ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​សុខាភិបាល ​ស្នើ​ឲ្យ​ភោជនីយដ្ឋាន​ជាង​២​ពាន់​កន្លែង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សុវត្ថិភាព​ចំណីអាហារ​ ដើម្បី​ក្លាយជា​ភោជនីយដ្ឋាន​ស្តង់ដារ

ភ្នំពេញ​ ៖ មន្ត្រីជាន់ខ្ពស់​នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ និង​បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង នៃ​ក្រសួងសុខាភិបាល​បាន​ស្នើ​ឲ្យ​ភោជនីយដ្ឋាន​ជាង​២​ពាន់​កន្លែង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​សុវត្ថិភាព​ចំណីអាហារ​ដើម្បី​ក្លាយជា​ភោជនីយដ្ឋាន​មួយ​មាន​ស្ដង់ដារ​សំដៅ​ចូលរួម​ចំណែក​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ដោយ​ចំណីអាហារ​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​។

ថ្លែង​ក្នុង​ឱកាស បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី ការ​អនុវត្ដ​ន៍ អនាម័យ​ល្អ តាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋាន​កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​ភ្នំពេញ លោក​ឱសថ​បណ្ឌិត ហេង ប៊ុន​គៀត ប្រធាន​នាយកដ្ឋាន​ឱសថ ចំណីអាហារ និង​បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង នៃ​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹង​ថា ​គិត​ត្រឹម​ខែតុលា​នេះ​មាន​ភោជនីយដ្ឋាន​ និង ​អាហារដ្ឋាន​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​៤៥៦២ ក្នុង​នោះ​មាន​២០២០​ជា​ភោជនីយដ្ឋាន ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល ឬ​វិញ្ញាបនបត្រ អនាម័យ​ចំណីអាហារ និង​គោលការណ៍​អនុវត្ដ​ន៍​ល្អ​ពី​ក្រសួងសុខាភិបាល​និង​ជាង​២​ពាន់​នៅ មិនទាន់​សហការ​ជាមួយ​ក្រសួងសុខាភិបាល​នៅឡើយ​ទេ​។

លោក​ឱសថ​បណ្ឌិត ហេង ប៊ុន​គៀត បាន​បាន​បន្ត​ទៀត​ថា ក្នុងចំណោម​អាហារ​ដ្ឋា​ន​និង​ភោជនីយដ្ឋាន​ទូទាំង​ប្រទេស​សរុប ៤៥៦២​ក្នុង​នោះ​មាន​មាន​វិញ្ញាបនបត្រ អនាម័យ និង​ស្លាក​សញ្ញា​(Logo) ២០២០ ដោយមាន​Logo ចំនួន ១៤៣១ គឺ​កម្រិត​ល្អ​A៖ ៤៣៥, បង្គួរ​B៖ ១២៣ និង​មធ្យម​C៖៣១ សម្រាប់​ហាង​ដែល​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល និង​វិញ្ញាបនបត្រ មិនទាន់​បាន​ទទួល​បាន Logo ត្រូវ​បន្ដ​ប្រឹងប្រែង​ពង្រឹងគុណភាព​បន្ថែម​ទៀត។

លោក​ឱសថ​បណ្ឌិត ហេង ប៊ុន​គៀត បញ្ជាក់​ថា ការ​បណ្ដុះបណ្ដាល​ស្ដីពី ការ​អនុវត្ដ​ន៍ អនាម័យ​ល្អ តាម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន គឺ​មិនមែន​មានតែ​នៅ​កម្ពុជា​យើង​ទេ គឺ​មាន​គ្រប់​ប្រទេស​បណ្ដា​ប្រទេស​។ សម្រាប់​កម្ពុជា ក៏​នឹង​បន្ដ​ប្រឹងប្រែង​ក្នុង​ការ​ផ្ដល់​ចំណេះដឹង​ដែល​ទទួល​បាន​ពី​ការ​បណ្ដុះបណ្ដាល​ពី​ក្រៅប្រទេស ក្រោម​ជំនួយ​ពី​រដ្ឋាភិបាល ណូ​វេ​ហ្ស​ឡង់ មក​អភិវឌ្ឍន៍​វិស័យ​ចំណីអាហារ​នៅ​កម្ពុជា ប្រកបដោយ​គុណភាព និង​ស្តង់ដារ​ខ្ពស់​ដូច​បណ្ដា​ប្រទេស​ដូច្នេះ​ដែរ​។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​ឱសថ​បណ្ឌិត ហេង ប៊ុន​គៀត​ បាន​អំពាវនាវ​ដល់​ម្ចាស់​អាហារដ្ឋាន និង​ភោជនីយដ្ឋាន​ទាំងអស់ សូម​មក​ទទួល​ការ​វគ្គ​បណ្ដុះបណ្ដាល​អនាម័យ​ចំណីអាហារ និង​គោលការណ៍​អនុវត្ដ​ន៍​ល្អ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បន្ដ​ពង្រឹងសមត្ថភាព លើ​គុណភាព អនាម័យ និង​បំពេញ​កាតព្វកិច្ច​ជា​អាជីវករ​មួយ​ដ៏​ត្រឹមត្រូវ ដើម្បី​ក្លាយជា​ភោជនីយដ្ឋាន​ស្តង់ដារ​មួយ ដែល​ផ្ដល់​ទំនុក​ចិ​ត្ដ និង​ទទួល​បាន​កិត្តិយស ពី​អតិថិជន​ជា​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ ពិសេស​ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ដោយ​ចំណីអាហារ​នៅ​កម្ពុជា​ផង​ដែរ​៕