ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្រី Rhona Smith ទទួល​ស្គាល់​ថា កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​អភិ​វឌ្ឍន៍ បន្ទាប់ពី​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​កំពុង​ប្រែក្លាយ​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់

ភ្នំពេញ​ ៖ អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូ​ណា ស្មី​ត (Rhona Smith) បាន​អះអាង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍ បន្ទាប់ពី​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ និង​មាន​ចក្ខុវិស័យ​ប្រែក្លាយ​ទៅជា​ប្រទេស ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៥០ ហើយ​ដើម្បី​បង្ហាញផ្លូវ​ឆ្ពោះទៅ​រក​ការ​សម្រេចបាន​នូវ​ចក្ខុ​វិស័យ​នេះ រដ្ឋាភិបាល​បានអនុម័ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ផងដែរ​។

លោកស្រី Rhona Smith លើកឡើង​បែបនេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​រសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​បង្ហាញ​ពី​របាយការណ៍​មួយ​ចំនួន ដែល​បាន​រក​ឃើញ​បឋម​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​១១​ថ្ងៃ​នៅ​កម្ពុជា​។ លោកស្រី​អះអាង​ថា បេសកកម្ម​នៅ​ប្រទេស​កម្ពុជា​របស់​លោក​ស្រី​លើក​នេះ ផ្ដោតលើ​ការធ្វើ​មូលដ្ឋាន​រូបនីយកម្ម នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ និង​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​នានា ជាពិសេស​គោលដៅ​អភិវឌ្ឍ​ន៍ទី​១៦ ស្ដីពី “​សន្តិភាព យុត្តិធម៌ និង​ស្ថាប័ន​រឹងមាំ​” ហើយ​នៅក្នុង​អំឡុង​ពេល​បំពេញ​បេសកកម្ម​នេះ លោកស្រី​បាន​ជួប​ថ្នាក់ដឹកនាំ និង​មន្ត្រីជាន់ខ្ពស់​របស់​រាជ​រដ្ឋាភិបាល​មួយចំនួន​ដូចជា សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​, ឯកឧត្តម អូន​ព័ន្ធ មុនី​រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ជាដើម​។

អ្នករាយការណ៍​ពិសេស អសប លោកស្រី រ៉ូ​ណា ស្មី​ត បាន​ថ្លែង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ផ្សេង​មួយចំនួនទៀត​។ បន្ទាប់ពី​ទទួលបាន​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ប្រទេស​កម្ពុ​ជា​មាន​ចក្ខុវិស័យ​ប្រែក្លាយ​ទៅជា​ប្រទេស ដែល​មាន​ប្រាក់ចំណូល​ខ្ពស់​នៅត្រឹម​ឆ្នាំ២០៥០​។ ដើម្បី​ជួយ​បង្ហាញផ្លូវ​ឆ្ពោះ​ទៅ​រក​ការសម្រេចបាន​នូវ​ចក្ខុ​វិស័យ​នេះ រដ្ឋាភិបាល​បាន​អនុម័ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​កំពុង​រៀបចំ​បញ្ចប់​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ផែនការ​មូលដ្ឋាន​រូបនីយកម្ម សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។ ជាមួយគ្នា​នោះ លោកស្រី​ក៏បាន​លើកទឹកចិត្ត​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ចប់​ឲ្យ​បាន​ឆាប់រហ័ស និង​ផ្សព្វផ្សាយ​នូវ​ផែនការ​មូលដ្ឋាន​រូបនីយកម្ម​នេះ​។

តាម​លោកស្រី Rhona Smith ការ​លើក​កម្ពស់ និង​ការ​ការពារ​សិទ្ធិមនុស្ស គឺជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ និង​ផែនការ​ទាំងអស់ ហើយក៏​សំខាន់​សម្រាប់​ឆ្ពោះទៅ​រក​ចក្ខុវិស័យ​ឆ្នាំ២០៥០ ផង​ដែរ​។ ដើម្បី​វាយតម្លៃ​ឲ្យបាន​ប្រសើរ​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​លោកស្រី​បាន​ផ្ដោតលើ​បញ្ហា​ចំនួន​៣ ដែល​ពាក់ព័ន្ធ​គ្នា​គឺ គណនេយ្យភាព​, ការចូលរួម និង​ការមិន​ទុក​មនុស្ស​ណា​ម្នាក់​ចោល​។

