ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រវឹង​ធ្លាក់ភ្នែក បើកបរ​រថយន្ត​ទំនើប​លឿន​ដូច​ព្យុះ ជ្រុល​ចង្កូត​ទៅ​បុក របាំង​ថ្ម បង្គោល​ឡាក់ ដើមឈើ និង​បុក​របង​សាលា កើតជា​អណ្តាត​ភ្លើង​ឆេះ​ឡាន​ម៉ត់

ភ្នំពេញ ៖ បុរស​ម្នាក់​ទំនង​ស្រវឹ​ងធ្លាក់ភ្នែក​បាន បើករថយន្ត​មួយ​គ្រឿង​យ៉ាង​លឿន រហូត​ជ្រុល​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ បន្ត​ទៅ​បុក​ដើមឈើ បង្គោល​ឡាក់ និង​របង​ថ្ម​សាលា បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង ហើយ​ឆេះ​យ៉ាង​សន្ធោសន្ធៅ​តែម្តង​។

ហេតុការណ៍​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​រាត្រី ថ្ងៃ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០ និង​៥០​នាទី ​ស្ថិតនៅ​ចំណុច​មុខ​វិទ្យាល័យ ជា ស៊ីម សាមគ្គី តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ រថយន្ត​មួយគ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AV-0079 បើកបរ​ដោយ​ជន​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ម្នាក់ (​គេច​ខ្លួន​បាត់​) ដោយ​បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន​។ លុះ​មកដល់​ចំណុច​កើតហេតុ បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​បាក់​អស់​ចំនួន​១​កង់ មិនទាន់​អស់​ល្បឿន រថយន្ត​បង្ក បាន​ទៅ​បុក​ដើមឈើ​បាក់​អស់​មួយ​ដើម​រាប​ដល់​ដី និង​បង្គោល​ឡាក់​បាក់​អស់​៤​ដើម ព្រមទាំង​របង​វិទ្យាល័យ ជា ស៊ីម សាមគ្គី បាក់​អស់​៣​ផ្ទាំង ហើយ​ក្រឡាប់​ផ្ងារ​ចំហៀង បណ្តាល​ឲ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រងរបួស​ធ្ងន់ធ្ងរ​នោះ​ទេ រង​របួស​តៃកុង​រថយន្ត​រលាត់​ដៃ​បន្តិចបន្តួច ហើយ​គេចខ្លួន។

ភ្លាមៗ​នោះ ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​មក​កន្លែង​កើតហេតុ ហើយ​ទំនាក់ទំនង​ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មកដល់​៣​គ្រឿង បាញ់​អស់​ចំនួន​១​គ្រឿង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​១០​នាទី នៅ​ថ្ងៃ​ដដែល។

ក្រោយ​កើតហេតុ សមត្ថកិច្ច​វាស់វែង​យក រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់៕