ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ ​កម្ពុជា​ ប្រារព្ធ​ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា​ ខួប​លើក​ទី​៦៥ឆ្នាំ​ ដោយ​មាន​មហាជន​ចូលរួម​ជិត​៣​ម៉ឺន​នាក់

ភ្នំពេញ​ ៖​ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា ខួប​លើក​ទី ៦៥ នៅ​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​យ៉ាង​អធិកអធម ជាង​បណ្តា​ឆ្នាំមុនៗ ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា និង ដោយមាន​ការចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​ពី​ស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល។

ប្រទេស​កម្ពុជា​បានទទួល​ឯករាជ្យ​ពេញ​បរិបូណ៌​ពី​នឹម​អាណានិគមនិយម​បារាំង​នៅ​ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ក្រោម​ព្រះរាជបូជនីយកិច្ច​របស់​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដិ។ នៅ​ឆ្នាំនេះ ពី​ធី​បុណ្យ​ឯករាជ្យ​ជាតិ ​ត្រូវបាន​ប្រារព្ធ​ឡើង​ដោយមាន​ព្រះរាជ​ពិធី​ប្រទាន​ភ្លើង​ជ័យ​នៅ​វិមានឯករាជ្យ និង មានការ​ប្រារព្ធ​ម​ន្ទិ​ញ​អបអរសាទរ​នៅមុខ​ព្រះ​បរម​រាជវាំង​ផងដែរ។

តាម​កម្មវិធី​គ្រោងទុក​នៅ​ម៉ោង ៦ ព្រឹក​នេះ មានការ​ជួបជុំ​មហាជន ហើយ​នៅ​ម៉ោង​៦៖២០ នាទី សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល ព្រះ​វង្សានុវង្ស រួមជាមួយ​បណ្តា​អង្គទូត​នៃ​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា​អញ្ជើញ​ដល់។ បន្ទាប់មក​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ ,​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ,​សម្តេច​ពញ្ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បាន​អញ្ជើញ​ដល់​វិមានឯករាជ្យ​ជា​បន្តបន្ទាប់​គ្នា ហើយ​នៅ​ម៉ោង ៧ ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តេចយាង​ដល់។​

ពិធី​ប្រទាន​ភ្លើង​ជ័យ​ចាប់ផ្តើម​ដោយ​ព្រះមហាក្សត្រ បន្ទាប់មក​អញ្ជើញ​ដង្ហែ​ព្រះរាជដំណើរ​ដោយ​សម្តេច​វិបុល​សេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ,​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ,​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​សម្តេច​ក្រឡាហោម ស ខេង ឧ​ប នាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ,​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គ​មេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ស្តេចយាង​ប្រទាន​កម្រងផ្កា និង គោរព​វិញ្ញាណក្ខន្ធ និង ប្រទាន​ភ្លើង​ជ័យ។

បន្ទាប់មក​ស្តេចយាង​ជា​ព្រះរាជអធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់បំផុត​ក្នុង​ពិធី​ម​ន្ទិ​ញ​មហាជន​នៅមុខ​ព្រះបរមរាជវាំង អម​ព្រះរាជដំណើរ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ។​

នៅ​ម៉ោង ៨៖៣០ នាទី​អង្គ​ម​ន្ទិ​ញ​ចាប់ផ្តើម ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ថ្លែង​សុន្ទរកថា អមដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ។​

បន្ទាប់មក​គឺជា​ព្រះរាជ​សង្កថា​របស់​ព្រះករុណា សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ពី​ធី​ម​ន្ទិ​ញ​បញ្ចប់​ដោយ​ការលែង​ព្រាប និង បង្ហោះ​ប៉ោង​ប៉ោង ។​



នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ។ តាម​កម្មវិធី​កម្លាំង​មហាជន​និង​កងកម្លាំងប្រដាប់អាវុធ​ដែល​ចូលរួម​នៅ​វិមានឯករាជ្យ​មាន​ចំនួន​១៣.៩៥០​នាក់ ​និង​នៅមុខ​ព្រះបរមរាជវាំង​មាន​ចំនួន​១២.៣០០​នាក់​។ ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើឱ្យ​ម្ចាស់​អាជីវកម្ម កំពង់ផែ ផែបណ្ដែត​ទឹក ទូក ក្បូន កាណូត កាណូត​ទេសចរណ៍ និង​ផល​យាន​គ្រប់​ប្រភេទ​ទាំងអស់ ផ្អាក​ការធ្វើ​ចរាចរណ៍​នៅតាម​ដង​ទន្លេសាប និង ទន្លេចតុមុខ ចាប់​ពីមុខ​ផ្សារ​រាត្រី ដល់​ព្រំប្រទល់​ទីក្រុង​កោះ​ពេជ្រ នា​ថ្ងៃទី​៩​ខែវិច្ឆិកា ចាប់ពី​ម៉ោង ០៥:០០ ទៀបភ្លឺ រហូតដល់​ម៉ោង ១២:០០​ថ្ងៃត្រង់​។ សាលា​រាជធានី​ភ្នំពេញ ហាម​សាធារណៈជន​បង្ហោះ​ដ្រូ​ន នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី មុខ​ព្រះបរមរាជវាំង វិមានឯករាជ្យ និង​តាម​បណ្ដោយ​ផ្លូវ​សុធារស​។​ ​ ​ ​ ​ ​

នៅ​ថ្ងៃទី ៩ ខែ វិច្ឆិកា ជា​រៀងរាល់ឆ្នាំ​រាជរដ្ឋាភិបាល​កម្ពុជា​តែ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ដើម្បី​រំលឹក​ឡើងវិញ​នូវ​ព្រះរាជបូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពេញលេញ​ពី​បារាំង​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ អតីតព្រះមហាក្សត្រ​ខ្មែរ។ បារាំង​បានធ្វើ​អាណាព្យាបាល​លើ​ប្រទេស​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៨៦៣ ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​ ​​ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចងចាំ​ថ្ងៃ ៩ វិច្ឆិកា ជា​ប្រវត្តិសាស្ត្រ និង គុណូបការៈ​ដ៏​ថ្លៃថ្លា​និង វីរភាព​ដ៏​អង់អាច​ក្លាហាន​នៃ​ព្រះករុណា​ព្រះមហា​វីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ​សម្តេចព្រះ​ន​រោ​ត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​ខិតខំ​លះបង់​អស់​ព្រះកាយពល​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត តស៊ូ​ទាមទារ​ឯករាជ្យភាព​ជូន​ជាតិ មាតុភូមិ​កម្ពុជា​ពី​បារាំង​សេស​ដែល​បានធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលបាន​ឯកភាព​ទឹកដី សេរីភាព ឯករាជ្យ ពេញបរិបូរណ៍​រហូត​ដល់​សព្វថ្ងៃនេះ ។ ​

ដើម្បី​រំលឹក​ដល់​គុណូបការៈ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​មិ​ន្ទិ​ញ​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ ជា​រៀងរាល់ឆ្នាំ​ដោយ​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

គួររំលឹកថា ក្រោម​ព្រះរាជ​បូជនីយកិច្ច និង​ព្រះរាជ​បេសកកម្ម​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ​ន​រោ​ត្ដម សីហនុ នៅក្នុង​ឆ្នាំ​១៩៥២ ក៏ប៉ុន្តែ ឯករាជ្យ​នោះ​នៅ​ពុំទាន់​ពេញលេញ​នៅឡើយ​ទេ ទើប​នៅក្នុង​ឆ្នាំ ១៩៥២ ដដែល​នោះ​ចលនា​រាជបូជនីយកិច្ច ដើម្បី​ឯករាជ្យ​ពេញទី​នៃ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ដោយ​ស្នា​ព្រះ​ហត្ថ​របស់​ព្រះអង្គ​ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល​បាន​គាំទ្រ និង អបអរសាទរ​យ៉ាងខ្លាំង​ដោយមាន​ចលនា​ជីវពល​នារីក្លាហាន​មក​រួមរស់​ជាមួយ​ព្រះអង្គ ក្នុង​តំបន់​រំដោះ​ខេត្ដ​កំពង់ធំ ខេត្ដ​បាត់ដំបង​។​ ​បារាំង ដោយ​ឃើញថា ខ្លួន​អាច​ជួបប្រទះ​នូវ​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែ​ម ទៅលើ​ការលំបាក​បំផុត​លើ​វិស័យ​សង្គ្រាម​នៅ បៀ​ន​ឌៀ​ន​ភូ (​វៀតណាម​ខាងជើង​) នោះ បារាំង​ក៏បាន​សុខ​ចិ​ត្ដ​ធ្វើកា​ផ្ទេរ​ថ្វាយ ព្រះមហាក្សត្រ ព្រះរាជាណាចក្រ​កម្ពុជា យើង​នូវ​អំណាច និង​សមត្ថកិច្ច លើ​វិស័យ​ណា​ដែល​ខ្លួន​មិនទាន់បាន​ផ្ទេរ​មក​ជូន​កម្ពុជា​ទាំងស្រុង ។ ​ ​ ​ ​ ​ ​ ​


