ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​ជម្រើសជាតិ​កម្ពុជា ចាញ់​ម៉ាឡេស៊ី ក្នុង​ប្រកួត​បើកឆាក​ពូ​ល A ប្រចាំ​ពានរង្វាន់ AFF Suzuki Cup 2018

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី ដោយ​លទ្ធផល ១​ទល់​០ ក្នុង​ប្រកួត​បើកឆាក​ពូ​ល​A នៃ​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018 នៅ​ល្ងាច​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ​។

​ការប្រកួត​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​ដែល​កាត់​សេ​ក្តី​ដោយ​លោក​អាជ្ញាកណ្តាល Ahmad A’Qashah Bin Ahmad Al Badowe ជនជាតិ​សឹង្ហ​បុរី ក្រុម​ម៉ាឡេស៊ី នាំ​៣​ពិន្ទុ​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ដោយ​ថ្វី​ជើង​កីឡាករ Norshahrul Idlan បន្ទាប់ពី​បញ្ជូន​បាល់​បានល្អ​ពី​កីឡាករ Mohd Zaquan Adha ដែលជា​មិត្ត​រួម​ជាតិ​។

ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​កោះហៅ​កីឡាករ​ប្រមូលផ្តុំ​តាំងពី​ចុងខែ​តុលា មក​ម្ល៉េះ ហើយ​បាន​ជម្រុះ​នៅ​សល់​តែ​២៣​នាក់​ប៉ុណ្ណោះ ត្រៀម​ប្រកួត​ក្នុង​ពានរង្វាន់​នេះ​។ កីឡាករ​ទាំង​២៥​នាក់​នេះ​មាន​កីឡាករ សេត រ៉​ស៊ី​ប​,​ចាន់ វឌ្ឍនាកា​,​ហុង ផេង របស់​ក្រុម​បឹងកេត ហើយ​ក្លិប​ក្រសួងការពារជាតិ មាន​កីឡាករ​៤​នាក់​គឺ ឈិន ឈឿន​,​រ៉ឹ​ម ប៊ុន​ហៀ​ង​, ស ពិសិដ្ឋ និង អ៊ុំ វិចិត្រ​។ ក្រុម​ណាហ្គា​វើ​ល បានជ្រើសរើស​កីឡាករ ស៊ុះ ស៊ូ​ហា​ណា​,​គួច សុ​កុម្ភៈ​,​ឆេង ម៉េង និង​គួច ដា​នី​។ ចំណែក​ភ្នំពេញ​ក្រោន មាន​កីឡាករ អ៊​ន ចាន់​ប៉ូ​លីន​, ប្រាក់ ធី​វ៉ា និង​ស៊ិន កក្កដា​។ សារ៉េត គ្រី​យ៉ា​,​នេន សុធា​រ័ត្ន​,​សឿ​យ វិសាល និង​ប្រាក់ មុន្នី​ឧ​ត្ត​ម មកពី​ព្រះខ័ន​រាជ​ស្វាយរៀង​។ ធា​រី ចន្ថា​ប៊ី​ន របស់​ក្លិប Terengganu FA មកពី​លី​គ​ម៉ាឡេស៊ី​។ កីឡាករ ជា វណ្ណ​សាក់​, កែវ សុខ​ផេង​, កែវ សុខ​សិលា​, ទិ​ត្យ ឌី​ណា របស់​វិសាខា​។

ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម​គឺ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹង​ធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។ ព្រឹត្តិការណ៍​ទាំងមូល​នេះ​នៅ​កម្ពុជា គឺ​ទទួល​សិទ្ធិ​ផ្សាយ​ផ្ទាល់​ដោយ​ប៉ុស្តិ៍ BTV News ផងដែរ​។

សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា ក្រៅពី​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា នេះ​គឺ​ត្រូវ​បន្ត​ប៉ះ​ក្រុម​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់ហ្គូន ហើយ​រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ត្រូវធ្វើ​ដំណើរ​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម នៅ​ទីក្រុង​ហាណូយ ដែល​ជា​ប្រកួត​ចុងក្រោយ​ប្រចាំ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​៕