ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​ភ្នំពេញ​ក្រោ​ន ប្រកាស​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​ក្រុមយុវជន​ថ្នាល​ជនជាតិ​អង់គ្លេស​

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ក្នុង​លី​គ​កំពូល​កម្ពុជា បានសម្រេច​ចែកផ្លូវ​ជាមួយ​លោក Craig Livingston គ្រូបង្វឹក​ជនជាតិ​អង់គ្លេស​ពី​តំណែង​គ្រូបង្វឹក​ក្រុមយុវជន​ថ្នាល​របស់​ក្លិប​ក្រោម​អាយុ​១៧​ឆ្នាំ (U-17) និង​ក្រុម​នាទី នៅ​ថ្ងៃ​ព្រ​ហ​ស្បតិ៍ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​ខណៈ​ក្លិប​មិនទាន់​បង្ហាញ​អ្នក​មក​ជំនួស​ថ្មី​នៅឡើយ​នោះទេ​។

​លោក Craig Livingston​វ័យ ៣០​ឆ្នាំ​កំពុងកាន់​សញ្ញាបត្រ UEFA A-Licence ហើយ​ក្រៅ​ពី​នេះ​លោក​ក៏​ទទួល​បាន Diploma in Sport & Executive Nutrition Qualified fitness​ផងដែរ​។ មុន​ធ្វើដំណើរ​មកកាន់​ប្រទេស​កម្ពុជា លោក​បាន​បំពេញ​តួនាទី​ប្រធាន​ក្រុមយុវជន Burnley FC Academy នៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​។ ក្រៅពីនេះ​លោក​មានបទពិសោធន៍​ជាច្រើន​ក្នុងការ​បង្វឹក​និង​ដឹកនាំ​យុវជន​ដែលមាន​ទេពកោសល្យ​ជាច្រើន​នៅ​ប្រទេស​អង់គ្លេស និង​អ័​រ​ឡង់​ខាងជើង​ផងដែរ​។

យ៉ាង​ណា​ក្តី​តំណែង​គ្រូបង្វឹក​ក្រុមយុវជន​ប្រចាំ​ក្លិប​ភ្នំពេញ​ក្រោ​ន ដំបូង​ឡើយ​គ្រប់គ្រង​ដោយ​លោក Tom Legg តែ​ក្រោយ​ការ​ចាកចេញ​របស់​គ្រូបង្វឹក​ជនជាតិ​អង់គ្លេស​រូបនេះ​ក្លិប​បាន​តែងតាំង​លោក Harry Varley ជំនួស​វិញ តែ​ក្រោយ​គ្រូបង្វឹក​កម្រិត AFC B-Licence រូប​នេះ​ធ្វើដំណើរ​ទៅកាន់​កោះ Grenada នៅ​តំបន់ Caribbean (​អាមេរិក​កណ្ដាល​) ក្លិប​ក៏​សម្រេច​តែងតាំង​លោក Christopher Grant ធ្វើជា​គ្រូបង្វឹក​ជំនួស​តែម្តង កាលពី​ដើមឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០១៧​កន្លងទៅ​ក្លិប​បានតែងតាំង​លោក​Jun Hirabayashi ជនជាតិ​ជប៉ុន​ធ្វើជា​គ្រូបង្វឹក​ម្តង មុន​លោក​Craig Livingston ធ្វើដំណើរ​មកដល់​នៅ​ដើមឆ្នាំ​២០១៨​។

ក្រុម​ភ្នំពេញ​ក្រោ​ន ជា​ក្លិប​មួយ​ក្នុងចំណោម​ក្លិប​មួយចំនួន​នៅ​កម្ពុជា ដែល​បាន​ព្យាយាម​បណ្តុះ​ថ្នាល​យុវជន​ដោយ​ខ្លួនឯង​ពោល​គឺ​គិត​ចាប់តាំងពី​ឆ្នាំ​២០១០ មកម្ល៉េះ​ក្លិប​បាន​ជ្រើសរើស​កីឡាករ​ត្រឹម​អាយុ​១៣​ឆ្នាំ​នៅ​តាម​តំបន់​សំខាន់ៗ​ទូទាំងប្រទេស​ចូល​ហ្វឹកហាត់​រួមគ្នា ស្នាក់នៅ​រួមគ្នា និង​សិក្សា​រួម​គ្នា​ដើម្បី​កសាង​ធនធានមនុស្ស​លើ​វិស័យ​បាល់ទាត់​នេះ​៕