ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខណ្ឌ​ដូនពេញ​ដឹកនាំ​កម្លាំង​ទាំង​១១​សង្កាត់​ ចុះ​ធ្វើ​អនាម័យ

ភ្នំពេញ ​៖ ​អាជ្ញាធរ​ខណ្ឌដូនពេញ ដឹកនាំ​កម្លាំង​ចុះ​រៀបចំ និង​ធ្វើ​អនាម័យ​ដើម្បី​ត្រៀម​រៀបចំ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា និង​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ អកអំបុក ថ្ងៃទី ២១ – ២២ – ២៣ ខាងមុខនេះ​។

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​១​កើត ខែកត្តិក ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ បាន​ដឹកនាំ​មន្ត្រី​សាលាខណ្ឌ​ដូនពេញ សង្កាត់​ទាំង​១១ និង​បុគ្គលិក​ក្រុមហ៊ុន​ស៊ិន​ទ្រី សហការ​ជាមួយ មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ចុះ​ធ្វើ​អនាម័យ និង​បាញ់​ទឹក​លាង​សម្អាត​នៅ​តាម​សួនច្បារ​មុខ​ព្រះបរមរាជវាំង តាម​បណ្តោយ​មាត់ទន្លេ មហាវិថី​ព្រះ​សុធារស មហាវិថី​ព្រះសីហនុ សួនច្បារ​វិមានឯករាជ្យ​ខាងកើត និង​ខាងលិច ព្រមទាំង​វិមានឯករាជ្យ និង​ស្តូប​ព្រះ​បរម​រតនៈ​កោដិ​។

នៅក្នុង​ការ​លាង​សំអាត និង​ធ្វើ​អនាម័យ​នេះ​ដែរ ​គឺ​ដើម្បី​ត្រៀម​រៀបចំ​ព្រះរាជ​ពិធី ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៩ ខែ វិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​០៦ និង​០០​នាទី​ព្រឹក ព្រះ​រាជពិធី​ប្រទាន​ភ្លើង​ជ័យ លុះដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៥ និង​៣០​នាទី​ល្ងាច ព្រះ​រាជពិធី​ពន្លត់ភ្លើង​ជ័យ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​៕