ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​អាវុធហត្ថ ចុះ​បញ្ឈប់​សកម្មភាព​ជីកដី​ភ្នំ​ខុសច្បាប់​ របស់​ក្រុមហ៊ុន សាំង គង់ នៅ​សង្កាត់​កំពង់ស្វាយ

បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​លោក​វរសេនីយ៍ទោ ធៀ​ម ភក្តី ប្រធាន​មន្ទីរ​បច្ចេកទេស​សន្តិសុខ បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ ដែល​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​ដោយមាន​ការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ហាមឃាត់ និង​បញ្ឈប់​ការ​ជីកកកាយ​ដី​ភ្នំ​ដោយ​ខុសច្បាប់​របស់​ក្រុមហ៊ុន សាំង គង់ នៅ​ចំណុច​ភ្នំ​កង​វ៉ា ស្ថិតនៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​លោក​បញ្ជា​ឲ្យ​កម្លាំង​អាវុធហត្ថ​ចុះ​បង្ក្រាប​នេះ​ដោយ​ទទួល​បទបញ្ជា​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​ឲ្យ​កម្លាំង​អាវុធហត្ថ​ទូទាំង​ប្រទេស​ត្រូវ​ចុះ​បង្ក្រាប បទល្មើស​ធនធានធម្មជាតិ ដូចជា ការ​កាប់​ព្រៃឈើ​ខុសច្បាប់ កាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ កាយ​ដី​ភ្នំ​លក់​ដោយ​ខុសច្បាប់ ​រុករក​រ៉ែ​ខុសច្បាប់ ចាប់ ឬ​នាំ​សត្វព្រៃ​ខុសច្បាប់ និង​បទល្មើស​នេសាទ​ខុសច្បាប់​ជាដើម​។

លោក​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ​ការ​ចុះ​បង្ក្រាប​នេះ​មាន​កម្លាំង​ជំនាញ បាន​ធ្វើការ​ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ ចំនួន​៦​នាក់ និង​ដកហូត​វត្ថុ​តាង​រួមមាន អេស្កាវ៉ាទ័រ ចំនួន​៣​គ្រឿង និង​រថយន្ត​ដឹក​ដី ចំនួន​៩​គ្រឿង​ក្រោយពី​ឃាត់​ហើយ​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់៕