ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវ​ដែល​រង​ការខូចខាត​ខ្លាំង​ដោយសារ​ជំនន់​ទឹកភ្លៀង​នា​ពេល​កន្លងទៅ​ថ្មីៗ​នេះ​ ក្នុង​ខេត្តរតនគិរី នឹង​ត្រូវ​ជួសជុល​ឲ្យ​ហើយ​នា​ចុងខែ​នេះ

រតនគិរី ៖ ផ្លូវ​ចំនួន ៤​ខ្សែ ដែល​រង​ការខូចខាត​ខ្លាំង​ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្លាក់​ជាប់​គ្នា​ជាង ៣​ខែ នា​ពេល​កន្លងទៅ​ថ្មីៗ​នេះ​ ក្នុង​ខេត្តរតនគិរី ដែល​ក្នុង​នោះ​មាន​ផ្លូវជាតិ​ក្រាល​កៅស៊ូ​ចំនួន ២​ខ្សែ ស្ថិតក្នុង​ស្រុក​អូរ​យ៉ា​ដាវ និង​ស្រុក​លំផាត់ បូករួម​ហ្នឹង​ផ្លូវ​ក្រាល​គ្រួស​ក្រហម ២​ខ្សែ​ផ្សេងទៀត​ស្ថិត​នៅ​ក្នុង​ស្រុក​វើ​ន​សៃ និង​ស្រុក​តា​វែង នឹង​ត្រូវ​ជួសជុល​ឲ្យ​ស្អាត​ឡើងវិញ​យ៉ាង​យូរ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ។

នេះ​បើ​តាម​ការលើកឡើង​រប​ស់ លោក វ៉ា សាវុន ប្រធាន​កា​រិ​យាល័យ​សាធារណការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តរតនគិរី ដែល​បាន​ឲ្យ​សារព័ត៌មាន​យើង​ដឹង នា​រសៀល​ថ្ងៃទី​៧ ខែវិច្ឆិកា​នេះ។

លោក​ប្រធាន​ការិយាល័យ​សាធារណការ​រូប​នោះ បាន​ឲ្យ​ដឹង​ទៀត​ថា ផ្លូវ​ក្នុងស្រុក​ចំនួន ៤ ដែល​រង​ការខូចខាត​ខ្លាំង​នោះ មាន​ស្រុក​ចំនួន ៣ ដែល​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​ធ្វើ​ការ​ជួសជុល​ស្ទើរ​រួចរាល់​ទាំងស្រុង​រួចហើយ ក្នុង​នោះ​មាន​ស្រុក​អូ​រយ៉ា​ដាវ ស្រុក​វើ​ន​សៃ និង​ស្រុកលំផាត់ ដោយឡែក​ផ្លូវ ១​ខ្សែ​ទៀត ​ដែល​ជា​ផ្លូវ​ខេត្ត​លេខ ៣RK១ ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម ស្ថិត​ក្នុង​ស្រុក​តា​វែង មាន​ប្រវែង ៧ គីឡូម៉ែត្រ ទើបតែ​ធ្វើការ​ជួសជុល​បាន​ជាង ៥០ ភាគរយ​ប៉ុណ្ណោះ និង​កំពុង​បន្ត​ធ្វើ​ការ​ជួសជុល​បន្ថែម​ទៀត ដែល​ត្រូវ​ចំណាយ​ពេលវេលា​ប្រមាណ​ជា ៣​ខែ​ទៀត​ទើប​រួចរាល់។

បន្ថែម​ពី​នេះ ក្រៅពី​ការ​ជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង លោក វ៉ា សាវុន ក៏បាន​ឲ្យ​ដឹង​អំពី​គម្រោង​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ DBST ចំនួន ៥ ខ្សែ ក្នុង​ក្រុង​បាន​លុង ប្រវែង​សរុប ៦ ពាន់​ម៉ែត្រ ទទឹង ៦​ម៉ែត្រ និង​៧​ម៉ែត្រ ព្រមទាំង​ចិញ្ចើម​ក្រាល​គ្រួស​ក្រហម​ទទឹង ១​ម៉ែត្រ សងខាង ឲ្យ​រួចរាល់​នា​ចុងឆ្នាំ​២០១៨​នេះ​ផង​ដែរ។

មន្ត្រី​ជំនាញ​ខាង​ផ្លូវថ្នល់ នៃ​មន្ទីរ​សាធារណការ​រូប​នេះ បាន​ឲ្យ​ដឹង​បន្ត​ថា ផ្លូវ​ទាំង ៥​ខ្សែ​នោះ​រួមមាន ទី​១, ផ្លូវ​ក្រុង​លេខ ៤៦-១ ទី​២, ផ្លូវ​ចូល​រមណីយដ្ឋាន​កា​ចាញ ទី​៣, ផ្លូវ​សត្តឃាត ទី​៤, ផ្លូវ​លេខ ៩២ និង​ទី​៥, ផ្លូវ​លេខ ៦៣៕