ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ចាន់ យុ​ត្ថា ចុះ​ពិនិត្យ សកម្មភាព កាយ​ប្រឡាយ ប្រវែង ១៥​គីឡូម៉ែត្រ ដើម្បី​នាំ​ទឹក​ទៅ​សង្គ្រោះ​ស្រូវ​កសិករ​ប្រមាណ ៥២០ ហិកតា

បាត់ដំបង ​៖ លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ និង​ជា អ្នកនាំពាក្យ ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី ៨ វិច្ឆិកា នេះ​បាន អញ្ជើញ​ចុះ​ពិនិត្យ សកម្មភាព ក្រុម​ការ​ងារ មន្ទីរ​ធនធានទឹក កាយ​ប្រឡាយ​មេ ដើម្បី​នាំ​ទឹក​ទៅ​សង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​ប្រមាណ ៥២០ ហិកតា ដែល​កំពុង​ខ្វះខាត​ទឹក។

លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម លោក​បាន​ដឹកនាំ ក្រុម​កា​ងារ ចុះ​ពិនិត្យ​សកម្មភាព កាយ​ប្រឡាយ​នាំ​ទឹក​ប្រវែង​ប្រមាណ ១៥​គីឡូម៉ែត្រ ដើម្បី​នាំ​ទឹក​ទៅ​សង្គ្រោះ​ស្រូវ​របស់​បងប្អូន​ប្រជាកសិករ​ប្រមាណ ៥២០ ហិកតា នៅ​ចំណុច​ភូមិ​ព្រៃ​ព្រាល ឃុំ​ឃ្លាំង​មាស ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។

លោក​ចាន់ យុ​ត្ថា បញ្ជាក់​បន្ថែម​ថា ដើម្បី​នាំ​ទឹក​ទៅកាន់​ស្រែ​ដែល​រង​ផល​ប៉ះពាល់ ក្រុមការងារ​ត្រូវ​កែសម្រួល​ស្នាមភ្លោះ​អម​សងខាង​ផ្លូវលំ​ជនបទ ឲ្យ​ទៅជា​ប្រឡាយ​នាំ​ទឹក​ប្រវែង​ប្រមាណ ១១​គីឡូម៉ែត្រ​ ហើយ​ប្រមាណ ៤ គីឡូម៉ែត្រ​ទៀត ដែល​ជា​ចំណុច​ក្រិត​កម្ពស់​ដី​ខ្ពស់ ត្រូវ​កាយ​ឲ្យ​បាន​ជ្រៅ ទើប​ទឹក​ទៅដល់​ដីស្រែ​ដែល​កំពុ​ងមាន​តម្រូវការ​ទឹក​ទាំងនោះ។

​ក្រុម​មន្ត្រី​គ្រប់មុខ​ព្រួញ​របស់​ក្រសួង​ធនធានទឹក​និង ឧតុនិយម​បាន​ចុះ​ធ្វើ​អន្តរាគមន៍​បូមទឹក​ដាក់​ដំណាំ​ស្រូវ​របស់​ប្រជាកសិករ នៅក្នុង​ខេត្ត​ចំនួន​១៣​បន្ទាប់ពី​រដូវវស្សា​ហៀបនឹង​ផុត​ទៅ​មាន​ភ្លៀង​ធ្លាក់​ខ្សោយ ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​ជិត​ពីរ​ម៉ឺន​ហិកតា​ចាប់ផ្តើម​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​។ នេះ​បើ​តាម​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​កំពុងតែ​ជួយ​អន្តរាគមន៍​បូមទឹក​ដាក់​ដំណាំ​ស្រូវ​នៅក្នុង​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ​ និង ខេត្ត​ឧត្តរមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៨​ខែវិច្ឆិកា។

លោក បាន​បន្ត​ថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឲ្យ​ថ្នាក់ដឹកនាំ ក្រសួង គ្រប់​មុខព្រួញ​តម្រង់​ទិស​ទៅ​ជួយ​បូមទឹក​ដាក់​ស្រូវ​នៅ​តាម​ខេត្ត​ជាច្រើន​ដែល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ទឹក ក្នុង​ខេត្ត​ចំនួន​១៣ ដែល​សរុប​ស្មើ​ប្រមាណ​ជិត​ពីរ​ម៉ឺន​ហិកតា​។ ប៉ុន្តែ ស្រូវ​មួយចំនួន​ត្រូវ​បាន​សង្គ្រោះ​រួចហើយ​ តែ​មួយ​ចំនួន​ទៀត​ ទើប​តែ​ចាប់ផ្តើម​ប៉ះពាល់​ថ្មី ត្រូវ​ជួយសង្គ្រោះ​បន្ត​ តែ​ស្រូវ​ទាំងនោះ​ភាគច្រើន​ជិត​ដល់ពេល​ប្រមូល​ផល​ហើយ លោក​បាន​បញ្ជាក់​ថា​នៅ​ចុងរដូវ​វស្សា​នេះ​ ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​ខ្សោយ​គួបផ្សំ​ និង ​ខ្យល់​បក់​បោក​ខ្លាំង​ងាយ​ធ្វើ​ឲ្យ​ទឹក​នៅក្នុង​ស្រែ​រីង​ហួត​យ៉ាង​លឿន​ ដែល​ចាំបាច់​ត្រូវធ្វើ​អន្តរាគមន៍​បូមទឹក​ដាក់​នៅ​កន្លែង​ដែល​មាន​ប្រភពទឹក៕