ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​១៦០​នាក់ ពុល​ចំណីអាហារ​ក្នុង​ពិធី​បុណ្យ​សព នៅ​ស្រុក​អូរ​ជុំ​

រតនគិរី ​៖​ យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ​ចំនួន​១៦០​នាក់ បាន​ក្អួតចង្អោរ ខណៈ​ដែល​ពួកគាត់​បាន​ពុល​ចំណីអាហារ ក្នុង​ពិធី​បុណ្យសព​នៅក្នុង​ភូមិ។​

ករណី​ពុល​ចំណីអាហារ​នេះ ​បាន​កើតឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្នុងភូមិ​ល្អើ​ន​ក្រែ​ន ឃុំ​អូរ​ជុំ ស្រុក​អូរជុំ។​

​តាម​ការបញ្ជាក់​ពី​ លោក​វេជ្ជបណ្ឌិត អ៊ុង រតនា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី​បាន​ឲ្យ​សារព័ត៌មាន​ដឹង​តាម​ទូរស័ព្ទ ​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើនេះ​ភ្លាម លោក​បាន​បញ្ជូន​ក្រុមគ្រូពេទ្យ​ចុះទៅ​ទីតាំង​កើតហេតុ​ភ្លាម ​ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ។

​លោក​បន្តថា មូលហេតុ​ក្អួតចង្អោរ​នេះ​គឺ​បណ្តាលមកពី​ពួកគាត់​បរិភោគ​ចំណីអាហារ​មិនមាន​អនាម័យ​ល្អ។ តែ​ទោះជា​យ៉ាងណា ករណីនេះ​មិនមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះឡើយ។​

​លោក​ថា គិត​មកដល់​ម៉ោង​៤​ល្ងាច​ថ្ងៃ​ទី៨​​​ គឺ​ស្ថានភាព​របស់​ពួកគាត់​ទាំង​១៦០​នាក់​នេះ​បាន​ធូរស្រាល​វិញ​ហើយ ដោយ​ក្រុម​គ្រូពេទ្យ​ប្រចាំការ​នៅ​ទីនោះ​ពិនិត្យ​ព្យាបាល ​និង​ធ្វើការ​តាមដាន​សុខភាព​ជូន​​រហូតដល់​ពួកគាត់​បានជា​សះស្បើយ​ឡើងវិញ​ផងដែរ៕