ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​ជម្រើសជាតិ​កម្ពុជា លោក ប៉ែន ផាត បន្តទៅ​បង្ហាត់​បាល់ទាត់​នៅ​ប្រទេស​ថៃ តែ​ផ្លាស់ប្តូរ​ក្លិប​ថ្មី

​លោក ប៉ែន ផាត អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា ជំនាន់​ទសវត្ស​ទី ៦០ បាន​ផុត​កិច្ចសន្យា​បង្ហាត់​ក្រុមបាល់ទាត់​យុវជន​ថ្នាល​នៅ​ខេត្ត​ឈុន​បូរី ប្រទេស​ថៃ ហើយ​ត្រឡប់​ទៅ​រស់នៅ​ប្រទេស​បារាំង ខណៈ​ពេល​នេះ​លោក​បាន​សម្រេចចិត្ត​ដឹកនាំ​ក្រុម​ថ្មី​មួយទៀត​នៅ​ប្រទេស​ថៃ ស្រប​ពេល​លោក​ក៏​មិន​មាន​ការងារ​ដែល​ធ្វើ​ពាក់ព័ន្ធ​នឹង​បាល់ទាត់​នៅ​ប្រទេស​កម្ពុជា ដែល​ជា​ស្រុកកំណើត​។

​ចំណែក​សាលា​បាល់ទាត់​ថ្មី​ដែល​លោក ប៉ែន ផាត ទៅ​ដឹកនាំ​នោះ​មានឈ្មោះ​សាលា​បាល់ទាត់ Thai Kid Soccer​។ បង្កើត​ឡើង​ប្រមាណ​១៦​ឆ្នាំ​មកហើយ និង​ផ្ដោត​លើ​ការ​អភិវឌ្ឍ​យុវជន មិន​ត្រឹមតែ​លើ​បាល់ទាត់​ទេ តែ​ក៏​ផ្ដល់​ឱកាស​រៀនសូត្រ​ដើម្បី​អភិវឌ្ឍ​ជីវិត ដោយមាន​ទាំង​កីឡា​ផ្សេងៗ​, សិល្បៈ និង​តន្ត្រី ទៀតផង​។ ក្រុម​របស់​នេះ​មាន​យុវជន​ពី​ចន្លោះ​អាយុ​១១​ឆ្នាំ​ដល់​១៨​ឆ្នាំ ដោយ​ហូបចុក​ស្នាក់នៅ​ក្លិប​តែម្ដង​។

អតីត​វីវៈ​បុរស​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា «​ខ្ញុំ​បាន​ចុះ​កិច្ចសន្យា​ដឹកនាំ​ក្រុម​នេះ គឺ​បង្ហាត់​ក្មេងៗ​។ ពួក​គេ​សុទ្ធតែ​ចង់​ចេះ​លេង​បាល់​ឲ្យ​ពូកែ​ដូច​ខ្ញុំ​។ ម្យ៉ាង​ខ្ញុំ​ចេះ​ភាសា​ថៃ​ស្រាប់ ដោយសារ​ខ្ញុំ​ធ្លាប់​ធ្វើការ​នៅ​ទីនោះ​ក្នុងនាម​ជា​កីឡាករ​មិន​ពិបាក​ក្នុង​ការ​ទំនាក់​ទំនងជា​មួយ​កីឡាករ​។ ខ្ញុំ​ចុះកិច្ចសន្យា​រយៈពេល​មួយ​ ព្រោះ​គិតថា​ចង់​ធ្វើ​ការងារ​អី​ផ្សេងទៀត​»។

សូម​រំលឹក​ថា ​លោក ប៉ែន ផាត ធ្លាប់​បាន​ត្រឡប់មក​ប្រទេស​កម្ពុជា វិញ​កាលពី​ឆ្នាំ​២០១៥-២០១៦ កន្លង​ទៅ​ដោយ​ដឹកនាំ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ប៉ុន្តែ​ដឹកនាំ​បាន​មួយ​រយៈ​លោក​បានធ្វើ​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​បារាំង​វិញ ដោយសារ​ក្លិប​មិនអាច​ធ្វើតាម​អ្វី​ដែល​លោក​ចង់បាន​។ តែ​យ៉ាង​ណា​ក្តី​លោក​នៅតែ​មិន​ដាច់​អាល័យ​ពី​កម្ពុជា​ដែរ ដោយ​លោក​នៅ​ជា​សមាជិក​ក្រុមបាល់ទាត់​វ័យចាស់​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ផងដែរ​។

អំឡុង​ពេល​មាន​សង្គ្រាម លោក ប៉ែន ផាត និង​ក្រុម​គ្រួសារ​បាន​រត់គេច​ទៅ​ស្នាក់នៅ​ប្រទេស​បារាំង ហើយ​លោក​បាន​ធ្វើ​ដំណើរ​មកកាន់​កម្ពុជា​កាលពី​ចុងខែ កក្កដា ឆ្នាំ​២០១៥ កន្លងទៅ ដើម្បី​ចូល​ដឹកនាំ​ក្រុម​វេ​ស្ទើ​ន​។ លោក​មាន​អាយុ ៧០​ឆ្នាំ ជា​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​កម្ពុជា​កាលពី​ទសវត្ស​១៩៦០-៧០ ហើយ​ជំនាន់​នោះ​លោក​ក៏បាន​កសាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ផងដែរ​នៅក្នុង​ក្លិប Rapracha នៃ​ក្របខណ្ឌ​កំពូល​របស់​ថៃ​នា​សម័យ​នោះ រហូត​ទទួល​បាន​រហស្សនាម​ថា «ពស់កេងកង»។ ម្យ៉ាងទៀត​លោក​ជា​សមាជិក​ម្នាក់​ដែល​បាន​ជួយ​ឲ្យ​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៤​នៃ ពានរង្វាន់​ទ្វីបអាស៊ី Asian Cup កាលពី​ឆ្នាំ​១៩៧២៕