ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខណ្ឌ​ ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​ផ្សារ​នាគ​មាស ខណៈ​អាជីវករ​រំ​លាភ​យ៉ាង​អនាធិបតេយ្យ​

ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ទួលគោក​ ដឹកនាំ​ដោយ​ លោក​ ឯក ឃុន​ដឿ​ន​ ជា​អភិបាលខណ្ឌ​ខណ្ឌ​កាលពី​រសៀល​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បាន​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាប​បណ្ដា​ផ្លូវ​ជុំវិញ​ផ្សារ​នាគ​មាស ​ពិសេស​ផ្លូវ​លេខ​៣៣៩ ​និង​ផ្លូវ​លេខ​២៣៤ ក្រោយពី​ក្រុម​អាជីវករ​រំលោភ​យក​ធ្វើជា​កន្លែង​ដាក់​តាំង និង​ស្តុក​ទំនិញ​យ៉ាង​អនាធិបតេយ្យ មិនអាច​ធ្វើ​ចរាចរ​ឆ្លង​កាត់​បាន​។​

ផ្លូវ​ទាំងពីរ​ខ្សែ​នេះ បើទោះបី​កន្លងមក​អាជ្ញាធរ​ខណ្ឌ​ខិតខំ​ធ្វើការ​រៀបចំ និង​ពន្យល់​ណែនាំ​ដល់​អាជីវករ​ជា​ច្រើនលើកច្រើនសា​យ៉ាង​ណា​ក៏ដោយ ក៏​នៅតែ​ដដែល ប្រៀប​បាន​នឹង​ការ​វែក​ចក​អញ្ចឹង​ដែរ ពោល​គឺ​ពេល​សមត្ថកិច្ច ​និង​អាជ្ញាធរ​ចុះ​រៀបចំ​ស្អាត បាន​បន្តិច​ទៅ តែ​នៅ​ពេល​អាជ្ញាធរ​ដក​កម្លាំង​ចេញ មកវិញ​ដដែល។​

ទំនិញ ដែល​ភាគច្រើន​លើសលប់​ជា​កសិផល បន្លែ ផ្លែឈើ ត្រូវបាន​ក្រុម​អាជីវករ​ដាក់​លក់​ពេញ​លើ​ទ្រូងផ្លូវ​តែម្ដង​។

​ជាងនេះទៀត​នោះ ​គឺ​រថយន្ត​ធំៗ​ដឹកទំនិញ​មកពី​តាម​បណ្ដា​ខេត្ត​ និង​ប្រទេស​វៀតណាម​ ចូលមក​ចត​លើកដាក់​ទំនិញ​ដោយ​មិន​ខ្វល់​នឹង​ការ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សាធារណៈ​ឡើយ ពិសេស​ផ្លូវ​ម៉ៅ​សេទុង​ ក៏​ត្រូវ​បាន​រំលោភបំពាន​នៅ​ពេល​សមត្ថកិច្ច​ដក​កម្លាំង​ចេញ​ផងដែរ​។​

គួរ​បញ្ជាក់​ថា នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក​កាលពី​ថ្ងៃ​ទី​០៧​វិច្ឆិកា​កន្លង​មក​នេះ​ លោក ​ឯក ឃុន​ដឿ​ន​ បាន​ដាស់តឿន​ឲ្យ​សមត្ថកិច្ច​ទាំង​ថ្នាក់​ខណ្ឌ និង​សង្កាត់ ​ត្រូវ​យកចិត្ត​ទុក​ដាក់​គ្រប់​ពេល ពី​បញ្ហា​សណ្ដាប់ធ្នាប់ និង​រថយន្ត​ដឹកទំនិញ​នៅ​ផ្សារ​នាគ​មាស ​និង​ផ្សារ​ដើម​គ​ ដោយ​ហាម​ដាច់ខាត​មិន​ឲ្យ​មាន​នោះ​ទេ ត្រូវ​ចាប់​ផាក​ពិន័យ​ទៅតាម​ផ្លូវច្បាប់​៕