ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​មូលដ្ឋាន ​ចុះ​បញ្ឈប់​ការ​ជីក​ដី​ភ្នំ​លក់ ​នៅ​ភ្នំ​ទ្រ​យោង និង​ឃាត់ខ្លួន​ម្ចាស់​ម៉ៃខូ​១​នាក់​

​បន្ទាយមានជ័យ ៖ លោក​ឧត្ដមសេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បន្ទាយមាន​ជ័យ​បាន​ប្រាប់​អ្នកយកព័ត៌មាន​ឲ្យ​ដឹង​ថា ​ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​នាយ​ឧត្ដមសេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កង​យោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​បាន​ឲ្យ​កម្លាំង​អាវុធហត្ថ​ទូទាំង​ប្រទេស​ត្រូវ​ចុះ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដូច​ជា ការ​កាប់​ព្រៃឈើ​ខុសច្បាប់ កាប់​រានទន្ទ្រាន​យក​ដី​រដ្ឋ កាយ​ដី​ភ្នំ​លក់​ដោយ​ខុសច្បាប់​ រុករក​រ៉ែ​ខុស​ច្បាប់ ចាប់ ឬ​នាំ​សត្វព្រៃ​ខុសច្បាប់ និង​បទល្មើស​នេសាទ​ខុសច្បាប់​ជាដើម​នៅ​តាម​ខេត្ត​ឲ្យ​អស់​។

ក្នុងនោះដែរ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​ លោក​បាន​បញ្ជា​ឲ្យ លោក​វរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បាន​ដឹកនាំ​កម្លាំង​មូលដ្ឋាន​កងរាជ​អាវុធ​ហត្ថ​ស្រុក​ព្រះនេត្រព្រះ​មួយ​ក្រុម​ ចុះ​ធ្វើការ​ហាមឃាត់ និង​បញ្ឈប់​ការ​ជីក​កកាយ​ដីភ្នំ​ដោយ​ខុស​ច្បាប់ នៅ​ចំណុច​ភ្នំ​ទ្រ​យោង ស្ថិតនៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមាន​ជ័យ​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ចំនួន​១​នាក់​មានឈ្មោះ សឿ​ម សំបូរ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ​រស់នៅ​ភូមិ​ទ្រ​យោង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ​ជា​ឈ្មួញ​ធំ​ពូកែ​ខាង​លួច​កាយ​ដីភ្នំ​យក​ទៅ​លក់​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ស្ទើរ​រាប​ដល់​ដី​។​

ព្រមទាំង​ដកហូត​វត្ថុតាង​រួមមាន អេស្កាវ៉ាទ័រ​ចំនួន​១​គ្រឿង រីឯ​ម្ចាស់​អេស្កាវ៉ាទ័រ ដែល​បាន​បង្កហេតុ​ធ្វើ​ឲ្យ​អ្នក​បើក​រថយន្ត​ដឹក​ដី​ម្នាក់​ស្លាប់​នៅ​ការដ្ឋាន​រយៈពេល​កន្លងមក អាច​ត្រូវ​ចោទ​បន្ថែម​ពី​បទ ធ្វេស​ប្រហែស​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់។

ក្នុងករណីខាងលើនេះដែរ កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