ទាក់ទង​បញ្ហា​អង្គការ​សង្គម​ស៊ីវិល​លោកស្រី រ៉ូ​ណា ស្មី​ត បាន​ស្វាគមន៍​ចំពោះ​ការបង្កើត​នៅ​ក្រុមការងារ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​ពិគ្រោះ​យោបល់​ជា​ទៀងទាត់​ជាមួយ​សង្គម​ស៊ីវិល ដែល​បញ្ហា​នេះ វា​នឹង​កាន់​តែ​មាន​សារៈសំខាន់ នៅពេល​ក្រុមការងារ​ថ្មី​នេះ អាច​អនុម័ត​វិធីសាស្ត្រ​ធ្វើការ​ងារ​ច្បាស់លាស់ និង​មាន​តម្លាភាព​សំដៅ​បង្ក​ឲ្យ​មាន​បរិយាកាស​ប្រកបដោយ​បរិ​យាប​ន្ន ជាមួយ​អង្គការ​សង្គម​ស៊ីវិល ក្នុង​កិច្ច​ពិគ្រោះ​យោបល់​តាមរយៈ​ការ​ធ្វើ​ការងារ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ ក្នុង​ការ​រៀបចំ​របៀប​វារៈ កិច្ចប្រជុំ​នានា ផ្តល់​ពេលវេលា​ឲ្យ​ពួកគេ​រៀបចំខ្លួន​សម្រាប់​កិច្ចប្រជុំ និង​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​តួនាទី​ក្នុង​ការ​តាមដាន និង​បន្ត​ធ្វើការ​លើ​បញ្ហា​ទាំងឡាយ ដែល​បាន​លើក​ឡើង​ក្នុង​ក្រុមការងារ​នេះ ហើយ​លោកស្រី​បាន​លើកទឹកចិត្ត​ដល់​គូភាគី​ឲ្យ​មាន​ស្មារតី​សហការ​គ្នា​ពិតប្រាកដ​។

ជាមួយគ្នា​នោះ លោកស្រី​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​សេចក្តី​ណែនាំ ដែល​ចេញ​ដោយ​ក្រសួងមហាផ្ទៃ ទៅកាន់​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ហើយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រាប់​លោកស្រី​យ៉ាង​ច្បាស់​ថា សេចក្តី​ណែនាំ​ថ្មី​នេះ បាន​លុបចោល​លិខិត ដែល​ចេញ​កាលពី​ខែតុលា ឆ្នាំ​២០១៧​។ ទោះជា​យ៉ាងណា​លោកស្រី​អះអាង​ថា អង្គការ​សង្គម​ស៊ីវិល នៅ​តែ​មាន​បញ្ហា​ប្រឈម និង​បន្ទុក​យ៉ាងធ្ងន់ធ្ងរ​ទាក់ទង​ទៅ​នឹង​លក្ខខណ្ឌ​តម្រូវ​តាមច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​សហជីព បទប្បញ្ញត្តិ​ពន្ធដារ និង​ច្បាប់​ដទៃទៀត​។

