ព័ត៍មានទាន់​ហេតុការណ៏
Search

លោក បណ្ឌិត អ៊ិត សំហេង អនុញ្ញាត​ឲ្យ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ដែល​ផុត​អាណត្តិ ចូល​ជួប​សម្តែង​ការគួរសម​និង​ជម្រាបលា

ភ្នំពេញ​ ៖ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​ បាន​អនុញ្ញាត​ឲ្យ​លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​នៅ​កម្ពុជា ចូល​ជួប​សម្តែង​ការគួរសម​និង​ជម្រាបលា​មុន​ចេញដំណើរ​។

នៅក្នុង​ជំនួប​នោះ ឯកអគ្គរដ្ឋទូត​បាន​រំលឹក​ឡើងវិញ​នូវ​អនុស្សាវរីយ៍​ល្អៗ ខណៈ​ពេល​ដែល​លោក​មាន​វត្តមាន​បំពេញ​បេសកកម្ម​ការទូត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​មក។

លោក William A. Heidt បាន​ថ្លែងអំណរគុណ​ចំពោះ​លោក​រដ្ឋមន្ត្រី និង​សហការី​ដែល​បានទទួល​រូបលោក​នៅពេល​នេះ​ ហើយ​លោក​ពិតជា​រីករាយ​ដែល​ស្ថានទូត​សហរដ្ឋអាមេរិក​ធ្លាប់​បាន​សហការ​ជាមួយ ក្រសួង​ស្ថាប័ន របស់​រដ្ឋាភិបាល​កម្ពុ​ជា និង​ភាគី​ពាក់ព័ន្ធ​នានា។

លោក​ទូត​បាន​បន្ត​ទៀត​ថា ចំពោះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ល្អ ដែល​យើង​បាន​ធ្វើ​ការ​ខិតខំ​រួមគ្នា​កន្លងមក ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម បញ្ហា​ធ្វើ​ឲ្យ​មាន​ការ​រីកចម្រើន​ជាច្រើន​ជាមួយគ្នា ដែល​វា​បាន​ឆ្លុះបញ្ចាំង​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​សហរដ្ឋអាមេរិក ជាមួយនិង​កម្ពុជា។

ជា​ការ​ឆ្លើយតប​លោក​រដ្ឋ​មន្ត្រី​បាន មាន​ប្រសា​ស​ន៍ថា «​ខ្ញុំ​ពិតជា​មានការ​សប្បាយរីករាយ​ផង និង​អាឡោះអាល័យ​ផង នា​ឱកាស​ដែល​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។ ពេលវេលា​ដូចជា​លឿន​ណាស់ រយៈពេល​មួយ​អាណត្តិ​របស់​ឯកឧត្តម​កន្លងមកនេះ យើង​មាន​ទំនាក់ទំនង​ទៅលើ​វិស័យ​ពាណិជ្ជកម្ម លក្ខខណ្ឌ​ការងារ​ជាដើម​»​។

ក្នុងនាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​រដ្ឋមន្ត្រី សូម​ថ្លែង​អរគុណ និង​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​បេសកកម្ម របស់​ឯកអគ្គរដ្ឋទូត​ដែល​បាន​រួម​វិភាគទាន​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​នៅ​កម្ពុជា​កន្លងមក​៕