ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​ប្រមូល​ផល​ស្រូវ​ បាន​ជាង​១​ម៉ឺន​ហិតា​ហើ​យ នៅ​ខេត្ត​ត្បូងឃ្មុំ

​ត្បូងឃ្មុំ ​៖ ប្រជាកសិករ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ កំពុង​មមាញឹក​ញាប់ដៃ​ញាប់​ជើង ប្រមូល​ផល​ស្រូវធ្ងន់ ប្រភេទ​ស្រូវ​ផ្ការំដួល យ៉ាង​សប្បាយ​រីករាយ ខណៈ​ឆ្នាំនេះ ស្រូវ​ឲ្យ​ផល​ល្អ និង​មានតម្លៃ​ខ្ពស់​ជាង​ឆ្នាំទៅ ដែល​អាច​ជួយ​ទ្រទ្រង់​ជីវភាព​កសិករ​យើង ឲ្យ​បាន​ប្រ​សើ​រ​គួរ​មោទនភាព​យ៉ាង​ក្រៃលែង។

លោក សំ ងួន អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ពោន ឃុំ​អ​ញ្ចើម ស្រុក​/​ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចំពោះ​ប្រភេទ​ស្រូវ​ផ្ការំដួល​នេះ កសិករ​និយម​ដាំ​ណាស់ ក្នុង​រយៈពេល​ជិត​៧​ខែ កសិករ​នឹង​បាន​ផល​ហើយ។ ក្នុង​នោះ​ដែរ​កសិករ បន្ទាប់ពី​ធ្វើ​ដី​ស្អាត គឺ​ព្រួស​ស្រូវ​តែម្តង មិន​ស្ទូង​ដូច​មុន​ទៀត​ទេ កសិករ​អាច​ប្រើ​ជី​លាមក​គោ និង​ជី​រូប​សញ្ញា​ផែនដី​របស់​ជប៉ុន ជា​ការ​ស្រេច។ ការ​ប្រឈម​អាច​បណ្តាល​មក​ពី​កត្តា​អាកាសធាតុ រាំងស្ងួត ខ្វះ​ទឹកភ្លៀង ចំពោះ​សត្វល្អិត​មាន​ដែរ​តែ​តិចតួច មិនជា​បញ្ហា​អ្វី​ទេ។ ក្នុង​ទំហំ​ដី​១​ហិច​តា ត្រូវ​ប្រើ​ដើម​ទុន​អស់​ជិត ៦០​ម៉ឺន​រៀល​ដែរ ហើយ​រំដួល​ឲ្យ​ផល​បាន​ជិត ៤​តោន គិត​ជា​ទឹកប្រាក់​បាន​ជិត​៥​លាន​រៀល​ផង​ដែរ។

ក្នុង​១​ឆ្នាំ​យើ​ង​អាច​ធ្វើ​វា​បានតែ​ម្តង​គត់ តែ​បើ​ធ្វើ​ស្រូវស្រាល​គឺ​ស្រូវ​៣​ខែ មាន​ស្រូវ​សែន​ក្រអូប និង​ស្រូវពូជ​៤៩ គុណភាព​វា​ក៏​ឆ្ងាញ់ ផល​វា​ក៏​ឲ្យ​ល្អ​ដែរ។

លោកស្រី យ៉​ន រ៉ា​ន​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ក្រោយ​វត្ត ឃុំ​អ​ញ្ចើ​ម ស្រុក​/​ខេត្ត​ត្បូងឃ្មុំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ការ​ប្រមូល​ផល​ស្រូវ​កសិករ​លែង​សូវ​ច្រូត​ដូច​មុន​ទៀត​ហើ​យ គឺ​ប្រើ​ម៉ា​ស៊ី​ន​ច្រូតស្រូវ​តែម្តង ក្នុង​១​ហិតា​តម្លៃ ៣០​រៀល គឺ​១​ម៉ែត្រ​តម្លៃ​៣០០​រៀល។ ចំពោះ​ស្រូវ​ដួល​រាប​ដល់​ដី កសិករ​អាច​ច្រូត​ប្រមូល​យក​មក​បោក​ដោយ​ដៃ ព្រោះ​ម៉ា​ស៊ី​ន​ច្រូត​បានតែ​ស្រូវ​ឈរ​ទេ។ យើង​បោក​ដៃ​ជួយ​ទប់​ផល កុំ​ឲ្យ​បាត់បង់​ច្រើន​ពេក។ ចំពោះ​ទីផ្សារ​ស្រូវ​ឆ្នាំនេះ ស្រួល​លក់​មាន​ម៉ូយ​ចូល​មក​ទិញ​ដល់​ស្រែ​តែម្តង ច្រូត​ភ្លាម​ទិញ​ភ្លាម ក្នុង​១​គីឡូក្រាម​ស្រូវ​សើម​តម្លៃ ១២០០​រៀល តែ​បើ​ហាល​ស្ងួត​អាច​បាន ១៣០០​ទៅ​១៤០០​រៀល ក្នុង​១​គីឡូក្រាម ឆ្នាំនេះ​ស្រូវ​ឲ្យ​ផល​ល្អ​ជាង​ឆ្នាំទៅ ដោយ​ឆ្នាំទៅ មានតម្លៃ​តែ ៩០០​រៀល​តែប៉ុណ្ណោះ។

លោក យូរ តាំង​ហ៊ី អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ត្បូងឃ្មុំ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​មកដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ កសិករ​ប្រមូល​ផល​ស្រូវ​បាន ១០២៣០​ហិតា​ហើ​យ ស្មើ​១៣​ភាគរយ នៃ​ផ្ទៃដី​ជាង ៧​ម៉ឺន​ហិតា ហើយ​ស្រុក​ដែល​ប្រមូល​ផល​ស្រូវ​បាន​ច្រើន​ជាងគេ គឺ​ស្រុក​អូ​រាំង​ឪ៕