ចំណែក​ទាក់ទង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើក​ឡើង​ថា ជំនួយ​ផ្លូវច្បាប់ ដែល​អាច​រកបាន​សម្រាប់​អ្នក​ដែល​មាន​តម្រូវការ​ផ្លូវច្បាប់ គឺជា​ជំហាន​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការធានា​សិទ្ធិ​ទទួល​បាន​សេវា​យុត្តិធម៌​សម្រាប់​ទាំងអស់គ្នា ហើយ​ក្នុង​ករណី​នេះ វឌ្ឍនភាព​ក្នុង​ការ​បង្កើត​គោលនយោបាយ​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​ជន​ក្រីក្រ តាមរយៈ​ដំណើរការ​តាក់តែង ដែល​មាន​លក្ខណៈ​ពិគ្រោះ​យោបល់ និង​ការចូលរួម​កំពុងតែ​ទទួល​បាន​ការ​លើកទឹកចិត្ត ហើយ​លោកស្រី​ទន្ទឹងរង់ចាំ​ពី​ការ​អនុម័ត​ឲ្យ​បាន​ឆាប់​នូវ​គោលនយោបាយ​នេះ និង​ស្វាគមន៍​ផង​ដែរ ដល់​ការ​បង្កើន​ថវិកា​សម្រាប់​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ ហើយ​នៅតែ​លើកទឹកចិត្ត​ឲ្យ​មានការ​បង្កើន​ឡើង​ឲ្យ​បាន​ច្រើន​ថែមទៀត ពីព្រោះ​ជំនួយ​ផ្នែក​ច្បាប់​ដល់​ជន​ក្រីក្រ​នេះ កាន់តែ​ជួយ​បម្រើ​ដល់​មនុស្ស​ទាំងអស់ ដែល​ត្រូវការ​សេវា​នេះ នា​ពេល​អនាគត​។ ក្រសួងយុត្តិធម៌ ក៏បាន​លើកឡើង​ពី​ផែនការ​បង្កើត​សាលាឧទ្ធរណ៍ ថ្នាក់​តំបន់ និង​មណ្ឌល​សេវាកម្ម​ច្បាប់​នៅ​ថ្នាក់​ស្រុក ដែល​លោកស្រី​ជឿជាក់​ថា នឹង​ជួយ​នាំ​សេវា​យុត្តិធម៌​ឲ្យ​កាន់តែ​ខិត​ជិត​ប្រជាជន​នៅ​ទូទាំងប្រទេស​។

ជា​មួយ​គ្នា​នេះ​ដែរ សិទ្ធិ​ទទួល​បាន​សេវា​យុត្តិធម៌ ក៏​ទាមទារ​ឲ្យ​មាន​សវនាការ​ឲ្យ​បាន​ឆាប់រហ័ស​ផង​ដែរ ហើយ​លោកស្រី​បារម្ភ​ពី​ពេលវេលា ដែល​ត្រូវ​បើកសវនាការ និង​ចំនួន​ដ៏​ច្រើន​លើសលប់ នៃ​អ្នក​ជាប់ឃុំ​បណ្តោះ​អាសន្ន នៅក្នុង​ពន្ធនាគារ​។

ទាក់ទង​ការ​លើកលែង​ទោស​លោកស្រី រ៉ូ​ណា ស្មី​ត បាន​កត់សម្គាល់​ផង​ដែរ​ថា រយៈពេល​ចុងក្រោយ​នេះ មានការ​លើកលែងទោស​ដោយ​ព្រះមហាក្សត្រ​ដល់​ទណ្ឌិត​មួយចំនួន រួម​ទាំង​សមាជិក​គណបក្សប្រឆាំង​ផង​ដែរ ហើយ​លោកស្រី​នៅ​តែ​មាន​ក្តី​បារម្ភ​ចំពោះ​ការ​កាត់ទោស​ព្យួរ​ក្នុងករណី​លោកស្រី ទេព វ​ន្នី ករណី​របស់​បុគ្គលិក​អង្គការ​អាដហុក និង​ករណី​ឃុំខ្លួន​លោក កឹម សុខា ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ផងដែរ និង​បាន​អំពាវនាវ​ឲ្យ​មានការ​លើកលែងទោស​អ្នក​ទាំងនោះ និង​ដោះលែង​លោក កឹម សុខា និង​បញ្ចប់​ការស៊ើបអង្កេត​ឲ្យ​បាន​ឆាប់​នៅក្នុង​សំណុំ​រឿងនេះ​។

ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន​នៅក្នុង​សន្និសីទ ទាក់ទង​ទៅ​នឹង​ការមិន​អនុញ្ញាត​ឲ្យ​ចូលជួប​លោក កឹម សុខា លោកស្រី រ៉ូ​ណា ស្មី​ត បាន​លើកឡើង​ថា លោកស្រី​បានស្នើ​សុំ​ទៅ​ចៅក្រម ប៉ុន្តែ​ត្រូវបាន​ចៅក្រម​បដិសេធ ដោយ​សំអាង​ហេតុផល​ថា សំណុំរឿង​កំពុងតែ​ស្ថិតនៅក្នុង​ការស៊ើបអង្កេត ហើយ​នៅក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល លោកស្រី​មិនបាន​លើក​ករណី​លោក កឹម សុខា នៅ​គ្រប់​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង ស្ថាប័ន នោះ​ទេ ប៉ុន្តែ​បាន​លើកឡើង​ខ្លះៗ​ប៉ុណ្ណោះ​៕