ព័ត៍មានទាន់​ហេតុការណ៏
Search

ថាមពល​កកើត​ទ្បើង​វិញ​ក្លាយជា​ជម្រើស​មួយ​ដ៏​ប្រសើរ ​សម្រាប់​ជំនួញ​ក្នុង​ប្រទេស​កម្ពុជា

ភ្នំពេញ ៖ ​សន្និសីទ​ស្តីពី​គម្រោង Inspire Asean 2018 បាន​ប្រមូល​ផ្តុំ​ទៅដោយ​អ្នកជំនាញ​ពី​អង្គការ​ថាមពល​កកើត​ទ្បើង​វិញ​ឈានមុខ​គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ប្រទេស​កម្ពុជា បាន​ជួបជុំគ្នា​ដើម្បី​បង្ហាញ​ពី​ចំណាប់អារម្មណ៍​លើ​ការ​រីកលូតលាស់​ដ៏​រហ័ស​របស់​ថាមពល​ពន្លឺព្រះអាទិត្យ និង​ខ្យល់​សន្និសីទ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា នៅ​ឯ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ​
​គម្រោង Inspire Asean៖ ថាមពល​នា​ពេល​អនាគត គឺជា​សន្និសីទ​ដ៏​សំខាន់​នៃ​យុទ្ធនាការ Clean Energy Week Cambodia នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​០១ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី​០៨ ខែវិច្ឆិកា ដោយ​ផ្តោត​លើ​ប្រធានបទ​នៃ​ថាមពល​កកើត​ទ្បើង​វិញ​នៅ​តាម​ទីតាំង និង​ស្ថាប័ន​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​។

លោក Tassilo Brinzer នាយក​ប្រតិបត្តិ​របស់​ទស្សនា​វ​ដ្តី Globe Media Asia បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទស្សនវិស័យ​នៃ​ថាមពល​កកើត​ទ្បើង​វិញ​ក្នុងប្រទេស​កម្ពុជា ដោយមាន​ប្រសាសន៍​ថា «​នេះ​ជា​លើកដំបូង​ហើយ​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រធានបទ​នេះ​ត្រូវបាន​លើក​ទ្បើង​មក​វែកញែក​ជា​សាធារណៈ តាមរយៈ​ការរៀបចំ​កម្ម​ពិធី​ពិសេស​ជា​សាធារណៈ​ពេញ​មួយ​សប្តាហ៍​ទូទាំង​ទីក្រុង​ភ្នំពេញ​។ ជាមួយ​សន្និសីទ​ស្តីពី​គម្រោង Inspire Asean នេះ​យើង​មាន​មហិច្ឆតា​ខ្ពស់​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​ថាមពល​ស្អាតស្អំ និង​ព​ន្លឿ​ន​ការលូតលាស់​ផ្នែក​ថាមពល​នាពេល​អនាគត​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ ការ​អនុម័តិ និង​ការគាំទ្រ​យ៉ាង​មោះមុត​សម្រាប់​ថាមពល​កកើត​ឡើងវិញ​នេះ នឹង​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច និង​ព​ន្លឿ​ន​ឧស្សាហកម្ម​ទាំងមូល​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​។ យើង​សង្ឃឹមថា យើង​អាច​បំផុសគំនិត​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​យកចិត្តទុកដាក់​លើ​វិស័យ​នេះ និង​ឱកាស​ជាច្រើន​ដែល​ការ​ធ្វើ​អាជីវកម្ម​ថាមពល​ស្អាតស្អំ​មួយ​នេះ​ផ្តល់ជូន​សង្គម​»។

គម្រោង Inspire Asean 2018 សិក្សា​អំពី​ផលប៉ះពាល់​នៃ​ការចាប់ផ្តើម​ផ្លាស់ប្តូរ និង​បង្ហាញ​គន្លឹះ​សម្រាប់​ឧស្សាហកម្ម​ក្នុងការ​សម្រប​ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​បរិស្ថាន សេដ្ឋកិច្ច និង​អតិថិជន​។ ដោយ​ផ្តោតលើ​យុទ្ធសាស្ត្រ​ច្នៃប្រឌិត រឿងរ៉ាវ​ជោគជ័យ និង​ការ​ផ្តល់យោបល់ កម្មវិធី​នេះ​ត្រូវបាន​បង្កើត​ធ្វើ​ទ្បើង​ដើម្បី​ពង្រីក​ចំណេះដឹង និង​បំផុស​គំនិតល្អៗ ដែល​បន្ត​ជំរុញ​ដល់​វិស័យនេះ​ឲ្យ​កាន់តែ​ឆ្ពោះទៅមុខ។

គម្រោង Inspire Asean ៖ ថាមពល​នា​ពេល​អនាគត គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ Clean Energy Week ដំបូង​ក្នុង​ប្រទេស​កម្ពុជា ដែល​បានរៀបចំ​ដោយ​ក្រុមហ៊ុន EnergyLab និង​ទទួល​រ៉ាប់រង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Globe Media Asia និង​បង្ហាញ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន CominAsia៕