូតូ​ពី​នារី​កម្មករ​រោងចក្រ​យក​ទៅ​បញ្ចាំ​នៅ​ឃ្លាំង​រំសេវ ចំនួន​៥០០​ដុល្លារ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ​”​រំលោភ​លើ​ទំនុកចិត្ត​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​២០១៨ តាម​មាត្រា​៣៩១ ,៣៩២ នៃ​ក្រមព្រហ្មទណ្ឌ​។ ទោស​ដែល​ត្រូវ​អនុវត្ត អំពើ​រំលោភ​លើ​ទំនុកចិត្ត ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ពី​៦(​ប្រាំមួយ​) ទៅ​៣(​បី​)​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១.០០០.០០០(​មួយ​លាន​)​រៀល ទៅ​៦.០០០.០០០(​ប្រាំមួយ​លាន​)​រៀល​។

ជន​ត្រូវ​ចោទ​មានឈ្មោះ យ៉ាន់ កុស​ល្យ ហៅ​និ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​សន្តិ​សុខ​ក្រុមហ៊ុន​EPS បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ក្រុមហ៊ុន​ស៊ី​ភី ស្ថិត​ក្នុង​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ងឿ​ម បុប្ផា ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​កម្មការិនី​ក្រុមហ៊ុន​ស៊ី​ភី មាន​ទី​លំ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ដោយឡែក​ទ្រព្យសម្បត្តិ​បាត់បង់​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AW-4140។

នគរបាល​ក្រុង​តាខ្មៅ​បាន​ឲ្យ​ដឹង​ថា កន្លងមក​ជនសង្ស័យ​និង​នារី​រងគ្រោះ​ធ្វើការ​នៅក្នុង​ក្រុមហ៊ុន​ស៊ី​ភី ដោយ​ជនសង្ស័យ​ជា​សន្ដិសុខ រីឯ​នារី​ជា​កម្មការិនី ហើយ​បាន​ទំនាក់ទំនង​ស្គាល់គ្នា រហូតមកដល់​ថ្ងៃ​កើតហេតុ ជនសង្ស័យ​ខាងលើ​បាន​ខ្ចី​ម៉ូតូ​នារី​រងគ្រោះ​ថា ទៅ​យក​ឥ​វ៉ាន់​នៅ​រាជធានី​ភ្នំពេញ រីឯ​នារី​រងគ្រោះ​ក៏​យល់ព្រម​ឲ្យ​ជនសង្ស័យ​ខ្ចី​ម៉ូតូ​ដែរ។

ក្រោយពី​ជនសង្ស័យ​បាន​ម៉ូតូ​រួច ភ្លាម​នោះ​ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ទៅ​បាត់​រហូត​តែម្ដង ដោយ​ពុំ​យក​ម៉ូតូ​ឲ្យ​នារី​រងគ្រោះ​វិញ​ទេ ដោយ​នារី​រងគ្រោះ​រង់ចាំ​យូរ​មិនឃើញ​ជនសង្ស័យ​យក​ម៉ូតូ​មក​ឲ្យ​ខ្លួន​វិញ រហូតមកដល់​វេលា​ម៉ោង​២១​និង​១០​នាទី នារី​រងគ្រោះ​ក៏​សម្រេច​ដាក់ពាក្យ​បណ្ដឹង​ទៅ​សមត្ថកិច្ច​ក្រុង​តាខ្មៅ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

បន្ទាប់ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្ដឹង​ពី​នារី​រងគ្រោះ​រួច ភ្លាម​នោះ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​សាកសួរ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ខ្ចី​ម៉ូតូ​របស់​ជនរងគ្រោះ​ប្រាកដ​មែន ហើយ​យក​ម៉ូតូ​នោះ​ទៅ​បញ្ចាំ​នៅ​ហាង​បញ្ចាំ​មិន​ចាំ​យីហោ​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ ដោយ​បាន​លុយ​ចំនួន​៥០០​ដុល្លារ​សហរដ្ឋអាមេរិក​យក​ទៅ​ឲ្យ​មិត្តភក្ដិ​ខ្ចី​អស់​បាត់​តែម្ដង៕