ព័ត៍មានទាន់​ហេតុការណ៏
Search

លួច​មើល​មុខ​ច្រើនដង​ពេក តាម​កាប់​ស្ទើរ​ផុង​លលាដ៍ក្បាល​

​កំពង់ចាម ៖ ព្រោះតែ​ខឹង​នឹង​គេ​មើល​មុខ​ច្រើនដង​ពេក​ ក៏​ក្លាយជា​អំពើ​ហិង្សា​ដោយ​ចេតនា​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៨ ​ខែ​វិច្ឆិកា ​ឆ្នាំ២០១៨ វេលា​ម៉ោង១៤​និង​៤៥​នាទី​ នៅចំណុច​រោង​កាហ្វេ ឈ្មោះ​យ៉ាន់ វ​ណ្ណះ​ ភេទ​ប្រុស​ អាយុ៤៧​ឆ្នាំ ​នៅ​ភូមិ​ទួល​ចំបក់ ឃុំ​បារាយ​ ​ស្រុក​ព្រៃឈរ ​ខេត្ត​កំពង់ចាម​។​

ជន​បង្ក​មាន ឈ្មោះ ​រ៉ា​ន់ សុខា​រិ​ទ្ធិ​ ភេទ​ប្រុស អាយុ​៣០ឆ្នាំ ​នៅ​ភូមិ​ទួល​ចំបក់ ឃុំ​បារាយ​ ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដោយ​បាន​យក​កាំបិតបុ័ងតោ​របស់​ម្ចាស់​ហាង​លក់​កាហ្វេ កាប់​លើ​ឈ្មោះ អ៊ឹង ចិន្ដា ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ឃុំ​ស្រុក​ជាមួយគ្នា ត្រូវ​ចំក្បាល​ពីក្រោយ​ផ្នែក​ខាងឆ្វេង​ចំនួន​០១​កន្លែង​និង​ឆ្អឹងជំនី​ខាងស្ដាំ​១​កន្លែង​ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ ហើយ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរ​ស្រុក​ព្រៃឈរ​ខេត្ត​កំពង់ចាម​។​

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​កំពុង​អង្គុយ​ផឹក​កាហ្វេ នៅ​ក្នុង​ហាង​លក់​ខាងលើ នៅ​ខណៈ​ដែល​​កំពុង​អង្គុយ​ផឹក​កាហ្វេ​ដោយ​មិន​ដឹង​ខ្លួន ស្រាប់តែ​ឈ្មោះ​ សុខា ​រិ​ទ្ធ ​បានមក​ដល់​ ហើយ​យក​កាំបិតបុ័ងតោ​របស់​ម្ចាស់​ហាង​ដើរ​សំដៅ​ទៅ​ជនរងគ្រោះ​រួច​ក៏​កាប់​ក្បាល​ពីក្រោយ​។​ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជន​បង្ក​នាំមក​អធិការដ្ឋាន​។​

ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​មាន​គំនុំ​ផ្ទាល់ខ្លួន​ ដោយសារ​ខឹង​ជនរងគ្រោះ​ចេះតែ​លួច​មើល​មុខ​ខ្លួន​កន្លងមក​។​

ប៉ូលិស​បាន​បញ្ជាក់​ថា ជនសង្ស័យ ត្រូវ​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​ជំនាញ នាំមក​អធិការដ្ឋាន​នគរ​បាល​ស្រុក​ព្រៃឈរ ធ្វើតេស្ត​រក​សារធាតុ​ញៀន​ឃើញ​ថា វិជ្ជមាន​។​

បច្ចុប្បន្ន​ ជនសង្ស័យ បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ រួម​ទាំង​វត្ថុ​តាង​កាំបិត​ចំនួន០១ ​ដើម្បី​សាកសួរ​កសាង​សំណុំរឿង​តាម​នីតិវិធី​៕