​លោក រី​ច​ស្ដេ​រូ​ស៊ី តំណាង​ប្រទេស​បារាំង និង សម្ដេច ប៉ែន នុត តំណាង​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ឥស្សរជន និង​ជំនាញ​ការសំខាន់​បានធ្វើ​ការចរចា​នៅ​ទីក្រុង​ភ្នំពេញ រហូតដល់​ថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ទើប បាន​លទ្ធផល​ជោគជ័យ​ហើយ​នៅថ្ងៃនោះ​លោក​អគ្គមេបញ្ជាការ អគ្គសេនាធិការ ព្រមទាំង​កងទ័ពជើងគោក ជើង​ទឹក ជើង​អាកាស និង​សហភាព​បារាំង បាន​ថ្វាយបង្គំ​លា ព្រះករុណា ព្រះ​ន​រោ​ត្ដម​សីហនុ​ព្រះមហា​វិ​រ​ក្សត្រ ហើយ​បាន​ចាកចេញ​ដោយ​មិន​វិល​ត្រឡប់មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ឡើយ ដូច្នេះ​ចាប់ពី​ថ្ងៃទី ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ឋានៈ​ស្មើ នឹង​សាធារណរដ្ឋ​បារាំង គឺ មាន​ឋានៈ​ជា​រដ្ឋ​ឯករាជ្យ​ពេញបរិបូរណ៍​។​ ​


​ភ្លើង​ជ័យ​នៅ​វិមានឯករាជ្យ​ត្រូវ​រក្សាទុក​រយៈពេល​៣​ថ្ងៃ រហូតដល់​រសៀល​ថ្ងៃទី​១១​វិច្ឆិកា ឆ្នាំ​២០១៨ ទើប​មាន​ព្រះ​រាជពិធី​ពន្លត់ភ្លើង​ជ័យ​ដោយ​កម្មវិធី​ចាប់ពី​ម៉ោង ៣ និង ៣០ នាទី រសៀល​ដោយមាន​មហាជន និង ថ្នាក់ដឹកនាំ​កំពូល ៗ ព្រមទាំង​មន្ត្រីរាជការ​គ្រប់​ជាន់​ថ្នាក់ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះមហាក្សត្រ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅក្នុង​រយៈពេល ៣ ថ្ងៃនេះ​ក៏មាន​ពិធី​បាញ់​កាំ​ជ្រួត​អបអរសាទរ​ផងដែរ​។​នៅ​ជុំវិញ​វិមានឯករាជ្យ​ក៏មាន​ការរៀបចំ​តាំង​ព្រះ​ឆាយា​លក្ខណ៍​របស់​សម្តេចព្រះ នរោត្តម សីហនុ នៅមុខ​ព្រះបរមរាជវាំង និង នៅមុខ​ស្ថាប័ន​ក្រសួង​មន្ទីរ​ផងដែរ ។ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ដឹកនាំ​ចលនា​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​បារាំង ហើយ​ត្រូវ​បានប្រកាស នៅ​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣ ៕

​ ​ ​ ​ ​ ​ ​ ​ ​ ​

​