ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ភ្នំពេញ​ក្រោ​ន ដំឡើង​គ្រូ​បង្វឹក​អ្នកចាំទី​យុវជន​ថ្នាល​ឲ្យ​ធ្វើ​ជា​គ្រូបង្វឹក​អ្នកចាំទី​ក្រុម​ឈុត​ធំ​វិញ

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​លី​គ​កំពូល​កម្ពុជា បាន​ប្រកាស​តែងតាំង​អតីត​គ្រូបង្វឹក​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​កម្ពុជា ជនជាតិ​ប្រេ​ស៊ី​ល គឺ​លោក Luis Fernando Andrade Vasconcellos Vitorino Da Silva ដែល​ជា​ប្អូនប្រុស​បង្កើត​លោក Leonardo Vitorino ពី​គ្រូបង្វឹក​ក្នុង​ក្រុមយុវជន​ថ្នាល​ទៅជា​គ្រូបង្វឹក​របស់​ក្រុម​អ្នកចាំទី​ក្រុម​ឈុត​ធំ​។

​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​បញ្ជាក់​នៅ​លើ​វិ​ប​សាយ​ផ្ទាល់ខ្លួន​ក្រោយ​ប្រកាស​តែងតាំង​ផ្លូវការ​នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ សប្ដាហ៍​នេះ​ថា​ «​យើង​សង្ឃឹម​យ៉ាង​ជឿជាក់​ថា ក្នុងនាម​ជា​គ្រូបង្វឹក​អ្នកចាំទី​ក្រុម​ឈុត​ធំ​ថ្មី​នេះ លោក​នឹង​នៅតែ​បន្ត​ធ្វើ​ការ​ចែករំលែក​ប​ទ​ពិសោធន៍ និង​ធ្វើការ​ហ្វឹកហាត់​ទៅកាន់​ក្រុម​កីឡាករ​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​»​។

គ្រូបង្វឹក​ជនជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​ មាន​ប្រវតិ្ត​ជា​អតីត​គ្រូបង្វឹក​អ្នកចាំទី​ក្រុម​ជម្រើសជាតិ​កម្ពុជា​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ ព្រមទាំង​ធ្លាប់​បំពេញការងារ​នៅ​ក្លិប​បាល់ទាត់ Lanexang United របស់​ឡាវ​ពី​ឆ្នាំ​២០១៦-២០១៧ ខណៈ​ដែល​ក្លិប​នេះ​បាន​គ្រង​តំណែង​ជា​ជើងឯក​លី​គ​កំពូល​ឡាវ កាលពី​ឆ្នាំ​២០១៦​ផងដែរ​។ ក្រៅ​ពី​នេះ​លោក​ក៏​ធ្លាប់​បំពេញការងារ​នៅ​តាម​បណ្តា​ក្លិប​មួយចំនួនទៀត​នៅក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ដូចជា Bonsucesso FC (​ឆ្នាំ​២០១៦), ក្លឹប Bangu AC (​ពី​ឆ្នាំ​២០១៤- ២០១៥) និង​ក្លឹប Goytacaz FC (​ឆ្នាំ​២០១៣) ជាដើម​។

ក្រុម​ភ្នំពេញ​ក្រោ​ន ថ្មីៗ​នេះ បាន​តែងតាំង​ក្បាលម៉ាស៊ីន ថ្មី​ក្រោយ​ជម្រុះ​ថ្នាក់ដឹកនាំ​ចាស់​អស់​បន្ទាប់ពី​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ ចំណែក​ថ្នាក់ដឹកនាំ​ថ្មី​របស់​ក្លិប​មាន​ដូច​ជា លោក លី ហៀ​ង ជា​អ្នកចាត់ការ​ទូទៅ​ក្លិប ចំណែក លោក Leonardo Vitorino ជា​គ្រូ​បង្គោល​ថ្មី ស្រប​ពេល​ប្អូនប្រុស​របស់ខ្លួន Luis Fernando Vitorino កាន់​តំណែង​ជា​គ្រូបង្វឹក​អ្នកចាំទី​ឈុត​ធំ​។ អតីត​គ្រូ​វេ​ស្ទើ​ន លោក ស៊ុំ វណ្ណា បាន​ទទួល​តំណែង​ជា​គ្រូ​ជំនួយ​ក្រុម​ឈុត​ធំ ខណៈ​ដែល​អតីត​ខ្សែប្រយុទ្ធ កែវ សុខ​ង៉​ន ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ឈុត​ធំ​។

សូម​បញ្ជាក់​ថា ​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ ថ្មីៗ​នេះ​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​ភ្នំពេញ​ក្រោ​ន រក្សា​ចំណាត់ថ្នាក់​លេខ​៥​ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​បាន​១១​លើក ស្មើគ្នា​៣​លើក​និង​ចាញ់​៨​លើក​មាន​៣៦​ពិន្ទុ ពោល​គឺ​ចាញ់​ក្រុម​កំពូល​តារាង​ណាហ្គា​វើ​ល រហូតដល់​២០​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន ទាត់​ប​ញ្ជូ​ល​ទី​គូប្រកួត​បាន​៤១​គ្រាប់ ហើយ​គេ​ទាត់​ចូល​វិញ​ចំនួន​៣៣​គ្រាប់​។ ចំណែក​នៅក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup)​វិញ​ក្រុម​ក្រុម​ភ្នំពេញ​ក្រោ​ន បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨​ក្រុម​ចុងក្រោយ បន្ទាប់ពី​ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ដែល​មកពី​ខេត្តសៀមរាប ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្តី​៤​ទល់​៣ ក្រោយ​ប្រកួត​ស្មើគ្នា​ទាំង​២​ជើង​៤​ទល់​៤៕