ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ជុំ​ចុងក្រោយ ៖ ឡៅ ចិ​ត្រា ជួប​យ៉​ត ប៉ា​យ៉ាក់ ឯ ព្រឿង សុជាតិ ជួប ណាំ​ផេ​ត

អ្នក​ប្រដាល់​ជើង​ខ្លាំង ​ឡៅ ចិ​ត្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​យ៉​ត​ផា​យ៉ាក ក​.​អេ​ឌិ​សន​(Yodpayak Kor.Adisorn) ហើយ​ ព្រឿង សុជាតិ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ឡាវ​ ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត (Nampetch Chhor.Champaion) នា​យប់​ថ្ងៃអាទិត្យ​ ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ លើ​សង្វៀន​ខា​រ៉ា​បាវ​បាយ័ន​ស្ទឹងមានជ័យ។

ពួកគេ​ទាំង​៤​នេះ ជួបគ្នា​សម្រាប់​ការប្រកួត​ជម្រុះ​ជុំ​ចុងក្រោយ នៃ​ការប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ​រដូវ​កាល​ទី​៥ ទម្ងន់​៦០​គីឡូក្រាម ដោយ​លើកលែងតែ​យ៉​ត​ផា​យ៉ាក ប៉ុណ្ណោះ ជា​ការ​ប្រកួត​ជុំ​ទី​៣​សម្រាប់​គេ​។​

ឡៅ ចិ​ត្រា អ្នក​ប្រដាល់​វ័យក្មេង​កម្ពុជា និង យ៉​ត​ផា​យ៉ាក អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​ជួបគ្នា​ម្តង​ហើយ កាលពី​ថ្ងៃទី​១៨ ខែ​សីហា​ ឆ្នាំ​២០១៨​កន្លងមក ដែល​ក្នុងការ​ជួបគ្នា​នោះ ឡៅ ចិ​ត្រា​ គេ​ឈ្នះ ​យ៉​ត​ផា​យ៉ាក​ដោយ​ពិន្ទុ។ ឆ្លងកាត់​៣​ជុំ​កន្លងមកនេះ ឡៅ ចិ​ត្រា គេ​វាយ​ឈ្នះ​ទាំង​៣​ជុំ បាន​៩​ពិន្ទុ ឯ យ៉​ត​ផា​យ៉ាក គេ​ទើប​ប្រកួត​បាន​ពីរលើក​ប៉ុណ្ណោះ ដោយ​បាន​៤​ពិន្ទុ គឺ​ឈ្នះ​១​ចាញ់​១​ប្រកួត។​

យ៉​ត​ផា​យ៉ាក អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ប៉ុន្មាន​ដង​ហើយ​កន្លងមក ដោយ​គេ​វាយ​ខ្លាំង​គួរសម​ដែរ។ ការជួប​ឡៅ ចិ​ត្រា​ លើក​នេះ ជា​លើក​ទី​២​របស់​ យ៉​ត​ផា​យ៉ាក ​ហើយ ដែល​ការ​ជួប​នេះ មិនដឹងថា​អ្នកណា​ឈ្នះ អ្នកណា​ចាញ់ នោះទេ?។

យ៉ាងណា ឡៅ ចិ​ត្រា មិនអាច​មើលស្រាល យ៉​ត​ផា​យ៉ាក នោះ​ឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ គេ​មិន​ជា​ខ្សោយ​ប៉ុន្មាន​ឡើយ។

ឡៅ ចិ​ត្រា ជា​អ្នក​ប្រដាល់​វ័យក្មេង ដែល​ខ្លាំងជាងគេ​ក្នុងចំណោម​អ្នក​ប្រដាល់​កម្ពុជា​ដែល​មាន​វ័យ​ក្មេង ​និង​ទម្ងន់​ដូចគ្នា​នោះ ហើយ​យ៉ាងណា​ ឡៅ ចិ​ត្រា គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។

និយាយ​ជារួម ចិ​ត្រា ទាំង​បទពិសោធន៍ ទាំង​ស្នៀត​ប្រដាល់ ល្បិចកល​និង​កាយសម្បទា សុទ្ធតែ​ល្អ​និង​ខ្លាំង ដែល​អាច​ទុកចិត្តបាន​ថា អាច​យកឈ្នះ​លើ​អ្នក​ប្រដាល់​ ថៃ​យ៉​ត​ផា​យ៉ាក បាន​ម្តង​ទៀត​មិន​ខាន។

យ៉​ត​ផា​យ៉ាក ក៏​ជា​អ្នក​ប្រដាល់​ថៃ​ម្នាក់​ដែល​ខ្លាំង​ដែរ។ គេ​មាន​ប្រវត្តិ​ប្រកួត​លើ​រេញ​ច្រើន​ក្រាស់ក្រែល​ហើយ។ ចាំមើល យ៉​ត​ផា​យ៉ាក គេ​អាច​យកឈ្នះ ឡៅ ចិ​ត្រា បានដែរ​ឬ​អត់ នៅ​ក្នុង​ជម្រុះ​លើក​ទី​៣​របស់គេ​នេះ?។​

ចំណែក ព្រឿង សុជាតិ និង ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត វិញ ពួកគេ​ពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក​។​ ក្នុងជំនួប​លើក​នេះ ព្រឿង សុជាតិ គ្រាន់តែ​ប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ព្រោះ​បើទោះជា​ឈ្នះ ក៏​ពុំបាន​ឡើងទៅ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ។​

ឆ្លងកាត់​៣​ជុំ​កន្លងមកនេះ ព្រឿង សុជាតិ គេ​បានតែ​៣​ពិន្ទុ​ប៉ុណ្ណោះ ដោយ​វាយ​ចាញ់ ទាំង​៣​ប្រកួត ហើយ​ចំណែក​ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត វិញ គេ​មាន​៥​ពិន្ទុ ដោយ​វាយ​ឈ្នះ​១ ចាញ់​២​ប្រកួត ក្នុងការ​ប្រកួត​៣​ជុំ​ដូចគ្នា ។​

ព្រឿង សុជាតិ កាលពី​ប្រកួត​ក្នុង​ជុំ​ទី​៣ គេ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ នុត ករ ក្នុង​ទឹក​ទី​១ ហើយ​ចំណែក​អ្នក​ប្រដាល់​ឡាវ​ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត វិញ គេ​ក៏​វាយ​ចាញ់​ដែរ គឺ​ចាញ់ អ្នក​ប្រដាល់​កម្ពុជា​ឡៅ ចិ​ត្រា ក្នុង​ទឹក​ទី​៣ ។

ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត ដែលជា​គូ​របស់ ​ព្រឿង សុជាតិ នេះ គេ​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​ប៉ុន្មាន​ដង​ដែរ​ហើយ​ពីមុនមក។ អ្នក​ប្រដាល់​ឡាវ​រូបនេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម​ប្រចាំ​នៅ​ស្រុក​ឡាវ។ ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត គេ​ត្រូវការ​ឈ្នះ​សម្រាប់​ការប្រកួត​លើកចុងក្រោយ​នេះ ប៉ុន្តែ​មិនដឹងថា អ្នកណា​ជា​អ្នក​ជួប​សំណាងល្អ​ទទួលបាន​៣​ពិន្ទុ​នោះឡើយ​រវាង ​ព្រឿង សុជាតិ​ និង​ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត ​នេះ? ៕