ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពូ​ល H ក្នុង​ពានរង្វាន់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី

​ក្រោយពី​ការ​ចាប់​ឆ្នោត​ជ្រើសរើស​គូប្រកួត​នៃ​វគ្គ​ជម្រុះ​បឋម​ក្នុង​ពានរង្វាន់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ​ប្រចាំ​ទ្វីបអាស៊ី AFC U-23 Championship 2020 នៅ​នា​រសៀល​ថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០១៨​ថ្មីៗ​នេះ​ក្នុង​ស្នាក់​ការ​កណ្តាល​នៅ​ទីក្រុង​កូ​ឡា​ឡំ​ពួរ ប្រទេស​ម៉ាឡេស៊ី បាន​បង្ហាញថា​ ក្រុម​យុវជន​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ (U-23) ស្ថិតក្នុង​ពូ​ល H​។

នៅក្នុង​ពូ​ល H កម្ពុជា នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំងៗ​ដូចជា យុវជន U-23 អូស្ត្រាលី​, កូរ៉េខាងត្បូង និង ឆាយ​នី​ស​តៃប៉ិ (​តៃវ៉ាន់​) ដោយ​ការប្រកួត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ២២ ខែ មិនា ឆ្នាំ២០១៩ ខាងមុខ​។ កម្ពុជា ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ប្រកួត​នេះ​ផង​ដែរ​។ គួរ​រំលឹក​ថា កាលពី​ឆ្នាំ ២០១៧ កន្លងទៅ កម្ពុជា ធ្លាប់​បាន​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-23 នេះ​ម្តង​ហើយ ដោយ​កាលនោះ​ជួប​ជាមួយ ចិន​, ជប៉ុន និង ហ្វីលីពីន តែ​មិន​មានឱកាស​ឆ្លង​ផុត​វគ្គ​នេះឡើយ​។

ចំណែក​លទ្ធផល​សរុប​ក្រោយ​ការ​ចាប់​ឆ្នោត​ជ្រើសរើស​គូប្រកួត​ក្នុង​វគ្គ​ជម្រុះ​បឋម ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ប្រទេស​ថៃ នា​ឆ្នាំ ២០២០​មាន​ពូ​ល A មាន​កាតា​,​អូ​ម៉​ង់​,​នេ​ប៉ាល់​,​អា​ហ្វ​ហ្គា​នី​ស្ថាន ពូ​ល B មាន​ប៉ា​ឡេ​ស្ទី​ន​,​បា​រ៉ែ​ន​,​បង់​ក្លា​ដេ​ស​,​ស្រីលង្កា ពូ​ល C មាន​អ៊ីរ៉ាក់​,​អ៊ីរ៉ង់​,​តួរ​មេ​នី​ស្ថាន​,​យេ​ម៉ែន ពូ​ល D មាន​អារ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត​,​អារ៉ាប់​រួម​,​លី​ប៉ង់​,​ម៉ា​ល់​ឌី​វ ពូ​ល E​មាន​ហ្សកដានី​,​ស៊ី​រី​,​គី​ជី​ស្ថាន​,​គុយ​វ៉ែត ពូ​ល F មាន​អ៊ូ​ប៊ែ​គី​ស្ថាន​,​តាជី​គី​ស្ថាន​,​ឥណ្ឌា​,​ប៉ា​គី​ស្ថាន ពូ​ល G មាន​កូរ៉េខាងជើង​,​ហុងកុង​,​សឹង្ហ​បុរី​,​ម៉ុង​ហ្គូ​លី ពូ​ល H កូរ៉េខាងត្បូង​,​អូស្ត្រាលី​,​កម្ពុជា​,​តៃវ៉ាន់ ពូ​ល I ជប៉ុន​,​មី​យ៉ាន់​ម៉ា​,​ទី​ម័​រ​ខាងកើត​,​ម៉ា​កាវ ពូ​ល J ម៉ាឡេស៊ី​,​ចិន​,​ឡាវ​,​ហ្វីលីពីន និង​ពូ​ល K មាន​វៀតណាម​,​ថៃ​,​ឥណ្ឌូណេស៊ី​និង​ប្រ៊ុយណេ​។

គួរ​ដឹង​ដែរ​ថា វគ្គ​ជម្រុះ AFC-U23 មាន​ចំនួន​១០​ពូ​ល ហើយ​ក្រុម​ជម្រើសជាតិ​ចំនួន​១៥ ត្រូវ​ឆ្លងទៅ​កាន់​វគ្គ​ចុងក្រោយ​នៅ​ឆ្នាំ​២០២០ បូក​ជាមួយនឹង​ម្ចាស់ផ្ទះ​ថៃ​។​ ព្រឹត្តិការណ៍ 2020 AFC-U23 ពោលគឺ​វគ្គ​ចុងក្រោយ​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០៕