ព័ត៍មានទាន់​ហេតុការណ៏
Search

សាកល្បង​បើកភ្លើង​បំភ្លឺ​សាធារណៈ ដើម្បី​ទទួល​ព្រះរាជ​ពិធី​មិ​ន្ទិ​ញ​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា ​ខួប​លើក​ទី​៦៥​ នៅមុខ​បរមរាជវាំង​

ភ្នំពេញ ​៖ មកដល់​យប់​ថ្ងៃទី​០៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​រៀបចំ​សាកល្បង​បើកភ្លើង​បំភ្លឺ​សាធារណៈ​នៅ​គ្រប់ទិសទី ពិសេស​នៅ​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី​មិន្ទិញ​នៅមុខ​ព្រះបរមរាជវាំង​ និង​តំបន់​ជុំវិញ​ ក្រោយពី​បានធ្វើ​ការតុបតែង​លម្អ​ភ្លើង​បំភ្លឺ ជួសជុល​សួនច្បារ​មាត់ទន្លេ​រួចរាល់​។​

ការរៀបចំ​តុបតែង​ដោយ​ភាព​យកចិត្តទុកដាក់​ខ្ពស់​នេះ ​ធ្វើឡើង​ដើម្បី​ស្វាគមន៍​បុណ្យ​ឯករាជ្យ​ជាតិ០​៩​វិច្ឆិកា​ ខួប​លើក​ទី​៦៥​ ថ្ងៃទី​០៩​វិច្ឆិកា ​និង​បុណ្យអុំទូក​ដែល​នឹង​ចូល​មកដល់​នៅ​ថ្ងៃ​ទី​២១ ​ដល់ទី​២៣​ខែ​វិច្ឆិកា​ខាងមុខនេះ​។​

ពាក់ព័ន្ធ​នឹង​ការងារ​ខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្ដើម​អនុវត្ត​ដោយ​ធ្វើការ​តុបតែង​ភ្លើង​រំយោល​តាម​ដើមឈើ​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​វិមានឯករាជ្យ​ដល់​រង្វង់​មូល​រមណីយដ្ឋាន​វត្តភ្នំ និង​តុបតែង​ភ្លើង​ហ្វា LED នៅ​ដើម​ស្លា​យក្ស​នៅ​តាម​មាត់ទន្លេ ដើម្បី​ត្រៀម​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។​

មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​បាន​អះអាង​ថា​ មកដល់​ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ដាក់​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​ការពារ​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ដើរលេង​កម្សាន្ត ក្នុង​ឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​០៩​វិច្ឆិកា​ ខួប​លើក​ទី​៦៥ ​និង​បុណ្យ​ទូក អក​អំបុក និង​សំពះ​ព្រះ​ខែ​ដែល​ជា​បុណ្យប្រពៃណី​នៅពេល​ខាងមុខនេះ​៕​